COVID-19
អន្តរជាតិ
UN៖ COVID-19 អាចធ្វើ​ឲ្យ​ទារក​ស្លាប់​ក្នុង​ផ្ទៃ​ម្តាយ​កើន​ដល់​ដល់​២​លាន​នាក់​ក្នុង​មួយឆ្នាំ
09, Oct 2020 , 8:29 am        
រូបភាព
រូបភាព AFP
រូបភាព AFP
ដោយ៖​កង ម៉េង​ហុង
 
​អង្គការសហប្រជាជាតិ (UN) និយាយ ថា ទារក​ជិត​២​លាន​នាក់​បាន​ស្លាប់​ក្នុង​ផ្ទៃ​ម្តាយ​ជា​រៀងរាល់ឆ្នាំ​ដែល​ស្មើនឹង​មួយ​ករណី​ក្នុង​រយៈពេល​១៦​វិនាទី​។ ក្នុង​របាយការណ៍​នៅ​ថ្ងៃទី​៨ ខែតុលា  UN បាន​ព្រមាន ថា ការ​រាលដាល​ជំងឺ Covid-19 អាច​បន្ថែម​ការស្លាប់​ចំនួន​២០​ម៉ឺន​នាក់​ផ្សេងទៀត ដែល​ធ្វើ​ឲ្យ​ទារក​ស្លាប់​ក្នុង​ផ្ទៃ​កើន​ដល់​២​លាន​នាក់​។​

 
​របាយការណ៍​របស់ UN ចេញ​រួមគ្នា​របស់​អង្គការ UNICEF, អង្គការ​សុខភាព​ពិភពលោក (WHO) និង​ធនាគារពិភពលោក​។ ក្នុង​របាយការណ៍​នេះ ភាគច្រើន​នៃ​ការស្លាប់​របស់​ទារក​ក្នុង​ផ្ទៃ​ម្តាយ​មាន​ចំនួន​៨៤​ភាគរយ កើតឡើង​នៅក្នុង​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប និង​មធ្យម​។ ក្នុងប្រទេស​ទាំងនេះ បើតាម​របាយការណ៍​ដ​ដែល ការថែរក្សា​សុខភាព​ទារក​ទើបនឹង​កើត អាចជួយ​សង្គ្រោះ​ជីវិត​រាប់រយ​រាប់ពាន់នាក់​ក្នុង​មួយឆ្នាំៗ​។ 
 
​របាយការណ៍​បី​ស្ថាប័ន​បន្តថា ការស្លាប់​ភាគច្រើន​កើតឡើង​ដោយសារ​សេវាកម្ម​សុខាភិបាល​ទន់​ខ្សោយ ខ្វះ​ជំនាញ ព្រមទាំង​ខ្វះ​ការវិនិយោគ​លើ​ឧបករណ៍​និង​ការបណ្តុះបណ្តាល​ឆ្មប​។ លើសពីនេះទៅទៀត ខណៈ​អត្រា​សាកល​នៃ​ការស្លាប់​របស់​មាតា និង​ទារក​ថយចុះ អត្រា​ទារក​ដែល​ស្លាប់​ក្នុង​ផ្ទៃ​ម្តាយ​នៅតែ​បន្ត​ពិបាក​ក្នុងការ​កាត់បន្ថយ ជាពិសេស​នៅ​ទូទាំង​អនុតំបន់​សាហា​រ៉ា​អាហ្វ្រិក និង​អាស៊ីអាគ្នេយ៍​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ 
 
​នាយក​ប្រតិបត្តិ​នៃ​អង្គការ UNICEF លោក Henrietta Fore និយាយថា ការបាត់បង់​កូន​នៅពេល​កើត​ឬ​អំឡុងពេល​មាន​ផ្ទៃពោះ ជា​សោកនាដកម្ម​ដ៏​ធ្ងន់ធ្ងរ​មួយ​សម្រាប់​គ្រួសារ​មួយ​។ លោក​បន្តថា ជារឿយៗ​រឿង​បែបនេះ ត្រូវបាន​ស៊ូទ្រាំ​ដោយ​ស្ងាត់ស្ងៀម ហើយ​វា​កើត​ឡើងជា​ញឹកញាប់​នៅ​ជុំវិញ​ពិភពលោក​។ 
 
«​លើសពី​ការបាត់​បង់ជីវិត ការចំណាយ​ខាង​ផ្លូវចិត្ត​និង​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី ក្រុមគ្រួសារ និង​សង្គម​ធ្ងន់ធ្ងរ និង​យូរអង្វែង​។ សម្រាប់​ម្តាយ​ជាច្រើន រឿងនេះ មិនគួរ​កើត​ឡើយ​។​» នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី Henrietta Fore ។​
​របាយការណ៍​ខាងលើ បាន​ព្រមាន​ថា ជំងឺ​រាតត្បាត Covid-19 អាច​បណ្តាលឱ្យមាន​ចំនួន​ទារក​ស្លាប់​ក្នុង​ផ្ទៃ​កើនឡើង​ជិត ២០ ម៉ឺន​នាក់​បន្ថែម ក្នុងករណី​គេ​សន្មត​ថា​៥០​ភាគរយ​នៃ​សេវា​សុខាភិបាល​ក្នុងប្រទេស​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម រង​ផលប៉ះពាល់​ដោយសារ​ការឆ្លើយតប​ទៅនឹង COVID-19 នោះ​។​
 
​នៅ​ទូទាំង​ពិភពលោក​ជាង ៤0​ភាគរយ​នៃ​ការស្លាប់​របស់​ទារក​ក្នុង​ផ្ទៃ​នៅតែ​កើតមាន​អំឡុងពេល​សម្រាល​។ បញ្ហា​ទាំងនេះ ក៏​អាច​បញ្ចៀស​បាន​តាមរយៈ​ការទទួលបាន​ឆ្មប​ដែល​បាន​បណ្តុះបណ្តាល និង​ការថែទាំ​សម្ភព​បន្ទាន់​៕
 

Tag:
 UN
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com