ជាតិ
សង្គមជាតិ
កម្មករប្រមូលសំរាម មិនទាន់យល់ព្រមចូលធ្វើការវិញទេ
08, Oct 2020 , 11:05 am        
រូបភាព
កម្មករនិយោជិត ឈរធ្វើកូដកម្មនៅមុខក្រុមហ៊ុន ស៊ីន ទ្រី កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ (រូបថតដោយសហការិនី ឡាយ សុភាវតី)
កម្មករនិយោជិត ឈរធ្វើកូដកម្មនៅមុខក្រុមហ៊ុន ស៊ីន ទ្រី កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ (រូបថតដោយសហការិនី ឡាយ សុភាវតី)
ដោយ:
មកដល់ព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ គេ មិនទាន់ឃើញកម្មករប្រមូលសំរាមនៃក្រុមហ៊ុន ស៊ីន ទ្រី ចេញបំពេញការងារវិញនោះទេ ដោយពួកគាត់ នៅតែបន្តធ្វើកូដកម្មដដែល។



លោក ទួន ស៊ីផេង ប្រធានប្រតិបត្តិការនៃក្រុមហ៊ុន ស៊ីន ទ្រី មិនទាន់ដឹងឡើយថា កម្មករនិយោជិត នឹងយល់ព្រមចូលធ្វើការងារវិញនៅពេលណា។ លោក ប្រាប់សារព័ត៌មានថ្មីៗថា៖«ខ្ញុំ អត់ដឹងដែរ [ថាពួកគាត់ នឹងចូលធ្វើការវិញនៅពេលណា] [ឥឡូវ] អត់ឃើញចេញធ្វើផង»។

លោក កៅ សាវ៉ាត ប្រធានសហជីពនៃក្រុមហ៊ុន ស៊ិន ទ្រី អះអាងថា មូលហេតុដែលកម្មករនិយោជិត មិនទាន់យល់ព្រមចូលធ្វើការងារ គឺដោយសារតែពួកគាត់ មិនទាន់ទទួលនូវអ្វី ដែលទាមទារ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក បញ្ជាក់ថា៖«បើខាងក្រុមហ៊ុន ក៏ដូចជាខាងសាលាក្រុង បានជួយដោះស្រាយរឿងហ្នឹង ពួកគាត់ នឹងចូលធ្វើការវិញ»។

កម្មករនិយោជិតនៃក្រុមហ៊ុន ស៊ីន ទ្រី ទាមទារ៥ចំណុច គឺប្រាក់បំណាច់អតីតភាពការងារ ប្រាក់ឈប់សម្រាកប្រចាំឆ្នាំ ប្រាក់សំណងជំងឺចិត្ត ប្រាក់ជួសការជូនដំណឹងមុន និងប្រាក់ខែចុងក្រោយ។

លោក កៅ សាវ៉ាត លើកឡើងថា ចំណុចដែលកម្មករនិយោជិតចង់បានបំផុត គឺប្រាក់អតីតភាពការងារនិងប្រាក់ឈប់សម្រាកប្រចាំឆ្នាំ ដែលនៅសល់។ លោក ថ្លែងថា៖«បើមិនបាន៥ចំណុច បានត្រឹម២ចំណុច ក៏ពួកគាត់ ចូលធ្វើការងារបន្តទៀតដែរ»។

មេហសជីពរូបនេះ បន្តថា៖«ខ្ញុំ ជឿជាក់ថា សាលារាជធានីភ្នំពេញ នឹងអាចជួយពន្លឿនការងារ [ដោះស្រាយ] ហ្នឹង ដើម្បីឲ្យពួកគាត់បានចូលធ្វើការវិញឆាប់ៗ។ បើដោះស្រាយបានព្រឹកហ្នឹងហើយ ប្រហែលជាអាចចូលធ្វើការល្ងាចហ្នឹង»។

លោក ទួន ស៊ីផេង និង លោក កៅ សាវ៉ាត ផ្តល់ព័ត៌មានដូចគ្នា ថា នៅថ្ងៃទី៨ ខែតុលានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងចុះទៅជួបកម្មករនិយោជិតម្តងទៀត ដើម្បីរកដំណោះស្រាយ។

ម្សិលមិញ (៧តុលា) លោក ឃួង ស្រេង បានប្រជុំជាមួយភាគីពាក់ព័ន្ធ រួមមាន មេសហជីព នាយកក្រុមហ៊ុន ស៊ីន ទ្រី តំណាងក្រសួងការងារ និង តំណាងក្រសួងបរិស្ថាន។ កិច្ចប្រជុំនោះ បានសម្រេចលើចំណុច២  គឺទី១ សំណើរបស់កម្មករនិយោជិត ដែលទាមទារឲ្យក្រុមហ៊ុន ស៊ីន ទ្រី ដោះស្រាយពេលបញ្ចប់កិច្ចសន្យា គឺក្រុមហ៊ុន ស៊ីន ទ្រី ទទួលដោះស្រាយតាមច្បាប់ស្តីពីការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកធានាខុសត្រូវ និងទី២ ការងាររបស់កម្មករនិយោជិតទៅថ្ងៃខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ ធានាមិនឲ្យបាត់បង់ឡើយ ទោះបីក្រុមហ៊ុន ស៊ីន ទ្រី ដេញថ្លៃជាប់ឬមិនជាប់ក៏ដោយ។

តាមរយៈកិច្ចប្រជុំ ភាគីពាក់ព័ន្ធ ស្នើឲ្យកម្មករនិយោជិតទាំងអស់នៃក្រុមហ៊ុន ស៊ីន ទ្រី ចូលធ្វើការងារជាធម្មតាវិញ ចាប់ពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០តទៅ។ ទាំងមេសហជីពនិងភាគីពាក់ព័ន្ធដទៃទៀត រំពឹងថា កម្មករនិយោជិត អាចនឹងទទួលយកសេចក្តីសម្រេចទាំង២ចំណុចខាងលើសិន ហើយនឹងយល់ព្រមចូលធ្វើការវិញ នៅល្ងាចថ្ងៃទី៧តុលាតាមការស្នើសុំរបស់កិច្ចប្រជុំ ឬអាចដល់ព្រឹកថ្ងៃទី៨តុលានេះ។

ប៉ុន្តែ អ្វីៗ គឺខុសពីការរំពឹងទុក។ ទំនងជាមិនទាន់ពេញចេញនឹងសេចក្តីសម្រេចទាំង២ចំណុចខាងលើ ឬក៏មិនទាន់ឃើញដំណោះស្រាយជាក់ស្តែង ទើបកម្មករនិយោជិត មិនទាន់នាំគ្នាចូលធ្វើការវិញ។ កម្មករនិយោជិតជាង២ពាន់នាក់នៃក្រុមហ៊ុន ស៊ីន ទ្រី ចាប់ផ្តើមធ្វើកូដកម្ម តាំងពីថ្ងៃទី២ ខែតុលាមក៕

អត្ថបទទាក់ទង

Tag:
 កម្មករស៊ីនទ្រី
  កូដកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com