COVID-19
អន្តរជាតិ
វៀតណាម សិង្ហបុរី និងម៉ាឡេស៊ី ស្ថិតក្នុងចំណោមប្រទេសដែលជប៉ុនដកចេញបម្រាមធ្វើដំណើរ
×
ដោយ៖កង ម៉េងហុង
កាសែតក្នុងស្រុកជប៉ុន Yomiuri បានរាយការណ៍នៅថ្ងៃទី៨ ខែតុលាថា ជប៉ុនគ្រោងលុបចោលការហាមឃាត់ក្នុងការធ្វើដំណើរទៅកាន់ចិននិងប្រទេសចំនួន ១១ ផ្សេងទៀតនៅខែក្រោយនេះ។ វៀតណាម សិង្ហបុរី និងម៉ាឡេស៊ី ក៏មានឈ្មោះក្នុងប្រទេសទាំង១២នេះដែរ។
បើតាមកាសែត Yomiuri ជប៉ុនគ្រោងនឹងបើកអោយមានការធ្វើដំណើរឡើងវិញកាន់ប្រទេស និងតំបន់ចំនួន១២ ផ្សេងទៀតរួមមានតៃវ៉ាន់ អូស្ត្រាលី នូវែលសេឡង់ សិង្ហបុរី កូរ៉េខាងត្បូង វៀតណាម និងម៉ាឡេស៊ី។ ប្រទេស និងតំបន់ទាំងនេះ ត្រូវបានមើលឃើញថា អាចគ្រប់គ្រងជំងឺ COVID-19 បាន ពិសេសនូវែលសេឡង់ និងវៀតណាម ខណៈថៃមិនមានករណីឆ្លងក្នុងស្រុកប៉ុន្មានថ្ងៃមកហើយ និងរាយការណ៍ពីករណីឆ្លងពីបរទេសប៉ុណ្ណោះ។
ទោះជាយ៉ាងណា ជប៉ុនដែលបច្ចុប្បន្នកំពុងហាមឃាត់ការធ្វើដំណើរទៅកាន់ប្រទេសនិងតំបន់ចំនួន ១៥៩ បន្តណែនាំឲ្យអ្នកធ្វើដំណើរជៀសវាងចំពោះការធ្វើដំណើរណាដែលមិនចាំបាច់ និងមិនសំខាន់ទៅកាន់ប្រទេសទាំង ១២ នោះដដែល។
រដ្ឋាភិបាលចាប់ផ្ដើមបន្ធូរបន្ថយវិធានការរបស់ខ្លួនក្នុងការទប់ស្កាត់ការរាលដាលជំងឺ COVID-19 ដោយអនុញ្ញាតឲ្យអ្នកដំណើរ ពិសេសពាណិជ្ជករអាចចូលទឹកដីខ្លួនបាន។ កន្លងទៅ ជប៉ុនក៏បានបន្ធូរបន្ថយការធ្វើដំណើរទៅមករួចហើយជាមួយកូរ៉េខាងត្បូង និងវៀតណាម។ ពីខែតុលាទៅ អ្នកកាន់បណ្ណអនុញ្ញាតស្នាក់នៅរយៈពេលវែង ក៏អាចចូលជប៉ុនដែរ។
សារព័ត៌មាន Nikkei បានរាយការណ៍នៅថ្ងៃពុធទី ៧ ខែតុលាថា ជប៉ុននឹងកាត់បន្ថយរយៈពេល២សប្តាហ៍នៃការធ្វើចត្តាឡីស័កសម្រាប់អ្នករកស៊ីមួយចំនួន។ វិធានការនេះ នឹងអនុវត្តចំពោះជនជាតិជប៉ុនដែលវិលត្រឡប់មកវិញ និងអ្នកកាន់ទិដ្ឋាការយៈពេលវែង។ ពួកគេមួយចំនួន នឹងត្រូវបានលើកលែងពីការធ្វើចត្តាឡីស័កផងដែរ ក្រោយការធ្វើតេស្តរួចរាល់។
អ្នកដែលអាចទទួលបានការអនុគ្រោះនេះ ក៏ត្រូវបញ្ចេញកំណត់ត្រានៃការធ្វើដំណើររបស់ពួកគេ និងលទ្ធផលតេស្តអវិជ្ជមាននៅពេលមកដល់ព្រលាន។ ពួកគេ ក៏មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com