ពីនេះ ពីនោះ
សុខភាព
ជំងឺ​ចង្កោម​រោគសញ្ញា​គីស​ច្រើន​គ្រាប់​ក្នុង​ក្រពេញ​អូ​វ៉ែ ឬ PCOS? កុំ​រំលង​អត្ថបទ​នេះ​
08, Oct 2020 , 8:59 pm        
រូបភាព
​ជំងឺ​ចង្កោម​រោគសញ្ញា​គីស​ច្រើន​គ្រាប់​ក្នុង​ក្រពេញ​អូ​វ៉ែ ឬ​ហៅថា Polycystic Ovary Syndrome (PCOS)​។ PCOS ត្រូវបាន​គេ​ចាត់ទុកថា​មាន​ជាប់ទាក់ទង​នឹង​ភាពមិនធម្មតា​នៃ​កម្រិត​អ័រម៉ូន​ចំពោះ​ដែល​ស្ថិត​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ និង​អាចធ្វើឱ្យ​រដូវ​មក​មិន​ទៀង (​ពេលខ្លះ​មិន​មក​រដូវ​តែម្តង​) ឡើង​ទម្ងន់ ព្រមទាំង​ពិបាក​មាន​ផ្ទៃពោះ​។ ជំងឺ​នេះ​ក៏​អាច​បណ្ដាលឱ្យ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ឡើង​ខ្ពស់ អាំង​ស៊ុយ​លីន​រ៉េ​ស៊ី​ស្តង់ ដែល​ធ្វើឱ្យ​ស្ត្រី​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ទឹកនោមផ្អែម និង​បាក់​ទឹកចិត្ត​។​អ្វីដែល​គួរឱ្យកត់សម្គាល់​នោះ​មិនមែន​អ្នក​ដែលមាន​ជំងឺ PCOS សុទ្ធ​តែមាន​រោគសញ្ញា​ដូចគ្នា​ឡើយ​។​

 
​ជំងឺ PCOS កើតឡើង​នៅពេលដែល​អ័រម៉ូន​ទៅជា​អតុល្យភាព​។ ស្ត្រី​មាន​ជំងឺ PCOS ទំនង​ជាមាន​អ័រម៉ូន​ភេទ​ប្រុស Androgen ច្រើនជាង​ធម្មតា​។ ទោះបីជា​លើស​បន្តិច​ក៏ដោយ ក៏​វា​អាចមាន​ឥទ្ធិពល​ទៅលើ​មុខងារ​របស់​ក្រពេញ​អូ​វ៉ែ​បានដែរ​។ ជា​ញឹកញយ​គ្រូពេទ្យ​ច្រើនតែ​រកមើល​អាកា​រៈ​ពីរ​ក្នុងចំណោម​បី​ខាងក្រោម​នេះ​ដើម្បី​កំណត់​រោគវិនិច្ឆ័យ​៖
 
​រដូវ​មក​មិន​ទៀងទាត់​រ៉ាំរ៉ៃ ឬ​មិន​មក​រដូវ (​ដោយសារតែ​កម្រិត​អ័រម៉ូន​ភេទ​ប្រុស​ខ្ពស់​)
​អាកា​រៈ​នៃ​ការ​លើស​អ័រម៉ូន​ភេទ​ប្រុស​ដូចជា កើតមុន និង​ដុះ​រោម​លើ​រាងកាយ​ច្រើន​
​មាន​គីស​តូចៗ​ច្រើន​គ្រាប់​លើ​ក្រពេញ​អូ​វ៉ែ​
​ទោះជា​យ៉ាងណា​មិន​ថា​មាន​រោគសញ្ញា​លេចឡើង​នោះទេ អ្នកជំងឺ PCOS មិនគួរ​មើលរំលង​គន្លឹះ​មួយចំនួន​ដែល​វេ​ប​សាយ​សុខភាព Health.com.kh បង្ហាញជូន​ខាងក្រោម​ឡើយ ៖
 
១. ចៀសវាង​ទទួលទាន​សាច់សត្វ​និង​ផលិតផល​សាច់សត្វ​ដទៃទៀត​ដែល​ចិញ្ចឹម​ដោយ​ចាក់​បញ្ចូល​អ័រម៉ូន​
 
​សាច់សត្វ​ដែល​ចិញ្ចឹម​ក្នុង​កសិដ្ឋាន​ភាគច្រើន​ត្រូវបាន​គេ​ចាក់​បញ្ចូល​អ័រម៉ូន​ដោយ​សត្វ​ទាំងនេះ គឺ​ចិញ្ចឹម​ដើម្បី​សម្លាប់​យក​សាច់​។ ទោះបីជា​ត្រូវបាន​សម្លាប់​ហើយ​ក្ដី ប៉ុន្តែ​អ័រម៉ូន​ទាំងនោះ​នៅតែមាន​ផ្ទុក​ក្នុង​សាច់សត្វ​ដដែល​។ នៅពេល​ទទួលទាន​អ័រម៉ូន​ទាំងនោះ​នឹង​បង្ក​ប្រតិកម្ម​ក្នុង​រាងកាយ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ជ្រើសរើស​ទទួលទាន​សាច់សត្វ​ដែល​ចិញ្ចឹម​តាមបែប​ធម្មជាតិ​ដោយ​មិន​ចាក់​អ័រម៉ូន ឬ​ឱ្យ​ចំណី​ដែលមាន​ផ្ទុក​សារធាតុ​គីមី​។​
 
២. ឈើអែម​
 
​ឈើអែម​អាចជួយ​ជម្រុញ​វដ្ត​រដូវ​របស់​ស្ត្រី​រួមផ្សំ​ជាមួយ​ភាព​ធន់​នឹង​អាំង​ស៊ុយ​លីន​ចំពោះ​អ្នកជំងឺ PCOS ។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​បន្ថែម​ម្សៅ​ឈើអែម​មួយ​ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ ១ កែវ​។ កូរ​ឱ្យ​សព្វ សឹម​ទទួលទាន​។​
 
៣. ចាប់ផ្ដើម​យកចិត្តទុកដាក់​លើ​សុខភាព​ថ្លើម​របស់​អ្នក​
 
​ថ្លើម​ជា​សរីរាង្គ​សំខាន់បំផុត​មួយ​ក្នុង​រាងកាយ​ដែលមាន​ភារកិច្ច​ជម្រះ​អ័រម៉ូន​ចាស់ៗ​និង​លើស​ចេញពី​រាងកាយ​ផងដែរ​។ ទោះជា​យ៉ាងណា​ថ្លើម​អាច​នឹង​ពិបាក​ក្នុងការ​ដំណើរការ​មុខងារ​នេះ​ប្រសិនបើ​អ្នក​ទទួលទាន​អាហារ​កែច្នៃ​និង​ផ្អែម​ច្រើនពេក​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ចៀសវាង​ទទួលទាន​អាហារ​និង​ភេសជ្ជៈ​ដែល​អាច​ជះឥទ្ធិពល​មិនល្អ​ដល់​ថ្លើម ហើយ​ចាប់ផ្ដើម​យកចិត្តទុកដាក់​ខ្លាំង​បន្ថែម​លើ​សុខភាព​ថ្លើម​ដើម្បី​អាច​ដំណើរការ​មុខងារ​បាន​ត្រឹមត្រូវ​ប្រសើរ​។​
 
៤. ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​មាន​ប្រសិទ្ធភាព​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​និង​រារាំង​រាងកាយ​មិនឱ្យ​ផលិត​អាំង​ស៊ុយ​លីន​ច្រើនពេក​។ ប្រសិនបើ​រាងកាយ​ផលិត​អាំង​ស៊ុយ​លីន​តិច​នោះ​អ័រម៉ូន​ក៏ត្រូវ​បាន​ផលិត​តិច​តាម​នោះ​ផងដែរ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ២ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ​។ កូរ​ឱ្យ​សព្វ សឹម​ទទួលទាន​នៅពេល​ព្រឹក ក៏ដូចជា​មុនពេល​អាហារ​ម្ដងៗ​។ អ្នក​គួរ​ធ្វើបែបនេះ​ជាប្រចាំ​រហូត​ទទួលបាន​លទ្ធផល​ប្រសើរ​។​
 
​សម្គាល់​! អ្នក​ក៏​អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាមុនសិន​ថា​តើ​គន្លឹះ​មួយចំនួន​ខាងលើ​សាក​សម​សម្រាប់​ករណី​ជំងឺ​អ្នក​ដែរ​ឬ​យ៉ាងណា​។​
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com