COVID-19
អន្តរជាតិ
លោក Bill Gates ថា មាន​វ៉ាក់សាំង ប្រទេស​អ្នកមាន​វិល​ទៅ​ស្ថានភាព​ដើម​នៅ​ចុងឆ្នាំ​២០២១
08, Oct 2020 , 8:29 am        
រូបភាព
មហាសេដ្ឋីអាមេរិក Bill Gates។ រូបភាព៖ AFP
មហាសេដ្ឋីអាមេរិក Bill Gates។ រូបភាព៖ AFP
ដោយ:
​មហាសេដ្ឋី​អាមេរិក Bill Gates អះអាងថា ប្រទេស​អ្នកមាន​អាច​នឹង​ត្រឡប់​ទៅ​ស្ថានភាព​រស់នៅ​សឹងតែ​ដូចដើម​វិញ នៅ​ចុងឆ្នាំ​២០២១ បើសិនជា​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 មាន​ប្រសិទ្ធភាព​។ លោក​បន្តថា វ៉ាក់សាំង នឹងត្រូវ​បែងចែក​ក្នុង​បរិមាណ​ដ៏​ច្រើន​បំផុត​។​

 
​បើទោះបីជា​វ៉ាក់សាំង​បង្ហារ​ជំងឺ COVID-19 មិនទាន់​ត្រូវបាន​ផលិត​ក្តី មហាសេដ្ឋី​បច្ចេកវិទ្យា​អាមេរិក Bill Gates អះអាងថា ប្រទេស​អ្នកមាន​អាច​នឹង​ត្រឡប់មក​ការ​រស់​មុនពេល​មាន COVID-19 វិញ​នៅ​ចុងឆ្នាំ​២០២១​។​
 
«​នៅត្រឹម​ចុងឆ្នាំ​ក្រោយ អ្វីៗ​សឹងតែ​ត្រឡប់​ទៅ​ដូច​ធម្មតា​។ នេះ​ជា​ករណី​ល្អ​បំផុត​»​។ លោក Bate បញ្ជាក់​បែបនេះ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​កាសែត Wall Street Journal​។ ប៉ុន្តែ​លោក​បញ្ជាក់ថា ពេលនេះ​ពុំទាន់​មាន​អ្នកណា​ដឹងថា វ៉ាក់សាំង​មានដំណើរ​ការ​នៅឡើយ​ទេ​។ យ៉ាងណា លោក​សង្កត់ធ្ងន់ថា ពេលនេះ គេ​ត្រូវ​បង្កើន​សមត្ថភាព​ក្នុងការ​ចែកចាយ ព្រោះ​ការចែក​ចាយ​វ៉ាក់សាំង​នៅ​អាមេរិក និង​ប្រទេស​ផ្សេង នៅតែ​ជា​បញ្ហា​។​
 
​បច្ចុប្បន្ន​មាន​វ៉ាក់សាំង​ចំនួន​២ របស់​ក្រុមហ៊ុន Pfizer/BioNTech និង AstraZeneca/Oxford ដែល​កំពុង​ប្រកួតប្រជែង​គ្នា ដើម្បី​ទទួលបាន​ការយល់ព្រម​ប្រើប្រាស់​ពី​អាជ្ញាធរ​សុខាភិបាល​នៃ​ប្រទេស​លោកខាងលិច​។ ចំពោះ​វ៉ាក់សាំង​របស់​ចិន និង​រុស្ស៊ី​វិញ មិនទាន់មាន​ការទទួល​ស្គាល់​នៅឡើយ ព្រោះ​ពុំមាន​ការធ្វើ​តេស្ត​នៅ​ដំណាក់កាល​ទី​៣ ឲ្យ​បាន​ទូលំទូលាយ​។ ត្រង់នេះ លោក Gates ក៏​និយាយថា វ៉ាក់សាំង​រុស្ស៊ី​ដែល​ប្រញាប់ប្រញាល់​ប្រើប្រាស់ បង្កើតជា​ក្តីបារម្ភ ដោយ​រុស្ស៊ី​ឲ្យ​អាទិភាព​លើ​មុខមាត់​ប្រទេស​ជាង​សុវត្ថិភាព និង​វិទ្យាសាស្ត្រ​។​
 
​មហាសេដ្ឋី​អាមេរិក​ទស្ស​ទាយ​ថា បើសិន​វ៉ាក់សាំង​ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ​បស្ចិម​លោក  មានតម្លៃ​ទាប នោះ​ការទាក់ទាញ​ឲ្យ​ទិញ​វ៉ាក់សាំង​របស់​ចិន និង​រុស្ស៊ី​ប្រាកដ​ជាមាន​កម្រិត ហើយ​វ៉ាក់សាំង​ទាំងនោះ ប្រហែលជា​នឹងត្រូវ​ប្រើប្រាស់​តែ​ក្នុងស្រុក​ប៉ុណ្ណោះ​។​
 
​សូម​បញ្ជក់​ថា លោក Gates មហាសេដ្ឋី​បច្ចេកវិទ្យា បាន​បរិច្ចាគ​ប្រាក់​៣៦​ពាន់​លាន​ដុល្លារ​ដល់​មូលនិធិ​Bill& Melinda Gates ដើម្បី​ដោះស្រាយ​បញ្ហា​ក្រីក្រ និង​សុខាភិបាល​។ មូលនិធិ​នេះ កាលពី​ខែមិថុនា​កន្លងទៅ​មាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ផលិត​ឱសថ​ចំនួន​១៦ ដើម្បី​ព​ន្លឿ​ន​ការផលិត​វ៉ាក់សាំង​នៅពេលដែល​វ៉ាក់សាំង​នោះ​ទទួលបាន​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ពី​អាជ្ញាធរ​សុខាភិបាល​។​
 
​ទាក់ទង​រឿង​វ៉ាក់សាំង​នេះ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​(WHO) លោក Tedros Adhanom Ghebreyesus បង្ហាញ​ក្ដី​សង្ឃឹមថា វ៉ាក់សាំង​នឹងមាន​នៅត្រឹម​ចុងឆ្នាំ​២០២០​នេះ​។ លោក​ក៏​អំពាវនាវ​ផងដែរ​ឲ្យ​មាន​សាមគ្គីភាព និង​ការតាំង​ចិត្ត​ពី​សំណាក់​អ្នកនយោបាយ​ទាំងអស់ ក្នុងការ​ធានា​ឲ្យ​មានការ​ចែកចាយ​វ៉ាក់សាំង​ប្រកបដោយ​សមធម៌ នៅពេលដែល​ផលិត​បាន​។​
 
​បច្ចុប្បន្ននេះ វ៉ាក់សាំង​ចំនួន​៩ ស្ថិតនៅក្នុង​កម្មវិធី​ចែក​ចាយ​វ៉ាក់សាំង COVAX របស់ WHO ដែលមាន​គោល​ចែកចាយ​វ៉ាក់សាំង​ឲ្យ​បាន ២​ពាន់​លាន​ដូ​ស​គិត​ត្រឹម​ចុងឆ្នាំ​២០២១​។ លោក Gates បន្ថែមថា បើសិនជា​ពិភពលោក​ទាំងមូល​លែង​ចង់​ឲ្យ​មាន​ករណី​ឆ្លង​ជំងឺ COVID-19 គេ​ត្រូវការ​ពេលវេលា​យ៉ាងហោចណាស់​ពី​២​ទៅ​៣​ឆ្នាំ​បន្ថែមទៀត​ក្រោយពេល​វ៉ាក់សាំង​ដែលមាន​ប្រសិទ្ធភាព​ត្រូវបាន​ផលិត​៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com