COVID-19
អន្តរជាតិ
ចិន ជជែកជាមួយ WHO ដើម្បីវាយតម្លៃវ៉ាក់សាំង COVID-19 របស់ខ្លួនសម្រាប់ការប្រើប្រាស់បន្ទាន់
×
ដោយ៖កង ម៉េងហុង
មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃទី ៦ ខែតុលាថា ចិន និង WHO កំពុងពិភាក្សាគ្នាលើការវាយតម្លៃវ៉ាក់សាំង COVID-19 ដែលផលិតក្នុងស្រុករបស់ខ្លួន។ នេះជាការបោះជំហានឆ្ពោះទៅរកការដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ចិនជាអន្តរជាតិក្រោមលក្ខខណ្ឌបន្ទាន់។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters អ្នកសម្របសម្រួលរបស់ WHO ផ្នែកវេជ្ជសាស្ត្រនិងបច្ចេកវិទ្យាសុខភាពនៅតំបន់ប៉ាស៊ីហ្វិកខាងលិច លោក Socorro Escalate បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃទី៦ ខែតុលាថា ចិនបានពិភាក្សាជំហានបឋមជាមួយ WHO ដើម្បីឲ្យវ៉ាក់សាំងរបស់ខ្លួនមានក្នុងបញ្ជីវ៉ាក់សាំងសម្រាប់ការប្រើប្រាស់បន្ទាន់។
ការមានឈ្មោះក្នុងបញ្ជីប្រើប្រាស់បន្ទាប់របស់ WHO អនុញ្ញាតឲ្យវ៉ាក់សាំង និងវិធីសាស្ត្រព្យាបាលដែលមិនទាន់មានអាជ្ញាបណ្ណ អាចបង្កើនល្បឿនក្នុងការផ្ដល់ឲ្យប្រជាជនទូទៅ។ ត្រង់នេះ លោក Escalate អះអាងថា តាមរយៈបញ្ជីបន្ទាន់នេះ វ៉ាកសាំងដែលមានសក្ដានុពល អាចត្រូវបានវាយតម្លៃតែម្ដង ហើយបន្ទាប់មក អាចត្រូវបានបញ្ជូនចេញតែម្ដង។
គិតមកដល់ពេលនេះ ចិនមានវ៉ាក់សាំងដែលកំពុងពិសោធយ៉ាងតិចចំនួន៤ ដែលឈានដល់ដំណាក់កាលចុងក្រោយនៃការសាកល្បង។ វ៉ាក់សាំងពីរត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន China National Biotec Group (CNBG) ដែលគាំទ្រដោយរដ្ឋាភិបាល ហើយវ៉ាក់សាំងពីរទៀតអភិវឌ្ឍដោយ Sinovac Biotech and CanSino Biologics។ វ៉ាក់សាំងទាំងនេះត្រូវបានធ្វើតេស្តនៅក្នុងប្រទេសដូចជា ប៉ាគីស្ថាន ឥណ្ឌូណេស៊ី ប្រេស៊ីល រុស្ស៊ី និងអារ៉ាប់រួមអេមីរ៉ាត់។
កាលពីខែមុន អារ៉ាប់រួមបានអនុញ្ញាតឲ្យប្រើជាបន្ទាន់វ៉ាក់សាំងរបស់ក្រុមហ៊ុន CNBG ។ នេះជាលើកដំបូងដែលវ៉ាក់សាំង COVID-19 ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់ករណីអាសន្ន។ ជាមួយគ្នានេះផងដែរ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បាននិយាយកាលពីខែមុនថា លោកនឹងផ្តល់អាទិភាពដល់ចិននិងរុស្ស៊ីនៅក្នុងការបញ្ជាទិញវ៉ាក់សាំងរបស់ប្រទេសលោក។
នៅចិន អ្នកធ្វើការក្នុងវិស័យសំខាន់រាប់ពាន់នាក់ និងក្រុមមនុស្សផ្សេងៗទៀតដែលត្រូវបានចាត់ទុកជាអ្នកមានហានិភ័យខ្ពស់ ទទួលបានការផ្តល់វ៉ាក់សាំងដែលអភិវឌ្ឍក្នុងស្រុក។ ខណៈការធ្វើតេស្តមិនទាន់បានបញ្ចប់ពេញលេញ វាបានបង្កើនក្តីបារម្ភពីសុវត្ថិភាពក្នុងចំណោមអ្នកជំនាញផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com