COVID-19
អន្តរជាតិ
បេក្ខជនអនុប្រធានាធិបតីអាមេរិក ត្រូវឈរឃ្លាតគ្នា និងមានកញ្ចក់ការពារក្នុងការដេញដោលព្រឹកស្អែក អនុប្រធានាធិបតីអាមេរិក មកពីបក្សសាធារណរដ្ឋ លោក ម៉ៃ ផេន (ស្ដាំ) និងបេក្ខនារីអនុប្រធានាធិបតីបក្សប្រជាធិបតេយ្យ អ្នកស្រី ខាម៉ាឡា ហារីស
× បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ ឆ្លងកូវីដ-១៩កាលពីសប្ដាហ៍មុន គណៈកម្មការរៀបចំការជជែកដេញដោលប្រធានាធិបតីអាមេរិក អះអាងថា ខ្លួននឹងពង្រឹងវិធានការបង្ការជំងឺកូវីដ-19 ក្នុងការជជែកដេញដោលរបស់បេក្ខភាពអនុប្រធានាធិបតី។ បេក្ខជនទាំងពីរ នៅតែដាច់ពីគ្នា ផ្ទាំងកញ្ចក់ថ្លានឹងត្រូវដំឡើង ហើយគម្លាតទីតាំងឈរពួកគេ ត្រូវបានបង្កើនផងដែរ។
ការតស៊ូមតិរវាងអនុប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ លោក ម៉ៃ ផេន និងបេក្ខនារីអនុប្រធានាធិបតីបក្សប្រជាធិបតេយ្យ អ្នកស្រី ខាម៉ាឡា ហារីស នឹងរៀបចំឡើងនៅសកលវិទ្យាល័យមួយ ក្នុងទីក្រុង Salt Lake នៃរដ្ឋ Utah។ កម្មវិធីដែលមានរយៈពេល៩០នាទីពេញនេះ នឹងចាប់ផ្ដើមនៅម៉ោង៩យប់ថ្ងៃទី៦ ខែតុលាម៉ោងនៅអាមេរិក ឬត្រូវនឹងថ្ងៃទី ៧ ខែតុលា ម៉ោង៨ព្រឹកម៉ោងនៅកម្ពុជា។
លោក ផេន និងអ្នកស្រី ហារីស នឹងត្រូវឃាំងពីគ្នាដោយផ្ទាំងកញ្ចក់ និងតម្រូវឲ្យឈរឃ្លាតពីគ្នា ជាង៣,៦៥ម៉ែត្រផងដែរ។ គម្លាតជាង២ម៉ែត្រ ត្រូវបានអនុវត្តកាលពីកម្មវិធីជជែកដេញដោលរវាងប្រធានាធិបតី ដូណាល់ ត្រាំ និងអតីតអនុប្រធានាធិបតី ចូ បៃឌិន កាលពីសប្ដាហ៍មុន។
អ្នកសម្របសម្រួលកម្មវិធីតស៊ូមតិនេះ អ្នកស្រី Susan Page នៃទូរទស្សន៍អាមេរិក USA Today ក៏នឹងតម្រូវឲ្យអង្គុយឃ្លាតពីបេក្ខជនទាំងពីរជាង៣,៦៥ម៉ែត្រផងដែរ។ លោក ផេន និងអ្នកស្រី ហារីស នឹងមិនទាមទារឲ្យពាក់ម៉ាស់នោះឡើយ តែពួកគេ នឹងត្រូវធ្វើតេស្តរកកូវីដ-១៩ ដោយលទ្ធផលត្រូវតែអវិជ្ជមាននៅមុនឡើងលើឆាកនេះ។
ដូចគ្នានឹងកម្មវិធីកាលមុនដែរ បេក្ខជនទាំងពីរនាក់ នឹងមិនអនុញ្ញាតឲ្យចាប់ដៃគ្នាឡើយ ខណៈអ្នកចូលរួមទស្សនាដោយផ្ទាល់ នឹងត្រូវកំណត់ក្នុងចំនួនតិចតួចបំផុត ហើយពួកគេក៏តម្រូវឲ្យពាក់ម៉ាស់។
ប្រធានបទចំនួន៥ត្រូវបានរំពឹងថា នឹងត្រូវលើកយកមកពិភាក្សាក្នុងកម្មវិធីជជែកដេញដោលរវាងលោក ផេន និងអ្នកស្រី ហារីស រួមមាន វិធានការប្រឆាំងជំងឺកូវីដ-១៩ ការតែងតាំងចៅក្រុមតុលាការកំពូល សេដ្ឋកិច្ច ប្រព័ន្ធសុខាភិបាល ព្រមទាំងច្បាប់និងសណ្ដាប់ធ្នាប់។
ខុសពីការតស៊ូមតិត្រាំ-បៃឌិន ការជួបមុខគ្នារវាងលោកផេន និងអ្នកស្រី ហារីស ត្រូវបានរំពឹងថានឹងមានរបៀបរៀបរយ ដ្បិតថា អ្នកទាំងពីរជាមនុស្សម៉ឺងម៉ាត់តែរម្យទម។ តួយ៉ាង លោក ផេន ត្រូវបានគេឲ្យតម្លៃខ្ពស់ផ្នែកឥរិយាបថនៅពេលជជែកដេញដោលកាលពី៤ឆ្នាំមុន ខណៈអ្នកស្រីហារីស ដែលធ្លាប់ធ្វើជាមេធាវី ចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន៕
Tag:
សហរដ្ឋអាមេរិក
ការបោះឆ្នោតអាមេរិក
ម៉ៃ ផេន
ខាម៉ាឡា ហារីស
© រក្សាសិទ្ធិដោយ thmeythmey.com