ជាតិ
សង្គមជាតិ
អន្តរជាតិ
អគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី​ចង់ឃើញ កម្ពុជា និង​ឥណ្ឌូណេស៊ី​សហការគ្នា​លើ​ឧស្សាហកម្ម​យោធា​
07, Oct 2020 , 10:29 pm        
រូបភាព
ស្ថានទូតឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជាបានប្រារព្ធខួបលើកទី៧៥ឆ្នាំនៃការបង្កើតកងកម្លាំងការពារជាតិឥណ្ឌណេស៊ីនៅថ្ងៃទី ៥ ខែតុលា (រូបភាព៖ ស្ថានទូតឥណ្ឌូណេស៊ីនៅកម្ពុជា)
ស្ថានទូតឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជាបានប្រារព្ធខួបលើកទី៧៥ឆ្នាំនៃការបង្កើតកងកម្លាំងការពារជាតិឥណ្ឌណេស៊ីនៅថ្ងៃទី ៥ ខែតុលា (រូបភាព៖ ស្ថានទូតឥណ្ឌូណេស៊ីនៅកម្ពុជា)
​ចំណង​សហប្រតិបត្តិ​ការការពា​រ​ជាតិ និង​យោធា​រវាង​ឥណ្ឌូណេស៊ី និង​កម្ពុជា គួរតែមាន​កម្រិត​ខ្ពស់ជាង​បច្ចុប្បន្ន​ពិសេស​គឺ​ផ្តោតលើ​កិច្ចសហការ​លើ​ឧស្សាហកម្ម​យោធា​។ នេះ​ជាការ​លើកឡើង​របស់​អគ្គ​រដ្ឋទូត​ឥណ្ឌូណេស៊ី​ប្រចាំ​នៅ​កម្ពុជា លោក Sudirman Haseng នៅ​ថ្ងៃទី​៥ ខែតុលា​។


​ស្ថានទូត​ឥណ្ឌូណេស៊ី​ប្រចាំ​នៅ​កម្ពុជា​បាន​ប្រារព្ធ​ខួប​លើក​ទី​៧៥​ឆ្នាំ​នៃ​ការបង្កើត​កងកម្លាំង​ការពារជាតិ​ឥ​ណ្ឌ​ណេ​ស៊ី​នៅ​ថ្ងៃទី ៥ ខែតុលា ដោយ​ពិធី​នេះ​ត្រូវធ្វើឡើង​ក្រោម​ប្រធានបទ «​ភាពស៊ីសង្វាក់​គ្នា​ដើម្បី​ប្រជាជាតិ​មួយ​»​។ 
 
​ថ្លែង​ទៅកាន់​ភ្ញៀវកិត្តិយស​ដែល​ចូលរួម​ក្នុង​កម្មវិធី ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ឥណ្ឌូណេស៊ី​ប្រចាំ​នៅ​កម្ពុជា លោក Sudirman Haseng បាន​លើកឡើងថា ថ្វីបើ​ទំនាក់ទំនង​ទ្វេភាគី​ល្អប្រសើរ និង​រឹងមាំ​ទៅហើយ​ក៏ដោយ ទំនាក់ទំនង​ការពារជាតិ និង​យោធា​រវាង​កម្ពុជា និង​ឥណ្ឌូណេស៊ី​គួរតែ​ឈានដល់​កម្រិត​ខ្ពស់ជាង​បច្ចុប្បន្ន​។​
 
​ឯកអគ្គរដ្ឋទូត​រូបនេះ​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ក្នុង​កម្មវិធី​ដ៏​ពិសេស​នេះ ខ្ញុំ​សូម​បង្ហាញ​សេចក្តី​សង្ឃឹមថា ស្របពេល​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ និង​យោធា​រវាង​កម្ពុជា និង​ឥណ្ឌូណេស៊ី មាន​លក្ខណៈ​ល្អ និង​រឹងមាំ ភាគី​ទាំងពីរ គួរ​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ក្នុង​កម្រិត​ខ្ពស់ ដើម្បី​ផលប្រយោជន៍​ទ្វេភាគី​បន្ថែមទៀត សម្រាប់​ពួកយើង​»​។ 
 
​លោក នាង ផាត រដ្ឋលេខាធិការ​ក្រសួងការពារជាតិ ដែល​តំណាង​ឲ្យ​សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​, លោក ឈិន ច័ន្ទ​ពណ៌ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ ក៏មាន​វត្តមាន​ក្នុង​កម្មវិធី​នេះដែរ​។ 
 
​ទាក់ទិន​នឹង​ការពង្រឹង​ទំនាក់ទំនង​យោធា​ទៅកាន់​កម្រិត​ខ្ពស់​នោះ  ឯកអគ្គរដ្ឋទូត​រូបនេះ​ក៏បាន​លើក​ឡើងជា​ចំហ​ថា កម្ពុជា និង​ឥណ្ឌូណេស៊ី​អាច​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ឧស្សាហកម្ម​យោធា​ក៏ដូចជា​ផលិត​សព្វាវុធ​ជាដើម​។ 
 
​អ្នកការទូត​ឥណ្ឌូណេស៊ី​រូបនេះ​បាន​រៀបរាប់​ដូច្នេះ​ថា​៖ «​ឥណ្ឌូណេស៊ី​មាន​ឧស្សាហកម្ម ផលិត​យន្តហោះ​សម្រាប់​ស៊ីវិល និង​យោធា​, រោងចក្រ​សាងសង់​កប៉ាល់ និង​នាវាមុជទឹក​, និង​រោច​ក្រ​យោធា​ផ្សេងទៀត ដែល​អាច​ផលិត​រថពាសដែក កាំភ្លើង​ជាដើម​។ ទាក់ទិន​នឹង​បញ្ហា​នេះ កម្ពុជា​អាច​សហការ​ជាមួយ​ឥណ្ឌូណេស៊ី​លើ​វិស័យ​ទាំង​នោះបាន​»​។ 
 
​លោក Surdirman បាន​បន្តថា ការផ្លាស់ប្តូរ​ទស្សនកិច្ច​យោធា​រវាង​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការពារជាតិ​កម្ពុ​ជា និង​ឥណ្ឌូណេស៊ី​ដើម្បី​ធានា​ពី​ភាពស្និទ្ធស្នាល​នៃ​ចំណងមិត្តភាព​នេះ​។  អ្វីដែល​សំខាន់​នោះ​គឺ ឯកអគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី​រូបនេះ​សង្កត់ធ្ងន់ថា ក្នុង​ទស្សនកិច្ច​នេះ មន្ត្រី និង​កងទ័ព​កងទ័ព​កម្ពុជា​អាច​ទៅ​ទស្សនកិច្ច​រោងចក្រ​ឧស្សាហកម្ម​យោធា​ទាំងនោះ​ដើម្បី​ស្វែងយល់​បន្ថែម​ពី​គុណភាព​និង​សមត្ថភាព​សព្វាវុធ​ផលិត​ដោយ​ឥណ្ឌូណេស៊ី​ផ្ទាល់​។​
 
​តាមពិតទៅ កម្ពុជា និង​ឥណ្ឌូណេស៊ី បានចាប់ផ្តើម​ភ្ជាប់​ទំនាក់ទំនង​ការទូត​ផ្លូវការ​នៅក្នុង​ឆ្នាំ ១៩៥៩​។ ប៉ុន្មាន​ទសវត្សរ៍ ក្រោយ ប្រជាជាតិ​ទាំងពីរ បាន​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​ថែមទៀត ជាពិសេស​លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។ តាម​ទិន្នន័យ​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា នៅក្នុង​ឆ្នាំ​២០១៩ ពាណិជ្ជកម្ម​រវាង​កម្ពុ​ជា និង​ឥណ្ឌូណេស៊ី បាន​កើនឡើង ៤៦ ភាគរយ ដែលមាន​ចំនួន ៧៩២​លាន​ដុល្លារ ខណៈ​ឆ្នាំ​២០១៨ មាន​ចំនួន ៥៤៣​លាន​ដុល្លារ​៕ 
 
 
 

Tag:
 ឥណ្ឌូណេស៊ី​
  កម្ពុជា​
  កិច្ចសហប្រតិបត្តិការ​ការពារជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com