អន្តរជាតិ
លោក ប៉ុ​ម​ប៉េ​អូ អំពាវនាវ​ឲ្យ​សម្ព័ន្ធមិត្ត​ទប់ទល់​សកម្មភាព​ចិន​នៅក្នុង​តំបន់​
07, Oct 2020 , 3:39 pm        
រូបភាព
(ពីឆ្វេងទៅស្តាំ) រដ្ឋមន្រ្តីការបរទេសឥណ្ឌា រដ្ឋមន្រ្តីការបរទេសជប៉ុន រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី និងរដ្ឋមន្រ្តីការបរទេសអាមេរិក នៅក្នុងកិច្ចប្រជុំ Quad នៅថ្ងៃទី៦ ខែតុលា។ រូបភាព៖ AFP
(ពីឆ្វេងទៅស្តាំ) រដ្ឋមន្រ្តីការបរទេសឥណ្ឌា រដ្ឋមន្រ្តីការបរទេសជប៉ុន រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី និងរដ្ឋមន្រ្តីការបរទេសអាមេរិក នៅក្នុងកិច្ចប្រជុំ Quad នៅថ្ងៃទី៦ ខែតុលា។ រូបភាព៖ AFP
​ប្រមុខ​ការទូត​អាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ នៅ​ថ្ងៃទី​៦ ខែតុលា បាន​អំពាវនាវ​ឲ្យ​សម្ព័ន្ធមិត្ត​ជប៉ុន អូស្ត្រាលី និង​ឥណ្ឌា ទប់ស្កាត់​សកម្មភាព​កេងចំណេញ អំពើពុករលួយ និង​ការប្រើប្រាស់​កម្លាំង​របស់​ចិន​នៅក្នុង​តំបន់​។

 
​កិច្ចប្រជុំ​សន្ទនា​សន្តិសុខ​៤​ភាគី (Quad) បានចាប់ផ្តើម​ឡើង និង​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃទី​៦ ខែតុលា ដោយមាន​ប្រទេស​ចំនួន​៤ ចូលរួម ក្នុងនោះ​មានដូចជា​អាមេរិក ជប៉ុន ឥណ្ឌា និង​អូ​ស្រា្ត​លី​។ ប្រធានបទ​ចិន គឺ​លើកឡើង​តែ​ភាគី​អាមេរិក​ប៉ុណ្ណោះ ខណៈ​ភាគី​ជប៉ុន ឥណ្ឌា និង​អូស្ត្រាលី មិនបាន​លើក​ពី​ចិន​ចំឡើយ​។ 
 
​ថ្លែង​ក្នុង​កិច្ចប្រជុំ​នាទី​ក្រុង​តូ​ក្យូ​នេះ ប្រមុខ​ការទូត​អាមេរិក បានទាមទារ​ឲ្យ​សម្ព័ន្ធមិត្ត​ទប់ស្កាត់​សកម្មភាព​អុង​អាត់​របស់​ចិន​នៅក្នុង​តំបន់​។ លោក ប៉ុ​ម​ប៉េ​អូ អះអាងថា ពេលនេះ គឺ​សំខាន់​ជាង​ពេលណា​ទាំងអស់ ដែល​តម្រូវ​ឲ្យ​ក្រុម​ប្រទេស Quad សហការ​ជាមួយគ្នា ដើម្បី​ការពារ​ប្រជាជន និង​ប្រទេស​ដៃគូ​ពី​ការ​កេងចំណេញ អំពើពុករលួយ និង​ការប្រើប្រាស់​កម្លាំង​បង្ខំ​របស់​បក្ស​កុម្មុយនីស្ត​ចិន នៅក្នុង​តំបន់​។ 
 
​តំបន់​ដែល​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិ​សំដៅ​នោះ​មាន​សកម្មភាព​របស់​ចិន បាន​កើតឡើង​នៅក្នុង​តំបន់​ជួរ​ភ្នំ​ហិមាល័យ​, ច្រក​សមុទ្រ​តៃវ៉ាន់ និង​សមុទ្រ​ចិន​ខាងត្បូង​ជាដើម​។ ក្រៅពីនេះ​ភូមិសាស្ត្រ​នយោបាយ លោក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ពី​ការ​លាក់បាំង​ព័ត៌មាន​របស់​បក្សកុម្មុយនិស្ត​ចិន​ជុំវិញ​ជំងឺ COVID-19  ផងដែរ​។​
 
​ខុសពី​អាមេរិក អូ​ស្រា្ត​លី មិនបាន​សំដៅទៅ​ចិន​ចំៗ​ឡើយ​។ លោកស្រី Marise Payne រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី បាន​លើកឡើងថា សេចក្តីប្រាថ្នា​សម្រាប់​តំបន់ គឺ​ការដឹកនាំ​ដោយ​ច្បាប់ មិនមែន​អំណាច​ឡើយ​។ ដោយឡែក​ប្រមុខ​ការទូត​ឥណ្ឌា លោក Subrahmanyam Jaishankar ក៏​មិនបាន​រិះគន់​ចិន​ចំឈ្មោះ​ដែរ ដោយ​និយាយថា កិច្ចប្រជុំ​នេះ ជា​សក្ខីភាព​ដ៏​សំខាន់​សម្រាប់​សម្ព័ន្ធមិត្ត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
 
​សម្រាប់​រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក​Toshimitsu Motegi វិញ ក៏​មិនបាន​លើកឡើង​ពី​ចិន​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ដែរ​។ បើតាម​ការបញ្ជា​ក់លោក​Motegi ប្រព័ន្ធ​អន្តរជាតិ​ក្នុងពេល​បច្ចុប្បន្ន ស្ថិត​ក្នុងការ​ប្រឈម​លើ​បញ្ហា​ជាច្រើន ស្របពេល COVID-19 កំពុងតែ​អុកឡុក​។ ការណ៍​នេះ ប្រមុខ​ការទូត​ជប៉ុន បាន​ទទូច​ឲ្យ​ក្រុម​ប្រទេស Quad សហការគ្នា ដើម្បី​ពង្រឹង​ប្រព័ន្ធ​បើកចំហ និង​សេរី​ដែលជា​ប្រព័ន្ធ​អន្តរជាតិ​ដោយ​ផ្នែក​ទៅលើ​ច្បាប់​៕

Tag:
 អាមេរិក​
  ចិន​
  ជប៉ុន​
  ឥណ្ឌា​
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com