ជាតិ
ស្រុក​មួយចំនួន​នៅ​ពោធិ៍សាត់ និង​បាត់ដំបង កំពុង​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​
09, Oct 2020 , 12:19 pm        
រូបភាព
ស្ថានភាពទឹក​ជំនន់​នៅ​ក្នុងក្រុងពោធិ៍សាត់។ រូបថត Pursat Provincial Hall
ស្ថានភាពទឹក​ជំនន់​នៅ​ក្នុងក្រុងពោធិ៍សាត់។ រូបថត Pursat Provincial Hall
​បណ្តា​ស្រុក​នៅ​ខេត្តពោធិ៍សាត់ និង​បាត់ដំបង កំពុង​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង​។ លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ក៏ដូចជា​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​នៅ​តំបន់​រងគ្រោះ​ក្នុង​មូលដ្ឋាន​រដ្ឋបាល​រៀងៗ​ខ្លួន​នា​ថ្ងៃនេះ​។​

 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់  បាន​អះអាងថា កាល​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៩​តុលា​នេះ  មាន​ភ្លៀង​ខ្លាំង​ឥត​ឈប់ ទើប​ធ្វើឱ្យ​ស្រុក​វាលវែង កណ្តៀង រួម​ក្រុង​ពោធិ៍សាត់ រង​ការលិចលង់ ដោយ​កម្ពស់​ទឹកស្ទឹង​ពោធិ៍សាត់ បាន​លើស​ដល់​កម្រិត​ឱ្យ​ប្រុងប្រយ័ត្ន  និង​មាន​សន្ទុះ​ហក់​ឡើង​ទៀត​។ 
 
​លោក ម៉ៅ ធនិន បាន​បញ្ជាក់ថា បច្ចុប្បន្ន​ទឹកស្ទឹង​ក្រុង​ពោធិ៍សាត់ មាន​កម្ពស់​រហូត​៥,៤៥​ម៉ែត្រ ដែល​លើសពី​កម្រិត​ឱ្យ​ប្រុងប្រយ័ត្ន​នៅត្រឹម​កម្ពស់​៥​ម៉ែត្រ​ប៉ុណ្ណោះ តែ​លោក​មិនទាន់​អាច​កំណត់​បាន​នៅឡើយ​ថា មាន​ប្រជាពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​ដែល​កំពុង​រងគ្រោះ ដោយសារ​ជំនន់​ទឹកភ្លៀង​ភ្លាមៗ​នេះ​ទេ​។ 
 
លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ចុះ​ពិនិត្យមើល​ស្ថានភាព​ជំនន់​ទឹកភ្លៀង ដែល​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​៩​តុលា​។​

​លោក​បាន​និយាយ​ដូច្នេះ​៖«​ពេលនេះ​យើង​កំពុង​អន្តរាគមន៍​បន្ទាន់​ជួយ​ដល់​ប្រជាពលរដ្ឋ ទាំង​ការរំដោះ​ទឹក និង​ទាំង​ការផ្តល់​ស្បៀង​ដល់​អ្នករងគ្រោះ ដោយសារ​ទឹកជំនន់​នេះ​»​។ 
 
​បើ​លោក ឃិន សុខា អ្នកនាំពាក្យ​គ្រោះមហន្តរាយ គ្រោះទឹកជំនន់​ដោយសារ​ភ្លៀង​ខ្លាំង​កាលពី​យប់មិញ គឺ​បាន​កើតឡើង​តែ​នៅក្នុង​ខេត្តពោធិ៍សាត់​ប៉ុណ្ណោះ ដោយ​ក្នុងនោះ​ស្រុក​កណ្តៀង​មាន​ឃុំ​ចំនួន​៧  និង​ក្រុង​ពោធិ៍សាត់ រងគ្រោះ​ខ្លាំង​គេ​។ ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ប្រសិន​មាន​ភ្លៀង​នៅ​ថ្ងៃទី​៩​ថ្ងៃនេះ ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​នឹងរង​ប៉ះពាល់​ដោយសារ​ជំនន់​ភ្លៀង ព្រោះ​បច្ចុប្បន្ន ទឹក​នៅ​ទំនប់​៧​មករា មាន​កម្ពស់​លើសពី​៧​ម៉ែត្រ​ដែលជា​កម្រិត​ឱ្យ​ប្រុងប្រយ័ត្ន​។ 
 
​នៅ​ខេត្តបាត់ដំបង​ឯណោះ​វិញ សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការពន្យល់​បន្ថែម​ពី​អាជ្ញាធរ​ដែនដី​ឡើយ ប៉ុន្តែ​បានការ​ផ្សាយ​ផ្ទាល់​នៅលើ​ហ្វេ​ស​ប៊ុ​ក លោក​អភិបាលខេត្ត ងួន រតនៈ បាន​ចុះ​ពិនិត្យ​ស្ថាន​ស្ថានភាព​ទឹកជំនន់ នៅ​ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី ខែ​ត្ត​បាត់ដំបង កាលពី​ព្រឹក​មិញ​នេះ​។​
 
 
​ស្របពេល​ជាមួយគ្នា រដ្ឋបាលខេត្ត​បាត់ដំបង បានបញ្ជាក់​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ស្រុក​មួយចំនួន​ក្នុង​ខេត្ត​បាន​ជន់​លិច ក្នុងនោះ​មាន ស្រុក​សំឡូត រុក្ខ​គិរី មោងឫស្សី និង​សំពៅ​លូន​។ 
 
​រដ្ឋបាលខេត្ត​ប្រាប់​ឲ្យ​ពលរដ្ឋ ជាពិសេស​អ្នក​នៅតាម​បណ្តោយ​ដងស្ទឹង​សង្កែ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ដោយសារ​ភ្លៀង​បន្ត​ធ្លា​ក់នៅ​ប៉ែក​ខាងលើ ដែល​ធ្វើឱ្យ​អាង​ស្តុក​ទឹក​ពេញ​។ ករណីនេះ តម្រូវ​ឲ្យ​អាជ្ញាធរ​បើកទ្វារ​ទឹក​បង្ហូ​ចូលក្នុង​ស្ទឹង​សង្កែ ដែល​ធ្វើឱ្យ​កម្ពស់​ទឹក​ក្នុង​ស្ទឹង​មានការ​កើនឡើង អាច​នៅ​យប់​នេះ ឬ​ព្រឹកស្អែក​។ 
 
​កម្ពុជា នឹងមាន​ភ្លៀង​ធ្លាក់​រហូត​ថ្ងៃទី​១៣​តុលា ឆ្នាំ​២០២០ ដោយសារ​ព្យុះ (Tropical Storm)​។ នេះ​បើតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដោយបាន​បញ្ជាក់ថា ប្រព័ន្ធ​សម្ពាធ​ទាប​បាន​បន្ត​លាតសន្ធឹង​ឆ្លងកាត់​ប្រទេស​កម្ពុជា ដោយ​ភ្ជាប់​ទៅនឹង​សម្ពាធ​ទាប​មួយ​នៅលើ​សមុទ្រ​ចិន​ខាងត្បូង ដែល​អាច​កើតជា​វិ​សម្ពាធ​ទាប (Tropical Depression) ឬ​បង្កើតជា​ព្យុះ (Tropical Storm)៕ 
 

Tag:
 ជំនន់​ទឹកភ្លៀង​
  ពោធិ៍សាត់​
  បាត់ដំបង​
© រក្សាសិទ្ធិដោយ thmeythmey.com