ជាតិ
​ដាំ​កូនឈើ​គ្រញូង ធ្នង់ បេង គគីរ ឈើទាល និង​កកោះ​ជាង​៤​ម៉ឺន​ដើម​នៅ​សហគមន៍​តំបន់ការពារធម្មជាតិ​ស្ទឹង​ថ្មី​
08, Oct 2020 , 10:29 pm        
រូបភាព
ដោយ:
​កូនឈើ​ជាង​៤​ម៉ឺន​ដើម ត្រូវបាន​ដាំ​ឡើងវិញ នៅ​សហគមន៍​តំបន់ការពារធម្មជាតិ​ស្ទឹង​ថ្មី ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់​។ ការដាំ​កូនឈើ​នេះ គឺ​ដើម្បី​ស្តារ​ព្រៃ​ឡើងវិញ និង​លើកកម្ពស់​ការចូលរួម​ដាំ​ស្តារ​ព្រៃឈើ ពី​ប្រជាពលរដ្ឋ សហគមន៍ និង​អ្នកពាក់ព័ន្ធ ក្នុងន័យ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​។​

 
​កូនឈើ​គ្រញូង ធ្នង់ បេង គគីរ ឈើទាល និង​កកោះ ជាង​៤​ម៉ឺន​ដើម ត្រូវបាន​ក្រសួងបរិស្ថាន និង​ប្រជាពលរដ្ឋ​ដាំ​ដុះ​ឡើងវិញ នៅក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ស្ទឹង​ថ្មី ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ក្នុងភូមិ​សាស្ត្រ​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ា​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។ កូនឈើ​ទាំងនោះ ត្រូវបាន​ដាំ​ឡើងវិញ លើ​ផ្ទៃដី​ចំនួន​៥៦​ហិកតា ក្នុងចំណោម​ផ្ទៃដី ៣០០ ហិកតា ដែល​ព្រៃឈើ​ត្រូវបាន​ជនខិលខូច​ដកហូត និង​លួច​កាប់​ទន្ទ្រាន​ខុសច្បាប់ នៅក្នុង​តំបន់​នោះ​។ កម្មវិធី​នេះ មានការ​ចូលរួម​ពី​ក្រសួងបរិស្ថាន​, សហគមន៍​មូលដ្ឋាន​, UNDP, RECOFTC​។​


 
​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន  បញ្ជាក់ថា​ការដាំ​កូនឈើ​នេះ គឺ​ដើម្បី​ស្តារ​ព្រៃ​ឡើងវិញ និង​លើកទឹកចិត្ត​សហគមន៍ តំបន់ការពារធម្មជាតិ​ដាំ​ស្តារ​ព្រៃ និង​លើកកម្ពស់​ការចូលរួម​ពី​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចូលរួម​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​។​
 
​លោក រ​ត្ន័ វិ​រៈ អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បានបញ្ជាក់​នាឱកាស​នោះ​ថា ការចូលរួម​របស់​ព​ល​រដ្ឋ​សហគមន៍​ដោយផ្ទាល់​នេះ គឺជា​ការបង្ហាញ​ពី​ស្មារតី​ស្រលាញ់​ធនធានធម្មជាតិ ដែល​រួមមាន​ព្រៃឈើ សត្វព្រៃ​ជាដើម​។ លោក រ័ត្ន វីរៈ បញ្ជាក់បន្ថែម​៖«​ព្រៃឈើ​ជា​ផ្នែក​មួយ​នៃ​ការទាក់ទាញ​ទឹកភ្លៀង រក្សា​លំនឹង​ធម្មជាតិ ការពារ​ខ្យល់ព្យុះ និង​គ្រោះធម្មជាតិ​ផ្សេងៗ​។ ព្រៃឈើ​នៅ​តំបន់​នេះ ជា​ប្រភេទ​ព្រៃរបោះ ដែល​អាច​ឲ្យ​សត្វ​គ្រប់​ប្រភេទ​រស់នៅ​បាន​។ ហេតុដូច្នេះ ប្រសិនបើ​យើង​ការពារ​ព្រៃឈើ សត្វព្រៃ​បាន នោះ​យើង​នឹង​បាន​ថវិកា ជួយ​ដល់​ការអភិវឌ្ឍ​ជីវភាព​សហគមន៍​»​។ 
 
​លោក រ​ត្ន័ វិ​រៈ ក៏បាន​បង្ហាញ​ពី​បំណង​ក្រសួងបរិស្ថាន ក្នុងការ​ចូលរួម​អភិវឌ្ឍ​នៅក្នុង​តំបន់​នេះ ទៅជា​តំបន់​ទេសចរ​ដើម្បី​ទាក់ទាញ​បាន​ប្រភព​ចំណូល​សម្រាប់​សហគមន៍​ផងដែរ​។ តាម​ក្រសួងបរិស្ថាន សហគមន៍​តំបន់ការពារធម្មជាតិ​ស្ទឹង​ថ្មី ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១០ មាន​ផ្ទៃដី​ទំហំ ៧១២ ហិកតា និង​ប្រជាជន​ចំនួន ១១០​គ្រួសារ ជា​សមាជិក​សហគមន៍​៕
 




Tag:
 ដាំ​កូនឈើ​
 ​ពោធិ៍សាត់​
  ភ្នំ​សំ​កុស​
© រក្សាសិទ្ធិដោយ thmeythmey.com