បើតាមលោក វេង សាខុន ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ វិស័យកសិកម្មបច្ចុប្បន្ននេះ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ(ការដឹកជញ្ជូនផ្លូវ, ទឹក, ថ្លៃអគ្គិសនី, ឧបករណ៍ទំនើប)ដែលគាំទ្រការដាំដុះនៅមានកម្រិតទាប ហើយការប្រើប្រាស់ធាតុចូលកសិកម្មមានតម្លៃខ្ពស់ជាងប្រទេសជិតខាង។ ទន្ទឹមនឹងគ្នានេះ ការផ្តល់ជំនួយបច្ចេកទេសក្នុងវិស័យកសិកម្ម(ទាំងពូជ ទាំងការដាំដុះ និងមធ្យោបាយនានា)នៅមានទំហំតូចនៅឡើយ។ បញ្ហាទាំងនេះ គឺជាចំណុចសំខាន់ដែលលោក វេង សាខុន ខិតខំប្រឹងប្រែងដោះស្រាយក្នុងរយៈពេលមួយដ៏លំបាក ក្នុងតួនាទីជាអ្នកដឹកនាំវិស័យកសិកម្មកម្ពុជា អស់រយៈពេលមួយអាណត្តិមកនេះ។
លោក វេង សាខុន មានប្រសាសន៍ថា ការលំបាកទី១ដើម្បីដោះស្រាយបញ្ហាទាំងលើនេះ គឺការកែប្រែទស្សនៈវិស័យរបស់មន្ត្រីក្រសួងកសិកម្មនេះ។ លោកបានរៀបរាប់ថា កន្លងមក មន្ត្រីក្រសួងកសិកម្ម គឺធ្វើអ្វីតាមការផ្សព្វផ្សាយ ប៉ុន្តែមិនបានឈានទៅដល់ការសម្រេចផល ដើម្បីប្រកួតប្រជែងជាមួយផលិតផលកសិកម្មប្រទេសជិតខាងឡើយ។ ទន្ទឹមនឹងជួបការលំបាកនៃការខិតខំកែប្រែ ឬផ្លាស់ប្តូរសកម្មភាពធ្វើការងាររបស់មន្ត្រីខ្លួនហើយនោះ លោកវេង សាខុន ក៏បានជួបនឹងការលំបាកដ៏ធំមួយទៀត ក្នុងការជំរុញផលិតកម្មដែរ គឺការខ្វះខាតផ្នែកធនធាន ឬហិរញ្ញវត្ថុ ដែលគាំទ្រដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្ទាល់តែម្តង។
រដ្ឋមន្រី្តកសិកម្មរូបនេះមានប្រសាសន៍ដូច្នេះ៖«ចំណុចលំបាកទី២ គឺធនធានដែលគាំទ្រដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនទាន់បានយល់ដឹងអំពីទស្សនៈវិស័យ និងការជំរុញផលិតកម្មស្បៀងអាហារនៅកម្ពុជា»។ លោកបានបន្តថា៖«គាត់[ក្រសួងសេដ្ឋកិច្ច] ធ្លាប់ឱ្យទុនប៉ុននេះ យើងស្នើសុំថែមបន្តិចបន្តួចគាត់គឺថាមានកម្រិត ដោយសារសម្ពាធសេដ្ឋកិច្ចរបស់យើងនៅមានកម្រិត។ ដូច្នេះ យើងគឺមិនអាចទៅមុខលឿនបានទេ ដោយត្រូវការពេលវេលា និងត្រូវការយល់ទាំងអស់គ្នា។ ជាពិសេសគឺក្រសួងពាក់ព័ន្ធដែលជួយគាំទ្រដល់វិស័យកសិកម្មហ្នឹង»។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រូបថត៖ ឈន សុផាត
លោក វេង សាខុន បន្តនិយាយដោយសង្កត់ធ្ងន់ដូច្នេះ៖«ប្រសិនបើគាត់[ក្រសួងពាក់ព័ន្ធ] អង្គុយចាំតែថា ហើយចាំតែបន្ទោស គឺយើងមិនអាចទៅមុខបានទេ។ យើងធ្វើបណ្តើរ អង្វរកបណ្តើរដល់ក្រសួងពាក់ព័ន្ធដើម្បីឱ្យចូលរួមចំណែក»។
លោក វេង សាខុន ទាមទារឱ្យក្រសួងពាក់ព័ន្ធក្នុងវិស័យកសិកម្ម រត់ព្រមគ្នា ដើម្បីជំរុញផលិតផលកសិកម្មឱ្យសម្រេចបាននូវកសិផលខ្ពស់ ក្នុងការបន្ថយការនាំចូលបន្លែ-ផ្លែឈើគ្មានគុណភាពពីបរទេស ពិសេសពីវៀតណាម។ «យូរឬឆាប់ គឺអាស្រ័យលើធនធាន និងអាស្រ័យទៅលើក្រសួងពាក់ព័ន្ធដែលត្រូវយល់ដឹងថា ការធ្វើទំនើបកម្មវិស័យសេដ្ឋកិច្ចរបស់យើង ពិសេសវិស័យកសិកម្មហ្នឹង គឺត្រូវការស្វែងយល់អំពីអ្វីជាបច្ចេកវិទ្យាថ្មី ដែលត្រូវទាមទារដាក់ឱ្យប្រជាជនប្រើប្រាស់»។ នេះបើតាម វេង សាខុន ៕