បេក្ខជនអនុប្រធានាធិបតីអាមេរិក មកពីបក្សប្រជាធិបតេយ្យ អ្នកស្រី ខាម៉ាឡា ហារីស បានរិះគន់គោលនយោបាយការបរទេសអាមេរិកក្រោមរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ។ អ្នកស្រីអះអាងថា គោលនយោបាយលោក ត្រាំ ងាកឆ្ងាយពីមិត្តភក្តិ ហើយទៅកៀកអ្នកផ្ដាច់ការវិញ។
អំឡុងកម្មវិធីជជែកដេញដោលបេក្ខភាពអនុប្រធានាធិបតីអាមេរិក នៅថ្ងៃទី ៧ ខែតុលា អ្នកស្រី ខាម៉ាឡា ហារីស និយាយថា ប្រធានាធិបតី ដូណាល់ ត្រាំ បានក្បត់សម្ព័ន្ធមិត្តអាមេរិក និងអូសទាញអាមេរិកទៅស្និទ្ធនឹងជនផ្ដាច់ការនៅជុំវិញពិភពលោក។ អ្នកស្រី ហារីស បានលើកប្រទេសរុស្ស៊ីជាឧទាហរណ៍ ដោយនិយាយថា លោក ត្រាំ ស្ដាប់សម្តីលោក វ្ល៉ាឌីមៀ ពូទីន ច្រើនជាងការបកស្រាយរបស់សហគមន៍ចារកម្មអាមេរិកលើបញ្ហាដែលរុស្ស៊ីបានលូកដៃក្នុងការបោះឆ្នោតអាមេរិកកាលពីឆ្នាំ២០១៦។
បន្ថែមពីនេះ អ្នកស្រី ហារីស ក៏លើកពីភាពមិនចុះសម្រុងរវាងលោក ត្រាំ និងសមាជិកអង្គការណាតូ ព្រមទាំងការដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលអ្នកស្រីអះអាងថា ជាទង្វើឯកតោដែលធ្វើឲ្យសហរដ្ឋអាមេរិកគ្មានសុវត្ថិភាព។ អនុប្រធានធិបតី ម៉ៃ ផេន ក៏តបវិញថា លោក ត្រាំ បានរក្សាពាក្យសន្យាលោកចំពោះពលរដ្ឋអាមេរិក ដោយផ្លាស់ប្តូរស្ថានទូតអាមេរិកទៅកាន់ទីក្រុងហ្ស៊េរុយសាឡិម។
លោក ផេន លើកឡើងទៀតថា សមាជិកអង្គការណាតូ បានធ្វើវិភាគទានច្រើនជាងមុនដើម្បីរក្សាសន្តិសុខក្នុងតំបន់ បន្ទាប់ពីការទាមទាររបស់លោក ត្រាំ ហើយអាមេរិកក្រោមការដឹកនាំរបស់លោក ត្រាំ ក៏កម្ចាត់ក្រុមឧទ្ទាមនៅមជ្ឈិមបូព៌ាដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខអាមេរិកផងដែរ។
ពេលសួរដល់ទំនាក់ទំនងអាមេរិក-ចិន អនុប្រធានាធិបតី ផេន ដូចលោក ត្រាំ ដែរ ក៏ទម្លាក់កំហុសលើចិនដែលបណ្ដែតបណ្ដោយជំងឺកូវីដ-១៩ រាតត្បាតក្នុងសហរដ្ឋអាមេរិក។ លោកអះអះអាងថា លោកនឹងទាមទារឲ្យក្រុងប៉េកាំងទទួលខុសត្រូវចំពោះជំងឺកាចសាហាវនេះ ដែលបច្ចុប្បន្នសម្លាប់ប្រជាជនអាមេរិកជាង២០ម៉ឺននាក់។
ត្រង់សំណួរដដែល អ្នកស្រី ហារីស បានបង្វែរការទម្លាក់កំហុសលើចិនពាក់ព័ន្ធជំងឺកូវីដ-១៩ ថាជាកំហុសរបស់រដ្ឋបាលលោកត្រាំ។ អ្នកស្រីនិយាយដូច្នេះថា៖«ការឆ្លើយតបរបស់រដ្ឋបាលលោកត្រាំចំពោះចិន បានធ្វើឲ្យពលរដ្ឋអាមេរិកបាត់បង់ជីវិត បាត់បង់ការងារធ្វើ និងបាត់បង់ជំហរខ្លួន»។
បន្ថែមពីលើបញ្ហាកូវីដ-១៩ បេក្ខជនអនុប្រធានាធិបតី ហារីស និយាយថា លោក ត្រាំ ចាញ់សង្គ្រាមពាណិជ្ជកម្មជាមួយចិន។ អ្នកស្រីបានលើកតួលេខមួយថា អាមេរិកបាត់បង់ការងារផ្នែកឧស្សាហកម្មផលិត៣០ម៉ឺនកន្លែង។ ចំណែក លោក ផេន ហៅលោក ចូ បៃឌិន ថាជាអ្នកគាំទ្ររបស់បក្សកុម្មុយនីស្តចិន ហើយលោកនឹងមិនធ្វើសង្គ្រាមពាណិជ្ជកម្មចិនឡើយ។
ការជជែកដេញដោលរបស់បេក្ខភាពអនុប្រធានាធិបតីដែលធ្វើឡើងតែមួយលើកគត់នេះ ត្រូវបានរៀបចំឡើងដោយអនុលោមតាមវិធានការសុខាភិបាលតឹងរ៉ឹងបំផុត។ បេក្ខជនទាំងពីរ ពុំបានអនុញ្ញាតឲ្យចាប់ដៃគ្នា ហើយត្រូវអង្គុយឃ្លាតពីគ្នាជាង៣ម៉ែត្រ ហើយត្រូវឃាំងដោយផ្ទាំងកញ្ចក់ ។ ទាំងលោក ផេន និងអ្នកស្រី ហារីស តម្រូវឲ្យធ្វើតេស្តអវិជ្ជមានកូវីដ-១៩ មុនឡើងឆាកផងដែរ។
ការបោះឆ្នោតអាមេរិក នឹងត្រូវរៀបចំឡើងនាថ្ងៃទី ៣ ខែវិច្ឆិកា ខាងមុខ។ ការបោះឆ្នោតមុនពេលកំណតើ ក៏ត្រូវបានធ្វើឡើងនៅរដ្ឋមួយចំនួននៃសហរដ្ឋអាមេរិកផងដែរ។ ក្រោយបញ្ចប់ការជជែកដេញដោលលើកទី១កាលពីសប្ដាហ៍មុន ការស្ទង់មតិរបស់ CNN បង្ហាញថា លោក បៃឌិន បាននាំមុនលោកត្រាំជាង១០ពិន្ទុ។ ខណៈការតស៊ូមតិប្រធានាធិបតីលើកទី២ នឹងរៀបចំឡើងនាថ្ងៃទី ១៥ ខែតុលាខាងមុខ លោក បៃឌិន បានស្នើឲ្យផ្អាកសិន បើលោក ត្រាំ មិនទាន់ជាសះស្បើយពីជំងឺកូវីដ-១៩៕