សង្គមអន្តរជាតិ​
អន្តរជាតិ
Taylor Swift ប្រកាស​បោះឆ្នោត​ឲ្យ​លោក​បៃ​ឌិន​ធ្វើ​ប្រធានាធិបតី​អាមេរិក​
08, Oct 2020 , 9:59 pm        
រូបភាព
ដោយ:
​កំពូល​តារាចម្រៀង​អាមេរិក Taylor Swift នៅ​ថ្ងៃទី ៧ ខែតុលា បានប្រកាសថា នាង​នឹង​បោះឆ្នោត​ឲ្យ​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ ចូ បៃ​ឌិន​និង​អ្នកស្រី ខា​ម៉ា​ឡា ហារី​ស បេក្ខជន​អនុ​ប្រធានាធិបតី ក្នុងការ​បោះឆ្នោត​នា​ថ្ងៃទី ៣ ខែវិច្ឆិកា​។ លោក បៃ​ឌិន បាន​សរសេរ​អរគុណ​ត្រលប់​ទៅកាន់​កញ្ញា Swift វិញ​។

 
​តារាចម្រៀង​វ័យ​៣០​ឆ្នាំ​រូបនេះ បាន​ចែករំលែក​រូបថត​២​សន្លឹក​លើ​បណ្ដាញ​សង្គម Twitter ។ រូប​មួយ បង្ហាញ​នាង Swift កាន់​នំ​មួយ​ចាន​ធំ​ដែលមាន​សរសេរ​អក្សរ​«​បៃ​ឌិន ហារី​ស ២០២០» លើ​នោះ ។ ចំណែក​រូប​មួយទៀត គឺជា​រូប​គ្រប​ទស្សនា​វ​ដ្តី​មួយ​ដែល​បង្ហាញអក្សរ «VOTE​ឬ​បោះឆ្នោត​»​យ៉ាង​ធំ​លើ​ផ្ទៃមុខ​នាង​។​
 
​លើ​រូប​ទាំងពីរ​នេះ កំពូល​តារាចម្រៀង Taylor Swift សរសេរ​ដូច្នេះ​ថា​៖«​ខ្ញុំ​បាន​និយាយប្រាប់​ទស្សនា​វ​ដ្តី V អំពី​មូល​ហេតុដែល​ខ្ញុំ​នឹង​បោះឆ្នោត​ឲ្យ​លោក​ចូ បៃ​ឌិន ធ្វើជា​ប្រធានាធិបតី​។ [​ខ្ញុំ​] នឹង​មើល និង​គាំទ្រ​អ្នកស្រី ខា​ម៉ា​ឡា ហារី​ស ដោយ​ស្រែក​ដាក់​ទូរទស្សន៍​ឲ្យ​ច្រើន​។ ហើយ​ខ្ញុំ​ក៏​នឹង​អង្គុយ​ញ្ញុំ​ា​នំ​ទាំងនេះ​ផងដែរ​»​។​


 
​ការប្រកាស​គាំទ្រ​ជា​សាធារណៈ​របស់​កំពូល​តា​រា​ចម្រៀង​អាមេរិក​នេះ ធ្វើឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុនពេល​កម្មវិធី​ជជែក​ដេញដោល​អនុ​ប្រធានាធិបតី​រវាង​លោក ម៉ៃ ផេ​ន និង​ខា​ម៉ា​ឡា ហារី​ស ដែល​រៀបចំឡើង​នៅ​យប់​ថ្ងៃទី ៧ ខែតុលា (​ម៉ោង​នៅ​អាមេរិក​) ។ 
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទស្សនា​វ​ដ្តី V កញ្ញា Taylor Swift បាន​និយាយថា ការផ្លាស់ប្តូរ​ដែល​ពល​រដ្ឋ​អាមេរិក​ត្រូវការ​បំផុត​គឺ​បោះឆ្នោត​រើស​ប្រធានាធិបតី​ម្នាក់​ដែល​មិន​រើសអើង​ពូជសាសន៍ ពណ៌​សម្បុរ និង​គោរព​សិទ្ធិ​ស្ត្រី ក៏ដូចជា​សហគមន៍​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ផងដែរ​។ ជាមួយគ្នានេះ កញ្ញា Swift ក៏​សង្កត់ធ្ងន់​ពី​សារសំខាន់​នៃ​រដ្ឋាភិបាល​មួយ ដែល​យកចិត្តទុកដាក់​ខ្ពស់​លើ​ហានិភ័យ​សុខភាព​សកល និង​ឲ្យ​តម្លៃ​លើ​ជីវិត​មនុស្ស​។  
 
​លោក ចូ បៃ​ឌិន បាន​អរគុណ​ចំពោះ​ការគាំទ្រ​របស់ Taylor Swift ។ តាមរយៈ​បណ្ដាញ​សង្គម Twitter អតីត​អនុ​ប្រធានាធិបតី​វ័យ​៧៧​ឆ្នាំ​រូបនេះ សរសេរ​ដូច្នេះ​ថា​៖« Tayloy សូម​អរគុណ​សម្រាប់​ការគាំទ្រ​អ្នក និង​សម្រាប់​បញ្ចេញមតិ​អំឡុងពេល​វេលា​ដ៏​សំខាន់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រជាជាតិ​យើង​»៕ 

Tag:
 សហរដ្ឋអាមេរិក​
  Tayloy Swift
  ចូ បៃ​ឌិន​
  ការបោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com