ជាតិ
សម្ដេច ហ៊ុន សែន​៖ កសិករ​ប្រឹង​ដាំ​ដុះ ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​ក្នុងអំឡុង​វិបត្តិ​កូ​វីដ​-១៩
08, Oct 2020 , 7:59 am        
រូបភាព
សម្ដេច ហ៊ុន សែន នាឱកាសចុះពិនិត្យកសិករខេត្តតាកែវ នាពេលកន្លងមក (រូបភាពពី SPM)
សម្ដេច ហ៊ុន សែន នាឱកាសចុះពិនិត្យកសិករខេត្តតាកែវ នាពេលកន្លងមក (រូបភាពពី SPM)
ដោយ:
​ភ្នំពេញ​៖ វិបត្តិ​កូ​វីដ​-១៩ ដែល​បានអូសបន្លាយ​តាំងពី​ដើមឆ្នាំ​២០២០ បាន​ក្លាយជា​ឱកាស​ដ៏​ល្អ​សម្រាប់​វិស័យ​កសិកម្ម​កម្ពុជា បង្ហាញ​សក្តានុពល​រដ្ឋ​របស់ខ្លួន​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នាឱកាស​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត​មួយកន្លែង​នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល កាលពី​ថ្ងៃទី​៧ ខែតុលា​។​

 
​សម្តេច នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា​វិស័យ​កសិកម្ម​កម្ពុជា បាន​កើនឡើង ក្នុងអំឡុង​កូ​វីដ​-១៩ ខណៈដែល​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម បាន​ថយចុះ​នោះ​។ កូ​វីដ​-១៩ បានធ្វើ​ឲ្យ​កសិករ ខំប្រឹង​ប្រឹង​ដាំ​ដុះ បន្លែបង្ការ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​នៅក្នុង​ស្រុក​។ ប្រមុខ​រាជរដ្ឋាភិបាល បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖« «​វិស័យ​កសិកម្ម​មាន​ទំហំ​តូច​ណាស់​។ សម្រាប់​ប្រទេស​អភិវឌ្ឍ វិស័យ​កម្ម​មានតែ​មួយ​ភាគរយ ឬ​ជាង​មួយ​ភាគ ឬ​ក្រោម​មួយ​ភាគរយ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ក្នុងស្ថានភាព​កូ​វីដ​-១៩ ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា ប្រឹង​ដាំ ប្រឹង​ដុះ និង​កាត់បន្ថយ​ការនាំ​ចូល​»​។​
 
​ស្រប​ពេលដែល​ផលិតភាព​វិស័យ​កសិកម្ម​កម្ពុជា កំពុង​កើនឡើង និង​ឈានដល់​ការកាត់បន្ថយ​ការនាំ​ចូល សម្រេច​ហ៊ុន សែន ក៏​រំឭក​កសិករ ឲ្យ​ត្រៀម​រៀបចំខ្លួន​ជាស្រេច ដើម្បី​ចូលរួម​ឲ្យ​បាន​កាន់តែច្រើន​ក្នុង​ការរក្សាសន្តិសុខ​ស្បៀង ដោយ​ត្រូវ​រៀបចំ​ប្រព័ន្ធ​ស្តុក​ទឹក​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់ នៅ​រដូវ​ទឹក​ស្រក​។​
 
​ក្រៅពី​វិស័យ​កសិកម្ម នាយករដ្ឋមន្ត្រី​កម្ពុជា ក៏បាន​លើកឡើង​ពី​ភាព​វិជ្ជមាន​នៃ​វិស័យ​ទេសចរ​ក្នុងស្រុក ក៏ដូចជា​ការបង្ហាញ​សមត្ថភាព​នៅក្នុង​វិស័យ​សុខាភិបាល​ផងដែរ​។ ទេសចរ​ក្នុងស្រុក ជាង​លាន​នាក់ ដែល​ធ្លាប់តែ​ធ្វើដំណើរ​ទេសចរណ៍ ទៅ​ក្រៅប្រទេស បាន​បង្ហែរ​ទិសដៅ​ទេសចរណ៍​របស់ខ្លួន​នៅក្នុង​វិញ​។ ដូចគ្នា​ដែរ នឹង​ផ្នែក​សុខាភិបាល ដែល​ប្រជាពលរដ្ឋ មិនអាច​ធ្វើដំណើរ​ទៅ​ព្យាបាល​នៅក្រៅ​ប្រទេស​ដូច​ពីមុន​នោះ ក៏បាន​ទទួល​ការព្យាបាល​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​នានា​ដែរ​៕
 

Tag:
 កូ​វីដ​-១៩
  សម្តេច ហ៊ុន សែន​
 ​កសិករ​
© រក្សាសិទ្ធិដោយ thmeythmey.com