COVID-19
អន្តរជាតិ
ឥណ្ឌូណេស៊ី​ថា សហការ​ជាមួយ​ចិន​លើ​វ៉ាក់សាំង COVID-19 មិន​ប៉ះពាល់​ជំហរ​រឿង​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​
07, Oct 2020 , 11:59 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី លោកស្រី Retno Marsudi នៅ​ថ្ងៃទី​៦ ខែតុលា បាន​លើកឡើងថា កិច្ចសហប្រតិបត្តិការ​រវាង​ចិន និង​ឥណ្ឌូណេស៊ី លើ​វ៉ាក់សាំង COVID-19 មិន​អាចមាន​ឥទ្ធិពល​លើ​ជំហរ​របស់ខ្លួន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។

 
​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង មាន​ប្រទេស​ជម្លោះ​ចំនួន​៥ ក្នុងនោះ​មានដូចជា ចិន ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និង​ព្រុយ​ណេ​។ ឥណ្ឌូណេស៊ី មិនមាន​ជា​ភាគី​នៃ​ជម្លោះ​នេះឡើយ ប៉ុន្តែ​តែងតែ​បញ្ចេញ​សម្លេង​លើ​ឆាក​អន្តរជាតិ និង​តំបន់​ជុំវិញ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នេះ​។ នៅ​ពាក់កណ្តាល​ខែកញ្ញា​កន្លង​ទៅ ឥណ្ឌូណេស៊ី បាន​ជំទាស់​ជាថ្មី​លើ​សកម្មភាព​កង​ល្បាត​ជើង​ទឹក​ចិន ដែល​បាន​ចូលទៅ​ក្បែរ​តំបន់​មាន​ប្រជាជន​រស់នៅ ក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​ណា​ទុ​ណា ឥណ្ឌូណេស៊ី​។​
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP នៅ​ពាក់កណ្តាល​ខែកក្កដា​កន្ល​ង​ទៅ  ឥណ្ឌូណេស៊ី​បាន​រើស​បេក្ខជន​ស្ម័គ្រចិត្ត​ចំនួន ១៦២០​នាក់ ឲ្យ​ចូលរួម​ក្នុងការ​ធ្វើតេស្ត​វ៉ាក់សាំង​ដំណាក់កាល​៣ ជាមួយ​ក្រុមហ៊ុន​ចិន Sinovac BioTech​។ បន្ថែម​ពីលើ​នេះ ឥណ្ឌូណេស៊ី ក៏បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន Sinopharm លើ​វ៉ាក់សាំង COVID-19 ផងដែរ ដើម្បី​ធានាថា ប្រជាជន ២៦០​លាន​នាក់​អាច​ទទួលបាន​វ៉ាក់សាំង​។ 
 
​ទាក់ទិន​នឹង​បញ្ហា​នេះ លោកស្រី Retno Marsudi រដ្ឋមន្ត្រី​ការទូត​ឥណ្ឌូណេស៊ី ត្រូវបាន​អ្នកសារព័ត៌មាន​របស់​ទូរទស្សន៍ Channel News Asia ចោទ​ជា​សំណួរ​ថា តើ​កិច្ចសហប្រតិបត្តិការ​វ៉ាក់សាំង​COVID-19 អាចធ្វើ​ឲ្យ​ប៉ះពាល់​ជំហរ​របស់​ឥណ្ឌូណេស៊ី​លើ​សមុទ្រ​ចិន​ខាងត្បូង​ឬក៏​អត់​? ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី បាន​បកស្រាយ​ថា​៖ «​ខ្ញុំ​អាច​ឆ្លើយ​សំណួរ​យ៉ាង​ច្បាស់លាស់​ថា ទេ វា​មិន​ប៉ះពាល់​ទេ​។ នោះ​គឺជា​បញ្ហា​ពីរ​ផ្សេង​ពីគ្នា​។ នៅពេល​យើង​សហប្រតិបត្តិការ​ជាមួយគ្នា វា​មិនមែនជា​កិច្ចសហប្រតិបត្តិការ​មិន​ស្មើភាព ដែល​ផ្តល់​ប្រយោជន៍​តែ​ភាគី​ម្ខាង​ឡើយ​»​។ 
 
​ជាមួយគ្នានេះ លោកស្រី​Marsudi បាន​បន្តថា ចំណែក​ភាគី​ចិន ក៏​ទទួលផល​ប្រយោជន៍​ដែរ ដែល​នោះ​គឺជា​ផលប្រយោជន៍​ទៅវិញទៅមក​។ 
 
​ទន្ទឹមគ្នានេះ លោកស្រី​ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី​រូបនេះ ក៏បាន​លើកឡើង​ទៀតថា បើទោះជា​ឥណ្ឌូណេស៊ី មាន​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ចិន​ក្តី ប៉ុន្តែ​ខ្លួន​នឹង​បន្ត​ស្វែងរក​ដៃគូ​ដទៃទៀត​។ ស្របគ្នា​នេះ ឥណ្ឌូណេស៊ី ក៏បាន​អភិវឌ្ឍ​វ៉ាក់សាំង​ដោយ​ខ្លួនឯង និង​ជាមួយ​បណ្តា​ប្រទេស​ផ្សេងទៀត ដូចជា​កូរ៉េខាងត្បូង និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ជាដើម​។ 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ថ្ងៃទី​៧ ខែតុលា ឥណ្ឌូណេស៊ី មាន​ករណី​COVID-19 សរុប​ចំនួន ៣១៥៧៤១​ករណី អ្នកស្លាប់​មាន​ចំនួន ១១៤៧២​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ២៤០២៩១​នាក់​៕ 

Tag:
 ឥណ្ឌូណេស៊ី​
  ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com