កីឡាជាតិ
ជាតិ
លោក វ៉ាត់ ចំរើន ព្រមានចាត់វិធានការផ្លូវច្បាប់លើគ្រូ អាថាន់ ដែលគ្រោងប្រើពាក្យ «បុក្កតោ» ជំនួស«ល្បុក្កតោ» លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
× ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ព្រមានចាត់វិធានការផ្លូវច្បាប់លើលោក ឆន ច័ន្ធវីរៈ ហៅគ្រូ អាថាន់ ដែលគ្រោងប្រើពាក្យ«បុក្កតោ»ជំនួសឲ្យពាក្យ«ល្បុក្កតោ»។ លោក ប្រាប់ឲ្យគ្រូបង្វឹករូបនេះ កែប្រែជាបន្ទាន់ បើមិនចង់ប្រឈមមុខផ្លូវច្បាប់។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបង្ហាញប្រតិកម្មយ៉ាងខ្លាំងលើលោក ឆន ច័ន្ទវីរៈ គ្រូបង្វឹកគុនល្បុក្កតោវត្តថាន់ ដែលគ្រោងប្រើប្រាស់ពាក្យ«បុក្កតោ»ជំនួសឲ្យពាក្យ«ល្បុក្កតោ» ដែលបានចុះបញ្ជីជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងត្រៀមចុះបញ្ជីជាសម្បត្តិបេកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការ UNESCO ជាផ្លូវការ។
លើសពីនេះ លោក ព្រមានចាត់វិធានការផ្លូវច្បាប់លើគ្រូបង្វឹកគុនល្បុក្កតោ ដែលមានឈ្មោះក្រៅហៅគ្រូ អាថាន់ រូបនេះទៀតផង បើពុំកែសម្រួលពាក្យពេចន៍របស់ខ្លួន ដែលបានបង្ហោះលើហ្វេសប៊ុកដែលមានឈ្មោះថា«ល្បុក្កតោក្មេងវត្តថាន់»នៅថ្ងៃទី៧ តុលា ឆ្នាំ២០២០។
«សូមឲ្យកែសម្រួលវិញជាបន្ទាន់។ នេះជាវិទ្ធង្សនាវប្បធម៌ និងយុទ្ធគុនអត្តសញ្ញាណជាតិ ព្រលឹងជាតិ ដែលត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះបញ្ញីជាបេតិកភណ្ឌជាតិរួចហើយនូវពាក្យថា ល្បុក្កតោ និងមានកំណត់ត្រាក្នុងវចនានុក្រមសម្តេចសង្ឈជួន ណាត ពិសេសសំណើរដាក់ក្នុងបញ្ជីបេតិកភណ្ឌអរូបី នៃមនុស្សជាតិ UNESCO រួចហើយយ។ គណកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាល្បុក្កតោ នឹងចាត់វិធានការតាមផ្លូវច្បាប់»។ នេះជាការដាស់តឿន និងព្រមានរបស់លោក វ៉ាត់ ចំរើន។
ការប្រតិកម្ម និងព្រមានរបស់អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមរូបនេះ ធ្វើឡើងក្រោយលោក ឆន ច័ន្ទវីរៈ បានសរសេរសារលើហ្វេសប៊ុករៀបរាប់ដូច្នេះថា៖«ជំរាបសួរពុកម៉ែបងប្អូនទាំងក្នុងស្រុក និងក្រៅស្រុក និងកូនសិស្សនៅក្រៅប្រទេស និងក្នុងប្រទេស ដែលបានហាត់រៀនក្បាច់គុនចេញពីខ្ញុំ សូមប្តូរពាក្យ«ល្បុក្កតោ»ទៅជា«បុក្កតោ»។ ខ្ញុំនឹងកែប្រែនៅក្នុងផេក ឡូហ្គោ ហ្វេសប៊ុក យូធូប និងទីកតុក សូមមេត្តាជ្រាបពីខ្ញុំ ឆន ច័ន្ទវីរៈ ហៅលោកគ្រូ អាថាន់»៕
Tag:
ល្បុក្កតោ
វ៉ាត់ ចំរើន
ឆន ច័ន្ទវីរៈ
© រក្សាសិទ្ធិដោយ thmeythmey.com