COVID-19
កូរ៉េខាងត្បូង​៖ កូរ៉េខាងជើង អាច​បញ្ចេញ​មី​ស៊ី​ល​បាលី​ស្ទិ​ក​ថ្មី​នៅ​ថ្ងៃកំណើត​បក្ស​ចុង​សប្ដាហ៍​នេះ​
08, Oct 2020 , 10:59 pm        
រូបភាព
រូបភាព៖ Yonhap
រូបភាព៖ Yonhap
​ក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​៨ ខែតុលា បាន​លើកឡើងថា កូរ៉េខាងជើង អាច​នឹង​បញ្ចេញ​អាវុធ​យុទ្ធសាស្ត្រ​ប្រភេទ​ថ្មី នៅក្នុង​ព្យុហយាត្រា​យោធា ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៧៥ នៃ​ការបង្កើត​បក្ស​ពលករ​កូរ៉េខាងជើង​។ ការធ្វើ​ព្យុហយាត្រា​នេះ ធ្វើឡើង​ស្របពេល​កូរ៉េខាងជើង កំពុង​រឹតបន្តឹង​ក្នុងប្រទេស ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​COVID-19​។

 
​ថ្ងៃទី​១០ ខែតុលា គឺជា​ថ្ងៃ​បង្កើត​បក្ស​ពលករ​កូរ៉េខាងជើង​។ ក្នុង​ឆ្នាំ​២០២០ នេះ ក្រសួង​បង្រួបបង្រួម​របស់​កូរ៉េខាងត្បូង រំពឹងថា កូរ៉េខាងជើង នឹងធ្វើ​ព្យុហយាត្រា​ដ៏​ធំ​មួយ និង​លទ្ធភាព​ដាក់​បង្ហាញ​អាវុធ​ថ្មីៗ​ផ្សេងទៀត ក្នុងនោះ​មានដូចជា មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប (ICBM), រថយន្ត​ទម្រ​បាញ់​គ្រាប់​រ៉ុក្កែត (TEL) និង​មី​ស៊ី​ល​បាលី​ស្ទិ​ក​បាញ់​ចេញពី​នាវាមុជទឹក​ជាដើម​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ក្រសួង​បង្រួប​ង្រួ​ម បាន​អះអាង​យ៉ាង​ដូច្នេះ​ថា​៖ « កូរ៉េខាងជើង ត្រូវគេ​រំពឹងថា ធ្វើ​ព្យុហយាត្រា​យោធា​ទ្រង់ទ្រាយ​ធំ​មួយ និង​ព្រឹត្តិការណ៍​ផ្សេងទៀត ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៧៥​ឆ្នាំ នៃ​ការបង្កើត​បក្ស​ពលករ​នៅ​សប្តាហ៍​នេះ ដើម្បី​សាមគ្គី និង​ការរួបរួម​នៅក្នុង​បក្ស​»​។ 
 
​ថ្លែង​ក្នុងអំឡុង​កិច្ចប្រជុំ​នៅ​សភា លោក Lee In-young រដ្ឋមន្ត្រីក្រសួង​បង្រួបបង្រួម បាន​លើកឡើងថា ខុសពី​លើក​មុន កូរ៉េខាងជើង បានបង្ហាញ​ពី​សមត្ថភាព​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​របស់ខ្លួន និង​បាញ់​សាកល្បង​មី​ស៊ី​ល​ថែមទៀត នៅពេល​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ជិត​មកដល់ ប៉ុន្តែ​លើក​នេះ កូរ៉េខាងជើង រំពឹងថា អាច​ត្រឹមតែ​បង្ហាញ​អាវុធ​របស់ខ្លួន​ប៉ុណ្ណោះ​។ 
 
​តាម​គម្រោង កូរ៉េខាងជើង នឹង​រៀបចំ​ពិធី​ក្បួនព្យុហយាត្រា​ដ៏​ធំ​មួយ​នៅ​ថ្ងៃទី​១០ ខែតុលា​ខាងមុខ​។ ព​ព្រឹត្តិការណ៍​នេះ ធ្វើឡើង​ស្របពេល​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង ចេញ​បម្រាម​រឹតត្បិត​នៅក្នុង​ប្រទេស​យ៉ាងខ្លាំង ដើម្បី​ទប់ស្កាត់ COVID-19 និង​ស្របពេល​សេដ្ឋកិច្ច​ប្រទេសមួយ​នេះ កំពុង​រងគ្រោះ ដោយសារ​ជំងឺឆ្លង​សកល​។ 
 
​ទំនាក់ទំនង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង ហាក់​មិនសូវ​ល្អ​ឡើយ បន្ទាប់ពី​កូរ៉េខាងជើង​បាន​បំផ្ទុះ​ការិយាល័យ​ទំនង​ទំនង​ជាមួយ​កូរ៉េខាងត្បូង និង​ព្រមាន​កាត់ផ្តាច់​ប្រព័ន្ធ​ទំនាក់ទំនង​ឆ្លង​ព្រំដែន បន្ទាប់ពី​ខិត្តប័ណ្ណ​ប្រឆាំង​កូរ៉េខាងជើង ត្រូវបាន​ផ្ញើ​ទៅក្នុង​ដី​កូរ៉េខាងជើង​។ ទំនាក់ទំនង​កូរ៉េ​ទាំងពីរ​កាន់តែ​រអាក់រអួល​ថែមទៀត នៅពេល​កូរ៉េខាងជើង ត្រូវបាន​រាយការណ៍​ថា បាញ់សម្លាប់​មន្ត្រី​ក្រសួង​នេសាទ ដែល​ចូលក្នុង​ដែនទឹក​របស់ខ្លួន​៕ 

Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com