កីឡាអន្តរជាតិ
អន្តរជាតិ
សហព័ន្ធ​និង​លី​គ​អង់គ្លេស ស្នើ​រដ្ឋាភិបាល​ឲ្យ​អ្នកគាំទ្រ​ចូល​កីឡដ្ឋាន​វិញ ដើម្បី​ជួយ​អាជីវកម្ម និង​សេដ្ឋកិច្ច​
07, Oct 2020 , 3:05 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស (FA) និង​លី​គ បាន​ជំរុញ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​វិលត្រឡប់​ទៅ​កីឡដ្ឋាន​វិញ​ដោយ​ធានា​សុវត្ថិភាព​ពួកគេ។ ការ​វិលត្រឡប់​របស់​អ្នកគាំទ្រ​ទោះ​ក្នុង​ចំនួន​តិច​ក៏ដោយ ​អាចជួយ​ជីវភាព​រស់នៅ និង​អាជីវកម្ម​ក្នុង​តំបន់ រួមទាំង​សេដ្ឋកិច្ចជាតិ​ផង​។​



 
​ដំបូង​ឡើយ រដ្ឋាភិបាល​អង់គ្លេស​ស​ង្ឃឹ​ម​ថា នឹង​អនុញ្ញាត​ឲ្យ​មានការ​ត្រឡប់​ទៅវិញ​សម្រាប់​អ្នកគាំទ្រ​ក្នុង​ចំនួន​ពី ២៥ ទៅ ៣៣​ភាគរយ គិត​ចាប់ពី​ថ្ងៃទី​១ ខែតុលា​តទៅ​។ ប៉ុន្តែ​កាលពី​ខែ​មុន​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson បែ​ជា​អះអាងថា ផែនការ​ទាំងនេះ​ត្រូវ​រក្សាទុក​សិន ដើម្បី​ការពារ​ការរីក​រាលដាល​នៃ​ជំងឺ COVID-19 ។​
 
​លោក Mark Bullingham ប្រធាន FA និង លោក Richard Masters នាយក​ប្រតិបត្តិ​ក្របខណ្ឌ Premier League រួមជាមួយ​ប្រធាន​កីឡាបាល់ទាត់​ស្ត្រី Kelly Simmons និង​ប្រធាន EFL លោក David Baldwin បានប្រកាស​ពី​ការធ្វើការ​រួមគ្នា ដើម្បី​ធ្វើ​ឲ្យ​កីឡដ្ឋាន​មាន​សុវត្ថិភាព​សម្រាប់​ការ​ត្រឡប់មកវិញ​របស់​អ្នកគាំទ្រ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​លិខិត​របស់​ប្រធាន​កីឡាបាល់ទាត់​ខាងលើ បានសរសេរថា​៖ «​ជាមួយគ្នានេះ EFL, Premier League, Super League និង Championship ស្ត្រី បានរៀបចំ​ព្រឹត្តិការណ៍​សាកល្បង​ចំនួន​១១ ដែល​ទទួលបាន​ជោគជ័យ​នាពេល​ថ្មីៗ​នេះ ហើយ​យើង​បានបង្ហាញ​ថា​យើង​អាចដឹកនាំ​ការប្រកួត​ដោយ​សុវត្ថិភាព​។ ឆាប់ៗ​នេះ យើង​អាច​ត្រឡប់​ទៅវិញ ហើយ​យើង​អាច​សម្រួល​ដល់​ការងារ​ក្នុងស្រុក ជីវភាព​រស់នៅ និង​អាជីវកម្ម​ក្នុង​តំបន់ រួម​ទា​មង​សេដ្ឋកិច្ចជាតិ​ផងដែរ​»​។​
 
​ស្របពេល​គ្នា​នេះ អង្គភាព​គ្រប់គ្រង​កីឡាបាល់ទាត់​អង់គ្លេស​ក៏បាន​លើកឡើង​ដែរ​ថា ក្លិប​បានបង្ហាញ​រួច​ហើយពី​វិធានការ​សុវត្ថិភាព​ទាំងអស់​របស់​ពួកគេ សម្រាប់​ការវិលត្រឡប់​របស់​អ្នកគាំទ្រ​។ មួយវិញទៀត FA នៅតែ​បើកចំហ​ដើម្បី​ទទួលយក​ការច្នៃប្រឌិត​ថ្មី​នៃ​គម្រោង​សាកល្បង​ក្នុង​ការរៀបចំ​កីឡដ្ឋាន​ឲ្យ​កាន់​តែមាន​សុវត្ថិភាព​។ ដូច្នេះ​នេះ​ជា​ពេល​ដ៏​សមរម្យ​សម្រាប់​ការអនុញ្ញាត​ឲ្យ​មាន​អ្នកគាំទ្រ​ឡើងវិញ​ដោយ​រក្សា​គម្លាត​សុ​វត្តិភាព​។​
 
​ក្រុម​អ្នកគាំទ្រ ត្រូវបាន​ហាម​មិន​ឲ្យ​ចូល​កីឡដ្ឋាន ចាប់តាំងពី​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ត្រឡប់​ចូល​ការប្រកួត​វិញ​នៅ​ខែមិថុនា​កន្លងមក ក្រោយ​ផ្អាក​ដោយសារ COVID-19 នា​ខែ​មិនា ឆ្នាំ​២០២០៕
 

Tag:
 FA
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com