ប្រយ័ត្ន​! ក្រ​ពេញទី​រ៉ូ​អ៊ី​ត​កំពុងមាន​បញ្ហា​មិន​ខាន បើ​អាកា​រៈទាំង​នេះ​លេចឡើង​
ពីនេះ ពីនោះ / មិនយល់...!
សុខភាព
ប្រយ័ត្ន​! ក្រ​ពេញទី​រ៉ូ​អ៊ី​ត​កំពុងមាន​បញ្ហា​មិន​ខាន បើ​អាកា​រៈទាំង​នេះ​លេចឡើង​
09, Oct 2020 , 6:59 am        
រូបភាព
​ថា​តើ​នៅពេល​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ដំណើរ​ការមិន​ប្រក្រតី ឬ​កំពុង​ជួបប្រទះ​បញ្ហា​នឹងមាន​អាកា​រៈ​អ្វី​អាច​លេចឡើង​ខ្លះ​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អា​ការៈដែល​លេចឡើង​នៅពេល​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​មាន​បញ្ហា ៖

 
១. ភាពប្រែប្រួល​ខុស​ប្រក្រតី​នៃ​ទម្ងន់​រាងកាយ​
 
​ផលប៉ះពាល់​មួយ​ដែល​លេចឡើង​នៅពេល​មាន​បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត គឺពាក់ព័ន្ធ​នឹង​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​ជា​លទ្ធផល​នៃ​ការ​កើន​ទម្ងន់​ខុស​ប្រក្រតី​។ ក្រៅពី​មាន​របប​អាហារ​ត្រឹមត្រូវ​និង​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​ហើយ​នោះ អ្នក​ក៏​អាច​ស្រក​ទម្ងន់​ដែល​លើស​បាន​យ៉ាង​ប្រសើរ​តាមរយៈ​ការរក្សា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ឱ្យមាន​សុខភាព​ល្អ​។ ទោះជា​យ៉ាង​ការ​ស្រក​ទម្ងន់​ដោយ​គ្មាន​មូលហេតុ​ក៏​ជា​អាកា​រៈ​មួយ​នៃ​បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ផងដែរ​ដោយ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ផលិត​អ័រម៉ូន​ច្រើនជាង​តម្រូវការ​រាងកាយ​។​
 
២. ជ្រុះ​សក់​
 
​កម្រិត​នៃ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​ចុះ​ទាប​អាច​បង្ក​ការរាំងស្ទះ​ដល់​វដ្ដ​នៃ​ការលូតលាស់​នៃ​សក់​នាំឱ្យ​សក់​ជ្រុះ​ខ្លាំង​ជាង​ធម្មតា​។ ជា​ញឹកញយ​បញ្ហា​សក់​ជ្រុះ​ខុស​ប្រក្រតី​ដោយ​មិនអាច​ពន្យល់បាន​ច្រើនតែ​ពាក់ព័ន្ធ​នឹង​បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​។ ស្បែកក្បាល​ក៏​អាច​ប្រែជា​ស្ងួត​ផងដែរ​។​
 
៣. ស្បែក​ប្រែជា​ស្ងួត​
 
​អ័រម៉ូន​ត្រូវបាន​ប​ញ្ជេ​ញ​ដោយ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ជួយ​គ្រប់គ្រង​មុខងារ​នៃ​ស្បែក​ដូច្នេះហើយ​ប្រសិនបើ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​មាន​បញ្ហា​នោះ​ស្បែក​ក៏មាន​បញ្ហា​ផ្សេងៗ​ដូចគ្នា​។ នៅ​កម្រិត​នៃ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​ចុះ​ទាប​នោះ​ស្បែក​នឹង​ប្រែជា​ស្ងួត ហើយ​ស្លេកស្លាំង​។​
 
៤. ឈឺចាប់​សាច់ដុំ​និង​សន្លាក់​
 
​ភាព​ខ្សោយ រមាស់ និង​ឈឺចាប់​សាច់ដុំ ក៏ដូចជា​សន្លាក់​អាចជា​រោគសញ្ញា​នៃ​បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត (​ជំងឺ hypothyroidism និង​ជំងឺ hyperthyroidism)​។ ជំងឺ hyperthyroidism អាច​បណ្ដាលឱ្យ​សាច់ដុំ​ចុះខ្សោយ​និង​ឈឺចាប់ រួមបញ្ចូល​ទាំង​អាកា​រៈ​រមួលក្រពើ​និង​ឡើង​រឹង​ផងដែរ​។ ចំពោះ​ជំងឺ hyperthyroidism អាច​បណ្ដាលឱ្យ​សាច់ដុំ​ចុះខ្សោយ​និង​អស់កម្លាំង សូម្បីតែ​ឡើងជណ្ដើរ ឬ​កាន់​វត្ថុ​អ្វី​ក្នុង​ដៃ ហើយ​ឈោង​ដៃ​យក​របស់​អ្វី​ខ្ពស់​ផុត​ក្បាល​ក៏​ពិបាក​។​
 
៥. បញ្ហា​ពាក់ព័ន្ធ​នឹង​ពោះវៀន​
 
​អាកា​រៈ​ទល់លាមក រាគ ឬ​ចង្កោម​រោគសញ្ញា​រលាក​ពោះវៀន​អាច​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ផងដែរ​។ អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​អាច​បង្ក​ភាពប្រែប្រួល​ក្នុង​ពោះវៀន​បង្អាក់​សមត្ថភាព​រាងកាយ​ក្នុងការ​រំលាយ​អាហារ​និង​កម្ចាត់​រាល់​កាកសំណល់​។ ចំពោះ​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត hpothyroidism អ្នក​អាច​នឹង​ជួបប្រទះ​អាកា​រៈ​ទល់លាមក​ធ្ងន់ធ្ងរ ឬ​រយៈពេល​យូរ ខណៈដែល​រាគ ឬ​ចង្កោម​រោគសញ្ញា​រលាក​ពោះវៀន​ជា​អាកា​រៈ​នៃ​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត hyperthyroidism​។ ទោះបី​អ្នក​បាន​ទទួលទាន​ជាតិ​ស​សៃ​និង​ទឹក​គ្រប់គ្រាន់ ប៉ុន្តែ​អាកា​រះ​ទាំងនេះ​នៅតែ​មិន​បាត់ ចូរ​ប្រញាប់​ទៅពិនិត្យ​សុខភាព​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​។​
 
៦. សម្លេង​ប្រែប្រួល​ភ្លាមៗ​និង​ភាពមិន​ស្រួល​ក្នុង​ក​
 
​បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ក៏​អាច​បណ្ដាលឱ្យ​សម្លេង​របស់​អ្នកមាន​ភាពខុសប្រក្រតី​ភ្លាមៗ​ផងដែរ​។ សម្លេង​របស់​អ្នក​អាច​ប្រែជា​ស្អក សូម្បីតែ​សម្រុក ឬ​មាន​ដុំ​ពក​បន្តិច​ក្នុង​តំបន់​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ក៏​អាចជា​រោគសញ្ញា​ដែល​បញ្ជាក់ថា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​កំពុងមាន​បញ្ហា​ដែរ​។ ភាពមិន​ស្រួល​ក្នុង​ក​អាចជា​ការឈឺចាប់ ហើម និង​ក្រ​ពេញទី​រ៉ូ​អ៊ី​តរីក​ធំ​។ ព​កក​អាចជា​លទ្ធផល​នៃ​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត hypothyroidism ឬ ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត hyperthyroidism ។​
 
៧. អស់កម្លាំង​នឿយហត់​ជាប់​ជានិច្ច​
 
​ការដុត​រំលាយ​អាហារ​យឺត​ពេក​មិន​ត្រឹមតែ​បង្កបញ្ហា​ឡើង​ទម្ងន់​ហួសហេតុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​បណ្ដាលឱ្យ​អ្នកមាន​អារម្មណ៍​អស់កម្លាំង​គ្រប់ពេល​ផងដែរ​។ នេះ​ជា​អ្វីមួយ​ដែល​កើតឡើង​ជាធម្មតា​នៅពេល​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ដំណើរ​ការមិន​បានល្អ ហើយ​មិនអាច​បំ​លែង​កាបូ​អ៊ី​ដ្រា​ត​និង​ខ្លាញ់​ទៅជា​ថាមពល​ដើម្បីឱ្យ​កោសិកា​បាន​ប្រើប្រាស់​។​
 
៨. មាន​អារម្មណ៍​ត្រជាក់ ឬ​ក្ដៅ​ពេក​
 
​ភាពប្រែប្រួល​ក្នុង​កម្រិត​នៃ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​អាច​រាំ​ស្ទះ​ដល់​សមត្ថភាព​ក្នុងការ​គ្រប់គ្រង​សីតុណ្ហភាព​រាងកាយ​។ ប្រអប់ដៃ​និង​ជើង​ត្រជាក់ ឬ​ការ​មាន​អារម្មណ៍​ត្រជាក់​សឹង​គ្រប់ពេល​សូម្បី​ក្នុង​បន្ទប់​ដែលមាន​សីតុណ្ហភាព​ក្ដៅ​អាច​បណ្ដាល​មក​ភាព​អសកម្ម​នៃ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​។ ប៉ុន្តែ​ក្រពេញ​ទី​រ៉ូ​អ៊ី​ត​ដែល​សកម្ម​ហួស​អាច​បណ្ដាលឱ្យ​បែកញើស​ខ្លាំង​និង​មិនអាច​ទ្រាំ​នឹង​កម្ដៅ​បាន​។​
 
៩. បែកញើស​ហួសប្រមាណ​
 
Hyperthyroidism គឺជា​ស្ថានភាព​មួយ​ដែល​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ក្លាយ​ជាមាន​សកម្មភាព​លើស​កំណត់ ហើយ​ចាប់ផ្ដើម​ផលិត​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​ច្រើន​ហួស​។ ប្រសិនបើ​ការ​បែកញើស​ខ្លាំង​នេះ​គួបផ្សំ​នឹង​អាកា​រៈ​ច្រើន​ផ្សេងទៀត​ដូច​រៀបរាប់​ខាងលើ អ្នក​គួរ​ប្រញាប់​ទៅពិនិត្យ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ជាមួយ​គ្រូពេទ្យ​ជំនាញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com