ភ្នំពេញ៖ ឈ្មោះជាផ្លូវការ គឺមហាវិថីសម្តេច ហ៊ុន សែន តែមហាជនទូទៅច្រើនហៅតៗគ្នាថា«ផ្លូវ៦០»។ គេហៅ ផ្លូវ៦០ ព្រោះទទឹងផ្លូវ បូកនឹងចិញ្ចើមផ្លូវមានប្រវែងប្រមាណជា៦០ម៉ែត្រ។ នាពេលអនាគត, មហាវិថីនេះ ត្រូវបានគេចាត់ទុកជាផ្លូវធំទូលាយជាងគេ និងល្អជាងគេនៅរាជធានីភ្នំពេញដោយមិននិយាយពីមហាវិថីព្រះនរោត្តមស្ថិតនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ។ បើផ្លូវ៦០នេះធំទូលាយ និងល្អជាងគេ ចុះហេតុអ្វីបានជាលំបាកទៅវិញសម្រាប់ពេលខ្លះ?
កាលពីប្រមាណជា១០ឆ្នាំមុន ផ្លូវនេះស្ថិតនៅជាក្តីស្រមើស្រមៃនៅឡើយទេ ព្រោះ កាលនោះ តំបន់នេះ គឺជាបឹងត្រកួនដែលគេហៅថា«តំបន់បឹងទំពុន»។ កាលពីមុន បឹងទំពុន ត្រូវបានគេគិតថា ជាតំបន់ជាយក្រុងដាច់ស្រយាល តំបន់ក្រីក្រ មិនអភិវឌ្ឍ។ តែនាពេលបច្ចុប្បន្ននេះ តំបន់ដែលធ្លាប់តែគេមិនសូវឲ្យតម្លៃនោះ បាន និងកំពុងក្លាយទៅជាតំបន់អភិវឌ្ឍបែបទំនើប និងទាន់សម័យដ៏អស្ចារ្យ។
បុរី ប៉េង ហួត រួមទាំងផ្សារទំនើប, បុរី ជីប ម៉ុង រួមទាំងផ្សារទំនើប, គម្រោងផ្សារទំនើប Aeon ទី៣, អគារខ្នាតយក្ស, អគារ Showroom ក្រុមហ៊ុន Mercedes-Benzes…។ល។ សុទ្ធតែបាន និងកំពុងមានវត្តមានជាបណ្តើរៗនៅតំបន់ផ្លូវ៦០នេះ។
ផ្លូវ៦០ មានបណ្តោយប្រវែងប្រហែលជា៧ ឬ៨ គីឡូវម៉ែត្រដោយគិតពីចំណុចក្បាលថ្នល់នៃរាជធានីភ្នំពេញ ទៅកាន់ផ្នែកខាងលិចនៃទីក្រុងតាខ្មៅនៃខេត្តកណ្តាល។ ផ្លូវ៦០ គឺស្ថិតនៅចំចំណុចកណ្តាលស្របជាមួយ«ផ្លូវចម្ការដូង» និងផ្លូវចាក់អង្រែ(ផ្លូវជាតិលេខ២)។ មហាវិថីសម្តេច ហ៊ុន សែន ត្រូវបានគេចាត់ទុកថា ជាផ្លូវដែលធំជាងគេ ល្អជាងគេ ទំនើបជាងគេ នាពេលអនាគត នៅរាជធានីភ្នំពេញ។ បង្គោលភ្លើង និងដើមឈើទើបត្រូវបានគេដំឡើង និងដាំក្នុងរយៈពីរឆ្នាំចុងក្រោយនេះ។
កាន់តែល្អ កាន់តែលំបាក និងកាន់តែគ្រោះថ្នាក់។ ផ្លូវនេះល្អពេក ស្រួលពេក ដូច្នេះ អ្នកបើកបរ មិនថា រថយន្តគ្រួសារ ឬរថយន្តដឹកទំនិញ, មិនថា កង់ ឬម៉ូតូទេ បានបើកហួសល្បឿនដែលកំណត់ដោយច្បាប់ចរាចរណ៍៤០គីឡូម៉ែត្រក្នុងមួយម៉ោងនៅក្នុងរាជធានីភ្នំពេញ។ ជាក់ស្តែង យាន្តជំនិះ ជាពិសេស រថយន្ត ដែលបើកបរនៅលើដងមហាវិថីនេះ ប្រើប្រាស់ល្បឿនរហូតដល់ ៨០, ៩០, ១០០ ឬជាង១០០ក្នុងមួយគីឡូម៉ែត្រម៉ោង។ ការបើកបរហួសល្បឿននេះ ចាប់ផ្តើមបង្កគ្រោះថ្នាក់ចរាចរណ៍កាន់តែច្រើននៅលើដងមហាវិថីសម្តេច ហ៊ុន សែន។
មិនត្រឹមតែប៉ុណ្ណោះ រថយន្តដឹកដី ខ្សាច់ គ្រឿងសំណង់។ល។ បានបង្ហុយធូលីហុយទ្រលោមដែលធ្វើឲ្យអ្នកជិះកង់ ឬជិះម៉ូតូមើលផ្លូវសឹងមិនឃើញ។ ការបើកបរដោយល្មើសនឹងច្បាប់ចរាចរណ៍នេះ ប្រហែលជាបណ្តាលមកពីមហាវិថីនេះ មិនទាន់មានវត្តមាននគរបាល។ ជាធម្មតា អ្នកបើកបរមួយភាគនៅកម្ពុជា គោរពនគរបាលចរាចរណ៍ជាងគោរពច្បាប់ចរាចរណ៍។ ដោយយល់ឃើញថា មហាវិថីនេះ កាន់តែបង្កគ្រោះថ្នាក់ខ្លាំងឡើងៗនោះ ក្រសួងសាធារណៈការ និងដឹកជញ្ជូនកាលពីសប្តាហ៍កន្លងមកនេះ បានប្រកាសកំណត់ល្បឿនត្រឹម៤០គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់អ្នកធ្វើដំណើរនៅលើមហាវិថីដ៏ធំមួយនេះ។
តើមហារុក្ខវិថីដ៏ធំនាពេលអនាគតមួយនេះ អាចក្លាយទៅជាមហាវិថីសម្រាប់ធ្វើដំណើរកម្សាន្តដោយថ្មើរជើង, ដោយរត់ហាត់កីឡាត្រឹកៗ, ដោយជិះកង់, ជិះរថយន្តល្បឿនយឺតដោយមិនបារម្ភពីគ្រោះថ្នាក់ចរាចរណ៍ឬទេ?។ អ្នក«ស្អប់»គ្រោះថ្នាក់ចរាចរណ៍ប្រាថ្នាចង់ឃើញ«មហាវិថីសម្តេច ហ៊ុន សែន» នាពេលអនាគត ក្លាយទៅជា«មហារុក្ខវិថី»ដ៏ស្រស់បំព្រងពោរពេញទៅដោយទិដ្ឋភាពសុខដុមរមនា, សុវត្ថិភាព, សុភមង្គល, សន្តិសុខផ្នែកអារម្មណ៍ និងរាង្គកាយ៕