ជាតិ
បទសម្ភាសន៍
វីដេអូ
សុខភាព
«កូនក្រៅស្បូន» អាចធ្វើឱ្យស្ត្រីស្លាប់ បើព្យាបាលមិនទាន់ពេល!
× ភ្នំពេញ៖ កូនក្រៅស្បូន កើតឡើងដោយសារមូលហេតុ ដូចជា ស្រី្តមានជំងឺរលាកដៃស្បូន , ធ្លាប់វះកាត់ដៃស្បូន,គីសរដូវ, ជក់បារី, ដៃស្បូនមិនធម្មតាពីកំណើត ដូចជាវែងពេក ឬត្បៀតពេកជាដើម។ លោកវេជ្ជបណ្ឌិត ប៉ិច សុធី ប្រធានមន្ទីរពហុព្យាបាលសម្ភពសោភាមានជ័យបានអះអាងថា បញ្ហាកូនក្រៅស្បូនកើតមានឡើងប្រហែល ៣ភាគរយក្នុងចំណោមស្ត្រីមានផ្ទៃពោះទាំងអស់។ ដ្បិតតែ អត្រានៃការកើតកូនក្រៅស្បូនមានតិច តែបញ្ហានេះបានធ្វើឱ្យស្ត្រីមានផ្ទៃពោះស្លាប់បាន បើមិនព្យាបាលទាន់ពេល។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកនាង ទស្សនាបទសម្ភាសរវាងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន នៃសារព័ត៌មានថ្មីៗ ជាមួយលោកវេជ្ជបណ្ឌិត ប៉ិច សុធី ដូចតទៅ៖
«ស្ត្រីកើតបញ្ហាកូនក្រៅស្បូន នៅពេលព្យាបាលមិនបានត្រឹមត្រូវ ឬធ្វើរោគវិនិច្ឆ័យមិនបានទាន់ពេលទេ អីចឹងវា(ពងបង្កកំណើរ) អាចបែក។ កាលណាវាបែកនៅដៃស្បូន វាធ្វើឱ្យមានការហូរឈាមច្រើន អីចឹងធ្វើឱ្យស្ត្រីប្រឈមនឹងគ្រោះថ្នាក់ នៅពេលណាដែលគ្រូពេទ្យធ្វើរោគវិនិច្ឆ័យអត់បានទាន់ពេលទេ គាត់អាចឈានដល់ការបញ្ជូនឈាម»។ នេះជាការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ប៉ិច សុធី ហើយលោកវេជ្ជបណ្ឌិតបានបន្តថា កូនក្រៅស្បូនអាចបែកនៅចន្លោះពេល១ខែកន្លះ ទៅ៣ខែ ដោយអាស្រ័យលើទីតាំងនៃកូនតោង ព្រោះនៅដៃស្បូនមានកន្លែងខ្លះចង្អៀត កន្លែងខ្លះរីកធំ។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកវេជ្ជបណ្ឌិត ប៉ិច សុធី បានណែនាំថា ស្ត្រីមានផ្ទៃពោះ ដែលមានអាការចុកពោះ ឬធ្លាក់ឈាម ត្រូវប្រញាប់មកជួបវេជ្ជបណ្ឌិតជំនាញ ឱ្យគ្រូពេទ្យធ្វើរោគវិនិច្ឆ័យទាន់ពេល ចៀសវាងមានគ្រោះថ្នាក់។
លោកវេជ្ជបណ្ឌិតបន្តថា សម្រាប់វិធីការពារកុំឱ្យមានបញ្ហាកូនក្រៅស្បូន ស្ត្រីត្រូវថែសុខភាពរបស់ខ្លួនតាំងពីដំបូង ដោយកុំឱ្យមានជំងឺកាមរោគ ធ្លាក់សខុសប្រក្រតី ឬរលាកស្បូនជាដើម។ ដោយឡែក បើសិនស្ត្រីដែលមានបញ្ហាជំងឺទាំងអស់នេះ ត្រូវឆាប់ព្យាបាលកុំទុករ៉ាំរ៉ៃ និងអំឡុងពេលមានផ្ទៃពោះ ត្រូវពិនិត្យតាមដានគ័ភ៌ ឱ្យបានទៀងទាត់ជាមួយគ្រូពេទ្យជំនាញ ដើម្បីសុវត្ថិភាពទាំងម្ដាយ និងកូន៕
Tag:
សុខភាព
កូនក្រៅស្បូន
ប៉ិច សុធី
© រក្សាសិទ្ធិដោយ thmeythmey.com