ជាតិ
សង្គមជាតិ
ក្រសួង​រំលឹក​ដល់​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បន្ត​អនុវត្ត​ត្រឹមត្រូវ​ដើម្បី​ជៀសវាង​ការឆ្លង​សហគមន៍​
08, Oct 2020 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​បាន​ណែនាំ​ឲ្យ​អ្នកធ្វើដំណើរ​មកពី​ក្រៅប្រទេស​ដែល​ចូលមក​កម្ពុជា​ដែល​ត្រូវបាន​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​-១៩​លើកដំបូង ដោយ​លទ្ធផល​បង្ហាញថា​អវិជ្ជមាន​ក្នុងអំឡុង​ការធ្វើ​ច​ត្តា​ឡី​ស័ក​នោះ ត្រូវ​បន្ត​ដាក់​ខ្លួនឯង​ឲ្យ​នៅ​ដាច់​ពី​អ្នកដទៃ ដោយ​មិនត្រូវ​ប៉ះពាល់ ឬ​ជួប​នរណាម្នាក់​ឡើយ ដើម្បី​ជៀសវាង​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ចូលដល់​សហគមន៍​។ បើកាលណា​ការធ្វើ​តេស្ត​សាជាថ្មី​មិនទាន់​ចេញ​លទ្ធផល​ក្នុងអំឡុង​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​មិនទាន់​បញ្ចប់​។

 
​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា បើ​បុគ្គល​ណា​ដែល​កំពុងតែ​ស្ថិតនៅក្នុង​ការរស់នៅ​ដាច់ដោយឡែក​ពី​អ្នកដទៃ ដោយ​មិន​គោរព​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ដោយ​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត ឬ​ប៉ះពាល់​អ្នកដទៃ​ដោយ​គ្មាន​ការការពារ ជំងឺ​កូ​វីដ​-១៩ នឹង​ឆ្លង​រាតត្បាត​ចូលក្នុង​សហគមន៍​ជាមិនខាន ប្រសិនជា​បុគ្គល​នោះ​មាន​វិជ្ជមាន​កូ​វីដ​-១៩​ពិតមែន​។ ក្រសួង​សង្កត់ធ្ងន់ថា បើ​បុគ្គល​ណា​មិន​គោរព​តាម​វិធានការ​ទេ បុគ្គល​នោះ​នឹងត្រូវ​អនុវត្ត​តាមច្បាប់​។ 
 
​កន្លងមក​ក៏មាន​ករណី​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​លទ្ធផល​អវិជ្ជមាន​កូ​វីដ​-១៩​ជាច្រើន​នាក់ និង​វិជ្ជមាន​កូ​វីដ​-១៩​ម្នាក់​បាន​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ ប៉ុន្តែ​គ្រប់គ្រង​បាន​ទាន់ពេលវេលា ដោយ​មិន​មានការ​រាតត្បាត​ឆ្លង​ដល់​សហគមន៍​ឡើយ​។ ករណី​រត់​ចេញពី​កន្លែង​ច​ត្តា​ឡី​ស័ក​នេះ ក្រសួងសុខាភិបាល​ក៏បាន​ណែនាំ និង​វិន័យ​ជា​ទឹកប្រាក់​ផងដែរ​។ 
 
​ដើម្បី​កុំ​ឲ្យ​មាន​ករណី​ទាំងនេះ​កើត​ឡើងជា​បន្តទៀត ក្រសួងសុខាភិបាល​បាន​បង្គាប់​ឲ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ចាត់ចែង​ឲ្យ​កម្លាំង​ឃ្លាំមើល និង​ធ្វើ​ការណែនាំ​ពី​វិធាន​ការការពារ​ខ្លួន​ដើម្បី​បង្ការ​កុំ​ឲ្យ​ឆ្លង​ដល់​សហគមន៍​។ ក្រសួង​ណែនាំ​ឲ្យ​អាជ្ញាធរ​ដឹកនាំ​ការងារ​គ្រប់គ្រង និង​សំអាត​ឲ្យ​បាន​ស្អាត​នៅ​គ្រប់​មណ្ឌល ផ្ទះ និង​សណ្ឋាគារ​ច​ត្តា​ឡី​ស័ក​។ បុគ្គលិក​មន្ទីរពេទ្យបង្អែក និង​អាជ្ញាធរ ត្រូវ​តាមដាន​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​ឲ្យ​បាន​ដិតដល់ ដើម្បី​កុំ​ឲ្យ​មាន​អ្នករត់​ចេញពី​កន្លែង​ច​ត្តា​ឡី​ស័ក​។ 
 
​ក្រសួងសុខាភិបាល​បាន​ណែនាំ​ដល់​អ្នក​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ ត្រូវ​នៅក្នុង​បន្ទប់​ដាច់ដោយឡែក​ឲ្យ​គ្រប់​១៤​ថ្ងៃ​ដោយ​បើក​ឲ្យ​ទ្វារ និង​បង្អួច​មាន​ខ្យល់​ចេញចូល​។ ត្រូវ​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​មួយ​ម៉ែត្រ​កន្លះ​ពី​សមាជិកគ្រួសារ និង​អ្នកដទៃ​។ លាងដៃ​ជាប្រចាំ​ក្រោយពី​ចេញពី​បន្ទប់ទឹក​។ ខ្ទប់មាត់ និង​ច្រមុះ​នៅពេល​ក្អក​ជាមួយនឹង​ក្រមា និង​ក្រដាស​ជូត​មាត់​។ បោះចោល​សំរាម​នៅក្នុង​ធុងសំរាម និង​សម្អាត​បន្ទប់ទឹក ស្រោមពូក ខ្នើយ ភួយ និង​វត្ថុ​ប្រើប្រាស់​ជាប្រចាំ​៕ 
 
 

Tag:
 កូ​វីដ​-១៩
 ​សហគមន៍​
 ​ច​ត្តា​ឡី​ស័ក
© រក្សាសិទ្ធិដោយ thmeythmey.com