COVID-19
ជាតិ
COVID-19 នៅកម្ពុជាឡើងដល់២៨១ករណី ក្នុងនោះ៤នាក់បន្តព្យាបាល
08, Oct 2020 , 9:33 am        
រូបភាព
នាព្រឹកទី៨ ខែតុលានេះ​ ក្រសួងសុខាភិបាលប្រកាសរកឃើញវិជ្ជមាននៃជំងឺកូវីដ-១៩(COVID-19)មួយករណី ដែលបានកើតឡើងលើបុរសជនជាតិឥណ្ឌូណេស៊ី។  ការរកឃើញវិជ្ជមានកូវីដ-១៩លើបុរសនេះ  បានធ្វើឱ្យកម្ពុជាមានអ្នកជំងឺនេះ ចំនួន២៨១នាក់ហើយ។



បុរសមានជំងឺកូវីដ-១៩ខាងលើនេះ មានវ័យ២៦ឆ្នាំ មានអាសយដ្ឋាននៅសណ្ឋាគារមួយកន្លែងក្នុងខេត្តព្រះសីហនុ ដែលបានធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី ដោយបន្តជើងហោះហើរនៅប្រទេសសិង្ហបុរី ហើយមកដល់កម្ពុជានៅថ្ងៃទី៦តុលា ឆ្នាំ២០២០។ នេះបើយោងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលថ្ងៃទី៨តុលានេះ។ បច្ចុប្បន្ន អ្នកជំងឺនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

ជាមួយនឹងគ្នានេះ ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកដំណើរតាមយន្តហោះជាមួយបុរសជនជាតិឥណ្ឌូណេស៊ីដែលមានជំងឺកូវីដ-១៩នេះ មានចំនួន១១២នាក់ គឺបានធ្វើតេស្តដោយលទ្ធផលអវិជ្ជមានទាំងអស់នៃជំងឺកូវីដ-១៩ និងកំពុងធ្វើចត្តាឡីស័ក១៤ថ្ងៃ ទីតាំងផ្សេងៗគ្នា។ ក្នុងនោះមាន៤៩នាក់ធ្វើចត្តាឡីស័យនៅវិទ្យាល័យបូរី១០០ខ្នង, មាន៦២នាក់ ធ្វើចត្តាឡីស័កនៅសណ្ឋាគារ និង១នាក់ទៀត ធ្វើចត្តាឡីស័កនៅស្ថានទូតសិង្ហបុរី។

គិតត្រឹមថ្ងៃទី៨តុលា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន២៨១នាក់ ដោយក្នុងនោះមាន ២៧៦នាក់ ជាសះស្បើយ ខណៈ៤នាក់ទៀត កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ ក្នុងនោះមាន បុរសហុងគ្រី និងបារាំង នៅសៀមរាប ស្ត្រីខ្មែរនៅបាត់ដំបង និងចុងក្រោយគឺបុរសឥណ្ឌូណេស៊ីនៅភ្នំពេញ៕



© រក្សាសិទ្ធិដោយ thmeythmey.com