ជាតិ
ការប្រកួតប្រជែង​«​ភូមិ​គ្មាន​ប្លា​ស្ទិ​ក​» នឹង​ពង្រីក​ទៅកាន់​ភូមិ​-​ឃុំ​នានា ក្នុងស្រុក​បន្ទាយស្រី​
08, Oct 2020 , 9:29 pm        
រូបភាព
ដោយ:
​គម្រោង​«​ភូមិ​គ្មាន​ប្លា​ស្ទិ​ក​» បាន​ធ្វើឡើង​តាំងពី​ខែមីនា ឆ្នាំ​២០២០​មកម្ល៉េះ នៅក្នុង​ភូមិ​ទាំង​៦ នៃ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ ជា​គម្រោង​ដែល​តម្រូវ​ឲ្យ​គ្រប់​ភូមិ​ក្នុង​ឃុំ​ព្រះ​ដាក់ ប្រកួតប្រជែង​គ្នា ក្នុងការ​សម្អាត​បរិស្ថាន ពិសេស​គឺ​ផ្តោតលើ​ការគ្រប់គ្រង​សំណល់​ប្លា​ស្ទិ​ក​។ គម្រោង​នេះ នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២០​នេះ​។ បន្ទាប់ពី​ឃុំ​ព្រះ​ដាក់ លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 គម្រោង​«​ភូមិ​គ្មាន​ប្លា​ស្ទិ​ក​» ដែលមាន​លក្ខណៈ​ប្រកួតប្រជែង​នេះ នឹង​ពង្រីក​ទៅកាន់​ឃុំ​ផ្សេងៗ​ទៀត​នៅ​ក្នុងស្រុក​បន្ទាយស្រី​។​



​រយៈពេល​៦​ខែ​មកហើយ ដែល​រដ្ឋបាល​ស្រុក​បន្ទាយស្រី បានជ្រើសរើស​ឃុំ​ព្រះ​ដាក់ ជា​ឃុំ​គោលដៅ​សម្រាប់​អនុវត្ត​គម្រោង​«​ភូមិ​គ្មាន​ប្លា​ស្ទិ​ក​»​។ គម្រោង​នេះ ផ្តោតលើ​ការ​ការអប់រំ​អ្នកភូមិ​នៅតាម​ផ្ទះ ការបង្កើត​ក្រុមយុវជន​ស្ម័គ្រចិត្ត​គំរូ​លើ​ការងារ​បរិស្ថាន ប្រព័ន្ធ​លើកទឹកចិត្ត​នានា និង​សកម្មភាព​បរិស្ថាន​ជាប្រចាំ​ខែ​ជាមួយ​អ្នកភូមិ​។ 


 
​តាម​លោក ឃឹម ហ្វី​ណង់ ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន Thmeythmey25 មិនមែន​សំដៅ​បញ្ឈប់​ការប្រើប្រាស់​ប្លា​ស្ទិ​ក​តែ​ម្តងនោះ​តែ ប៉ុន្តែ​ជាការ​ផ្ដោតលើ​ការអប់រំ ដើម្បី​ឲ្យ​អ្នកភូមិ​ឈានទៅ​បដិសេធ កាត់បន្ថយ និង​ប្រើប្រាស់​ឡើងវិញ​។ «​យើង​បានដាក់​ឈ្មោះថា Plastic Free Village (​ភូមិ​គ្មាន​ប្លា​ស្ទិ​ក​) ប៉ុន្តែ​ការងារ​ជា​គោលដៅ​យើង មិន​រំពឹងថា​នឹង​គ្មាន​ប្លា​ស្ទិ​កសោះ​នោះទេ ប៉ុន្តែ​ផ្ដោតលើ​ការអប់រំ​ណាមួយ ឈានទៅដល់​ការបដិសេធ ការកាត់បន្ថយ ការប្រើប្រាស់​ឡើងវិញ​។ ធ្វើយ៉ាងណា ឱ្យ​ការអប់រំ​ពី​ការប្រើប្រាស់​ប្លា​ស្ទិ​ក​នេះ ទៅដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទាំង​៦ ក្នុង​ឃុំ​ព្រះ​ដាក់ ឱ្យបាន​យល់ដឹង​»​។ នេះ​ជាការ​រៀបរាប់​របស់លោក​អភិបាលស្រុក​បន្ទាយស្រី​។ 


 
អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​ ដែលរួមសហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រី ក្នុងគម្រោង​ភូមិ​គ្មាន​ប្លា​ស្ទិ​ក នឹង​បញ្ចប់​នៅ​ដំណាច់ឆ្នាំ​២០២០​នេះ ហើយ​ភូមិ​១ ដែល​គ្រប់គ្រង​សំណល់​ប្លា​ស្ទិ​ក​បានល្អ​ជាងគេ នៅក្នុង​ចំណោម​ភូមិ​ទាំង​៦ នៃ​ឃុំ​ព្រះ​ដាក់ ដូចជា ភូមិ​ព្រះ​ដាក់ ភូមិ​ថ្នល់​បណ្ដោយ ភូមិ​តា​ត្រៃ ភូមិ​ថ្នល់ទទឹង ភូមិ​តា​កុះ និង​ភូមិ​អូរទទឹង នឹងត្រូវ​ជ្រើសរើស​ជា​ជ័យលាភី​។ យ៉ាងណាក៏ដោយ មុននឹង​ត្រូវបាន​ជ្រើសរើស ភូមិ​ទាំង​៦ នៃ​ឃុំ​ព្រះ​ដាក់​ដែល​ចូលរួម​ប្រកួតប្រជែង​លើ​គម្រោង «​ភូមិ​គ្មាន​ប្លា​ស្ទិ​ក​» ត្រូវ​ឆ្លងកាត់​ការវិនិច្ឆ័យ​ជាច្រើន​ដំណាក់​។ ការវិនិច្ឆ័យ គឺ​អាស្រ័យ​លើ​អនុវត្ត​សកម្មភាព​ទាំងឡាយណា ដែល​ស្ថិតក្រោម​ប្រធានបទ បដិសេធ កាត់បន្ថយ ប្រើ​ឡើងវិញ និង​កែច្នៃ​សំណល់​ប្លា​ស្ទិ​ក ដែល​រួមមាន​ការអប់រំ ការចុះ​រើស​សំរាម ការពង្រាយ​ធុងសំរាម​នៅតាម​ទីសាធារណៈ​ជាដើម​។ លោក ឃឹម ហ្វី​ណង់ បាន​បញ្ជាក់ថា​៖ « គោលដៅ​នៃ​គម្រោង​នេះ យើង​ចង់​បានតែ​ភូមិ​មួយ​ជា​គំរូ ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ប្លា​ស្ទិ​ក​ទេ ហើយ​ប្រជាជន ក្នុងភូមិ​ទាំង​៦​នេះ ត្រូវ​ចូលរួម​ប្រកួតប្រជែង​គ្នា​។ ចំណែក​ភូមិ​ដទៃទៀត យើង​នឹងមាន​គម្រោង​នៅពេល​ក្រោយ​»​។​


 
​លោក ហ្វី​ណង់ រំពឹងថា​ក្រោយ​គម្រោង​«​ភូមិ​គ្មាន​ប្លា​ស្ទិ​ក​នេះ​បញ្ចប់ ប្រជាពលរដ្ឋ​មិនថាតែ​នៅក្នុង​ឃុំ​ព្រះ​ដាក់​ទេ ដែល​បាន​យល់ដឹង​ពី​ការប្រើប្រាស់​ប្លា​ស្ទិ​ក ប៉ុន្តែ​ពលរដ្ឋ​ក្នុង​ឃុំ​ដទៃទៀត​នៃ​ស្រុក​បន្ទាយស្រី ពិសេស​ភ្ញៀវទេសចរ​ជាតិ ក៏​នឹង​យល់ដឹង​ពី​ការប្រើ​ប្លា​ស្ទិ​ក និង​ចូលរួម​បន្ថយ​ការប្រើ​ប្លា​ស្ទិ​ក​ដែរ​។ ស្រុក​បន្ទាយស្រី ក៏​នឹង​អាច​ទាក់ទាញ​ទេសចរ បាន​កាន់តែច្រើន​បន្ថែម​ទៀត​ដែរ​។ នេះ​ជាការ​សង្ឃឹម​របស់​អភិបាលស្រុក​វ័យក្មេង ដែល​ទើប​ចូលកាន់​តំណែង​បាន​មួយឆ្នាំ​គត់​រូបនេះ​៕
 
 
 

Tag:
 ប្លា​ស្ទិ​ក​
  ភូមិ​គំរូ​
  បរិស្ថាន​
  ព្រះ​ដាក់​
  បន្ទាយស្រី​
  សៀមរាប​
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com