ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ៖ រឿងសមាជិកព្រឹទ្ធសភាប៉ងយកដីរដ្ឋជាង៥០០ហិកតា មិនចប់ត្រឹមសុំទោសទេ
08, Oct 2020 , 3:55 pm        
រូបភាព
លោក ណយ ស្រូន សមាជិកព្រឹទ្ធសភា ដែលពាក់ព័ន្ធនឹងការទន្ទ្រានដីរដ្ឋជាង៥០០ហិកតា នៅមណ្ឌលគិរី (រូបពីគណនីហ្វេសប៊ុក Noy Sron)
លោក ណយ ស្រូន សមាជិកព្រឹទ្ធសភា ដែលពាក់ព័ន្ធនឹងការទន្ទ្រានដីរដ្ឋជាង៥០០ហិកតា នៅមណ្ឌលគិរី (រូបពីគណនីហ្វេសប៊ុក Noy Sron)
សមាជិកម្នាក់នៃព្រឹទ្ធសភា ដែលជាស្ថាប័ននីតិបញ្ញត្តិជាន់ខ្ពស់ គឺលោក ណយ ស្រូន ត្រូវបានរកឃើញថា ពាក់ព័ន្ធនឹងការទន្ទ្រានយកដីរដ្ឋរាប់រយហិកតានៅខេត្តមណ្ឌលគិរី។ សាធារណជន កំពុងដាក់ជាចម្ងក់ថា តើសំណុំរឿងរបស់លោក ណយ ស្រូន នឹងត្រូវបញ្ចប់ ដោយគ្រាន់តែលោកសុំទោស និងទទួលការអបំរំ? ឬក៏នឹងត្រូវមានចំណាត់ការផ្លូវច្បាប់?



បន្ថែមពីលើសេចក្តីបំភ្លឺ២លើកអំពីករណីលោក ណយ ស្រូន លោក ម៉ម ប៊ុននាង អ្នកនាំពាក្យនិងជាសមាជិកព្រឹទ្ធសភា បានពន្យល់បន្ថែមទៀត ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០។ លោក បកស្រាយទៅសាធារណជនថា៖«ទោះគាត់សំទោសសុំអី មិនមែនកំហុសឆ្គងហ្នឹង ចប់ត្រឹមសុំទោសហ្នឹងទេ»។ មិនមែនរួចខ្លួន ដោយគ្រាន់តែសុំទោសនិងទទួលការអប់រំប៉ុណ្ណឹងទេ? អ្នកនាំពាក្យ ឆ្លើយថា៖«អត់ទេ! អត់ទេ! ច្បាប់ គាត់ត្រូវអនុវត្តច្បាប់»។

អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិកម្ពុជា (CCHR) លើកឡើងថា ប្រជាពលរដ្ឋឬសហគមន៍ ត្រូវចោទពីការរំលោភឬការរស់នៅដីលើរដ្ឋ ឬចោទពីកាទន្ទ្រានកាន់កាប់ដីព្រៃ ហើយអ្នកខ្លះ ត្រូវបានចាប់ខ្លួន ជាដើម បើទោះបីករណីភាគច្រើន ប្រជាពលរដ្ឋសហគមន៍ បានរស់នៅលើដីឬទីតាំងនោះជាយូរក៏ដោយ។ លើកករណីប្រជាពលរដ្ឋរួចហើយ អ្នកស្រី ក៏ចោទជាសំណួរក្នុងបរិបទនៃសាច់រឿងរបស់លោក ណយ ស្រូន ថា ដល់ពេលមន្ត្រីសាធារណៈវិញ តើចំណាត់ការ ចប់ត្រឹមតែអប់រំមែនទេ? តើអ្វីជាការអនុវត្តច្បាប់ ដែលរដ្ឋបានអះអាង? ឬច្បាប់ប្រើតែលើប្រជាពលរដ្ឋ?

បន្ទាប់មក ប្រធានអង្គការផ្នែកសិទ្ធិមនុស្សរូបនេះ លើកជាយោបល់ថា រដ្ឋាភិបាល គួរបញ្ចប់វប្បធម៌និទណ្ឌភាព រាប់ទាំងវិធានការជាញឹកញយកន្លងមក ដែលប្រើត្រឹមតែពិន័យរដ្ឋបាល ហើយភាគច្រើន គឺដកឬផ្ទេរតំណែងមន្ត្រីជាប់ពិរុទ្ធ ទៅស្ថាប័នឬអង្គភាពផ្សេង។ អ្នកស្រី បន្តថា ពេលខ្លះ ការផ្ទេរនោះ អាចទទួលតំណែងល្អជាងមុនទៀត។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន អ្នកស្រី សរសេរដូច្នេះថា៖«នេះមិនមែនជាការអនុវត្តគោលការណ៍នីតិរដ្ឋទេ ហើយចូលរួមចំណែកបន្តភាពអសកម្ម ជនល្មើសនៅតែហ៊ានប្រព្រឹត្តនិងជាសារលើកទឹកចិត្តដល់ជនដទៃឲ្យប្រព្រឹត្ត ដែលនេះនឹងប៉ះពាល់ដល់កិច្ចប្រឹងប្រែងរបស់ខ្លួន ដែលចង់ឲ្យមានកំណែទម្រង់ល្អប្រសើរនោះ»។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ក៏មានមតិលើរឿងលោក ណយ ស្រូន ដែរ។ លោក ចោទជាសំណួរថា ប្រជាពលរដ្ឋទូទៅ ដែលមានទោស ត្រូវបានកាត់ទោស ចុះហេតុអ្វី លោក ណយ ស្រូន ត្រូវបានរកឃើញពីការទន្ទ្រានយកដីរដ្ឋជាង៥០០ហិកតា បែរជាមិនមានទោស ដោយគ្រាន់តែឲ្យគាត់ សុំទោសនិងទទួលការអប់រំ?

លោក និយាយក្នុងការផ្សាយផ្ទាល់ (Live) លើទំព័រហ្វេសប៊ុករបស់លោកថា បើអនុវត្តច្បាប់បែបរើសអើង និងមានស្តង់ដាពីរបែបនេះ គឺលោក ពិបាកនឹងទទួលយកណាស់។ លោក ថ្លែងថា៖«ក្នុងនាមជាយុវជនជំនាន់ក្រោយ ឲ្យខ្ញុំបិទមាត់ម្តេចជិត បើឃើញនឹងភ្នែក ស្តាប់ឮនឹងត្រចៀក ថា ការអនុវត្តច្បាប់មិនស្មើភាពបែបនេះ»។

ការដែលលោក ណយ ស្រូន សុំទោល គឺបញ្ជាក់ថា លោក ទទួលស្គាល់កំហុសក្នុងការទន្ទ្រានយកដីជាង៥០០ហិកតានោះ។ នេះជាការយល់ឃើញរបស់លោក ពេជ្រ ស្រស់ ដោយលោក សង្កត់ធ្ងន់ថា៖«ពាក្យ [សុំទោសនិងសុំទទួលស្គាល់កំហុស] នេះ ជាភស្តុតាងដ៏រឹងមាំ សម្រាប់ចាត់ការឯកឧត្តម ណយ ស្រូន ទៅហើយ។ ទោះច្បាប់ដាក់ទោសគាត់កម្រិតណា ក៏ត្រូវដាក់ទៅលើគាត់ដែរ ពីព្រោះជាច្បាប់»។

លោក ម៉ម ប៊ុននាង ហៅការរិះគន់និងការប្រតិកម្មទាំងនោះ ថាជាការមិនយល់ពីនីតិវិធីរបស់ព្រឹទ្ធសភាក្នុងការដោះស្រាយរឿងលោក ណយ ស្រូន។ លោក ពន្យល់ថា ជាជំហានដំបូង ព្រឹទ្ធសភា ត្រូវអប់រំនិងណែនាំលោក ណយ ស្រូន សិន និងឲ្យលោក បញ្ឈប់សកម្មភាពពាក់ព័ន្ធនឹងដីជាង៥០០ហិកតានោះជាបន្ទាន់ ហើយបើកផ្លូវឲ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ស៊ើបអង្កេត។

អ្នកនាំពាក្យ និយាយពីនីតិវិធីថា អាជ្ញាធរមានសមត្ថកិច្ច រួមទាំងក្រសួងយុត្តិធម៌ ត្រូវស៊ើបអង្កេតនិងស្រាវជ្រាវលើករណីរបស់លោក ណយ ស្រូន ហើយត្រូវបញ្ជូនលទ្ធផលនៃការស៊ើបអង្កេតនោះ ទៅព្រឹទ្ធសភា ដើម្បីពិនិត្យមើលទោសកំហុសរបស់លោក ណយ ស្រូន។ លោក និយាយទៀតថា បើទោសកំហុសរបស់លោក ណយ ស្រូន ត្រូវតម្រូវឲ្យព្រឹទ្ធសភា ដកអភ័យឯកសិទ្ធិ ព្រឹទ្ធសភានឹងដក ដើម្បីឲ្យតុលាការ ចាត់ការបន្ត។

អ្នកនាំពាក្យ មានប្រសាសន៍ថា៖«[តាម] ច្បាប់ មិនមែនព្រឹទ្ធសភា ជាអ្នកសម្រេចបញ្ចប់ទំនាស់ដីធ្លីហ្នឹងទេ។ សមត្ថកិច្ច អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវសិក្សាស្រាវជ្រាវពីកំហុសឆ្គងបុគ្គលទាំងអស់នុ៎ង មិនមែនតែឯកឧត្តម ណយ ស្រូន ទេ។ […] មិនមែនឥឡូហ្នឹងគ្រាន់តែរុញភ្លាមមក ត្រូវធ្វើភ្លាមទេ អត់ទាន់ទេ បើកផ្លូវឲ្យគេស៊ើបអង្កេតសិន»។

បន្ទាប់ពីទទួលបានការយល់ព្រមពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្តេចឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសរសេរលិខិតជូនទៅសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីសុំឲ្យអបរំនិងណែនាំលោក ណយ ស្រូន។ សាធារណជន ពុំទាន់បានឃើញលិខិតរបស់សម្តេច ស ខេង ដែលផ្ញើជូនសម្តេច សាយ ឈុំ ឡើយ តែ Fresh News អះអាងថា បានទទួលលិខិតនោះ ហើយបានស្រង់ខ្លឹមសារយកទៅចុះផ្សាយ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០។

Fresh News បានសរសេរពីខ្លឹមសារក្នុងលិខិតរបស់សម្តេច ស ខេង ដែលជម្រាបទៅសម្តេច សាយ ឈុំ ថា៖«លទ្ធផលនៃការចុះស្រាវជ្រាវរបស់ក្រុមការងារអន្តរក្រសួង បានរកឃើញថា លោក ណយ ស្រូន សមាជិកព្រឹទ្ធសភាភូមិភាគ៨ មានការពាក់ព័ន្ធនឹងដីព្រៃ ដែលរងនូវការកាប់រាន និងការទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ស្ថិតក្នុងខេត្តមណ្ឌលគិរី ដោយបានប្រាស់តួនាទី អំណាច និង ឥទ្ធិពលរបស់ខ្លួនជាសមាជិកព្រឹទ្ធសភា ណែនាំដល់មន្ត្រីមូលដ្ឋានឲ្យចុះហត្ថលេខាលើឯកសារដីធ្លីដែលពុំស្របច្បាប់»។

កាលពីចុងខែកក្កដា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សាស្រាវជ្រាវលើករណីទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ នៅខេត្តមណ្ឌលគិរី។

ក្រោយមានសារព័ត៌មានចុះផ្សាយពីរឿងលោក ណយ ស្រូន អ្នកនាំពាក្យព្រឹទ្ធសភា ក៏បានចេញសេចក្តីបំភ្លឺដល់ទៅ២លើក។ សេចក្តីបំភ្លឺលើកទី១ សរសេរថា ដោយអនុវត្តតាមចំណារបស់សម្តេចនាយករដ្ឋមន្រ្តី ដែលចារទៅលើលិខិតរបស់សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ ស្តីពីករណីពាក់ព័ន្ធជាមួយលោក ណយ ស្រូន ក្នុងការរៀបចំឯកសារកាន់កាប់ដីទំហំ៥៣១ហិកតា នៅភូមិពូព្យាម ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ស៊ឹម កា អនុប្រធានទី១ និង លោក ទេព ងន អនុប្រធានទី២នៃព្រឹទ្ធសភា  បានអញ្ជើញលោក ណាយ ស្រូន ឲ្យទៅជួបពិភាក្សា។

សេចក្តីបំភ្លឺរបស់អ្នកនាំពាក្យ បរិយាយថា៖«ក្រោមការណែនាំរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា ឯកឧត្តម ណយ ស្រូន បានសុំខន្តីអភ័យទោសរាល់កំហុសខុសឆ្គង ទោះចេតនាក្តី ឬអចេតនាក្តី ដែលបានធ្វើឲ្យថ្នាក់ដឹកនាំមានការលំបាកដោយសារខ្លួន។ ជាមួយគ្នានេះ [ឯកឧត្តម ណយ ស្រូន] ក៏បានទទួលយកការអប់រំណែនាំទាំងអស់របស់សម្តេចប្រធានព្រឹទ្ធសភា និងឯកឧត្តមអនុប្រធានទាំងពីរ ដោយបានធ្វើលិខិតចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ [ថា] ឈប់ពាក់ព័ន្ធជាមួយដីទំហំ៥៣១ហិកតានេះទៀតហើយ»។

១ថ្ងៃក្រោយមក អ្នកនាំពាក្យ បានចេញសេចក្តីបំភ្លឺលើកទី២ ដើម្បីជម្រាបសាធារណជនឲ្យយល់កាន់តែច្បាស់លាស់ថែមទៀត លើករណីលោក ណយ ស្រូន។ សេចក្តីបំភ្លៃលើកទី២ អះអាងថា លោក ណយ ស្រូន ពុំទាន់បានគ្រប់គ្រង និងប្រើប្រាស់ដីទំហំ៥៣១ហិកតានោះឡើយ គឺទើបតែស្ថិតក្នុងដំណើរការដំបូងនៃការដាក់ពាក្យស្នើសុំកាន់កាប់ដីនេះ ទៅអាជ្ញាធរមានសមត្ថកិច្ចតែប៉ុណ្ណោះ ហើយអាជ្ញាធរមានសមត្ថកិច្ច ក៏ពុំទាន់អនុញ្ញាតនៅឡើយទេ។

អ្នកនាំពាក្យព្រឹទ្ធសភា រំលេចក្នុងសេចក្តីបំភ្លឺលើកទី២ថា៖«ក្នុងក្របខ័ណ្ឌស្ថាប័ន ថ្នាក់ដឹកនាំមានសិទ្ធិគ្រប់គ្រាន់ ដើម្បីអប់រំណែនាំសមាជិករបស់ខ្លួន ឲ្យប្រព្រឹត្តត្រឹមត្រូវតាមច្បាប់ជាធរមាន។ វិធានការអប់រំណែនាំរបស់ស្ថាប័ន ពុំរារាំងដល់ការអនុវត្តច្បាប់នោះទេ បើសាមីខ្លួនត្រូវបានរកឃើញនូវកំហុសណាមួយពាក់ព័ន្ធនឹងផ្លូវច្បាប់»។

អ្នកនាំពាក្យ បន្ថែមថា ក្នុងនាមជាសមាជិកព្រឹទ្ធសភា លោក ណយ ស្រូន ត្រូវគោរពតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននៅកម្ពុជា ព្រមទាំងច្បាប់ស្តីពីលក្ខន្តិកៈសមាជិកព្រឹទ្ធសភានិងបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា។

ទន្ទឹមនឹងនេះ គេ បានឃើញលិខិតរបស់លោក ណយ ស្រូន ដែលផ្ញើជូនទៅសម្តេចនាយករដ្ឋមន្រ្តី។ ក្នុងលិខិត ធ្វើឡើងតាំងពីចុងខែកញ្ញា ឆ្នាំ២០២០ លោក ណយ ស្រូន ជម្រាបសម្តេចថា លោក មិនដែលបានគ្រប់គ្រងដីទំហំ៥៣១ហិកតានោះទេ។ លោក ជម្រាបសម្តេចទៀតថា ដើម្បីបញ្ចប់រឿងរ៉ាវទាំងអស់នេះ ចាប់ពីថ្ងៃនេះទៅ លោក ដកខ្លួនលែងពាក់ព័ន្ធជាមួយដីទំហំ៥៣១ហិកតានោះទៀតហើយ ហើយប្រគល់ឲ្យរដ្ឋគ្រប់គ្រងវិញ។

សមាជិកព្រឹទ្ធសភារូបនេះ សរសេរថា៖«សេចក្តីដូចបានគោរពជម្រាបជូនខាងលើ ខ្ញុំ បាទសូមសម្តេចតេជោនាយករដ្ឋមន្រ្តី មេត្តាយោគយល់នូវរាល់កំហុសឆ្គងរបស់ខ្ញុំបាទកន្លងមក ហើយខ្ញុំបាទសូមប្តេជ្ញាខិតខំរៀនសូត្រប្រតិបត្តិតាមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអស់មួយជីវិតនៃខ្ញុំ ដើម្បីបុព្វហេតុមាតុភូមិនិងគណបក្សប្រជាជនកម្ពុជា»។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីដើមខែកក្កដា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី ចេញបញ្ជាថា ដំណាក់កាលនេះ ត្រូវវះកាត់និងផ្តន្ទាទោសរាល់ជនខិលខួច ដែលគប់គិតគ្នា យកដីរដ្ឋនិងដីរបស់ប្រជាពលរដ្ឋ ហើយនឹងឈានដល់ការដកហូតមុខតំណែង និងត្រូវបណ្តេញចេញពីគណបក្សប្រជាជនកម្ពុជាតែម្តង៕

Tag:
 ណយ ស្រូន
  ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com