ជាតិ
រចនាសម្ព័ន្ធកំពែងទី៣ប្រវែង៤០ម៉ែត្រ នៃប្រាសាទបន្ទាយស្រី ត្រូវបានជួសជុល និងសង្គ្រោះ ប្រាសាទបន្ទាយស្រី (រូបភាពពី យី សុខា)
× រចនាសម្ព័ន្ធកំពែងទី៣ នៃប្រាសាទបន្ទាយស្រី ប្រវែងសរុប ៤០ម៉ែត្រ ត្រូវបានជួសជុល និងសង្គ្រោះ ឲ្យផុតពីហានិភ័យ។ កត្តាធម្មជាតិ គួបផ្សំនឹងអាយុកាលដ៏យូរលង់នៃសំណង់ ការបាក់រលំដើមឈើ ការ ឫសឈើធំៗដែលចូលក្នុងសំណង់ប្រាសាទ ជាឫសគល់ដែលបណ្តាលឲ្យរចនាសម្ព័ន្ធកំពែង និងប្រាសាទបន្ទាយស្រី ទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃ។ លោក សារាយ គឹមហួល បុរាណវិទូ និងជាប្រធានគម្រោងជួសជុល អភិរក្សប្រាសាទបន្ទាយស្រី បញ្ជាក់ដូច្នេះនៅក្នុងទំព័រហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៦តុលា។ ទោះជាយ៉ាងណាក៏ដោយ លោក សារាយ គឹមហួល អះអាងថា នៅមានរចនាសម្ព័ន្ធជាច្រើនទៀត នៅប្រាសាទបន្ទាយស្រី កំពុងប្រឈមនឹងហានិភ័យ ហើយទាមទារឲ្យមានការអភិរក្សជួសជុលបន្តបន្ទាប់ទៀត។
រចនាសម្ព័ន្ធកំពែងទី៣ នៃប្រាសាទបន្ទាយស្រី ដែលរងនូវការខូចខាតទ្រុឌទ្រោម ចំនួន៥ទីតាំង និងមានប្រវែងសរុប ៤០ម៉ែត្រ ត្រូវបានជួសជុលរួចរាល់ហើយ ដោយក្រុមអ្នកជំនាញអភិរក្ស និងជួសជុលប្រាសាទ នៃអាជ្ញាជាតិអប្សរា។ អាជ្ញាធរជាតិអប្សរា បានស្រង់សម្តី លោក សារាយ គឹមហួល បុរាណវិទូ និងជាប្រធានគម្រោងជួសជុល អភិរក្សប្រាសាទបន្ទាយស្រី មកផ្សាយនៅទំព័រហ្វេសប៊ុក នៅថ្ងៃទី៦តុលាថា ការទ្រុឌទ្រោមរចនាសម្ព័ន្ធរបស់កំពែង និងប្រាសាទនេះ គឺបណ្តាលមកពីកត្តាធម្មជាតិ គួបផ្សំនឹងអាយុកាលដ៏យូរលង់នៃសំណង់បុរាណនេះ។ ការបាក់រលំនៃដើមឈើ ការចាក់ឫសដើមឈើធំៗ បានធ្វើឲ្យគ្រឹះប្រាសាទប៉ើង ស្រុត ទ្រេត និងប្រេះស្រាំ ដែលខុសពីទម្រង់ដើមដែរ។ លោក សារាយ គឹមហួល បន្ថែមដូច្នេះ។
ប្រាសាទបន្ទាយស្រី (រូបភាពពី យី សុខា)
កត្តាទាំងនេះហើយ បានជំរុញឲ្យក្រុមអ្នកជំនាញ ចាប់ផ្ដើមជួសជុលនៅទីតាំងណា ដែលរងការខូចខាត និងកំពុងគំរាមកំហែង ពីការខូចខាតខ្លាំង ដើម្បីកាត់បន្ថយការខូចខាតធ្ងន់ធ្ងរ នៃរចនាសម្ពន្ធកំពែង ក៏ដូចជាសង្គ្រោះរចនាសម្ព៏ន្ធពាក់ព័ន្ធផ្សេងៗទៀត ដែលកំពុងរងគ្រោះថ្នាក់ ឱ្យទាន់ពេលវេលា។ យ៉ាងណាក៏ដោយ ប្រធានគម្រោងជួសជុល អភិរក្សប្រាសាទបន្ទាយស្រី អះអាងនៅក្នុងទំព័រហ្វេសប៊ុកអាជ្ញាធរជាតិអប្សរាថា មានរចនាសម្ព័ន្ធជាច្រើនទៀត នៅប្រាសាទបន្ទាយស្រី កំពុងប្រឈមនឹងហានិភ័យ ហើយទាមទារឲ្យមានការអភិរក្សជួសជុលជាបន្តទៀត។
បើតាមអាជ្ញាធរជាតិអប្សរា ប្រាសាទបន្ទាយស្រី បានចាប់ផ្តើមអភិរក្សឡើងវិញ នៅអំឡុងឆ្នាំ១៩១៦។ បន្ទាប់មកនៅឆ្នាំ១៩២៤ សាលាបារាំងចុងបូព៌ា (EFEO) បានត្រួសត្រាយព្រៃ និងផ្តើមសិក្សាស្រាវជ្រាវ ជាបន្តបន្ទាប់។ រហូតដល់ឆ្នាំ ១៩៣១-១៩៣៦ ការជួសជុលទ្រង់ទ្រាយធំ តាមបច្ចេកទេសអាណាស្ទីឡូ ដឹកនាំដោយលោក Henry Marchal ក៏បានចាប់ផ្តើមឡើង។
ប្រាសាទបន្ទាយស្រី (រូបភាពពី យី សុខា)
មកដល់ឆ្នាំ២០០៥ ប្រទេសស្វីស និងអាជ្ញាធរជាតិអប្សរា បានសហការធ្វើកំណាយស្រាវជ្រាវ សង្គ្រោះប្រាសាទ ដើម្បីរក្សាសោភណភាពពីបុរាណ ហើយរៀបចំជាទីលានបដិសណ្ឋារកិច្ចដំបូងគេ នៅឧទ្យានអង្គរ។ ឆ្នាំ២០១៦ អាជ្ញាធរជាតិអប្សរា បានជួសជុលពង្រឹងរចនាសម្ពន្ធខ្លោងទ្វារ និងកំពែងថ្មបាយក្រៀម ដោយរក្សាទម្រង់ដើមរបស់សំណង់ និងគិតអំពីការប្រើប្រាស់បច្ចេកទេសបុរាណឡើងវិញ រួមទាំងសម្ភារ និងប្រវត្តិនៃសំណង់ជាដើម៕
ប្រាសាទបន្ទាយស្រី (រូបភាពពី យី សុខា)
ប្រាសាទបន្ទាយស្រី (រូបភាពពី យី សុខា)
Tag:
ប្រាសាទបន្ទាយស្រី
អង្គរ
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com