សង្គមអន្តរជាតិ​
អន្តរជាតិ
រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់​ថា ស្ដេច​ថៃ​មិនអាច​គ្រប់គ្រង​ប្រទេស​ពី​ទឹកដី​អាល្លឺម៉ង់​ឡើយ​
09, Oct 2020 , 8:29 pm        
រូបភាព
មហាក្សត្រថៃ មហា វជិរាលង្ករណ៍។ រូបភាព AFP
មហាក្សត្រថៃ មហា វជិរាលង្ករណ៍។ រូបភាព AFP
ដោយ:
​រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ នៅ​ថ្ងៃទី​៧ ខែតុលា បាន​និយាយថា ព្រះមហាក្សត្រ​ថៃ​មិនអាច​បំពេញ​រាជកិច្ច និង​កិច្ចការ​នយោបាយ​ក្នុង​ទឹកដី​អាល្លឺម៉ង់​ឡើយ​។ អាល្លឺម៉ង់ គឺជា​ប្រទេស​អឺរ៉ុប ដែល​ព្រះមហាក្សត្រ​ថៃ​ចំណាយ​ពេលវេលា​ស្នាក់នៅ​ច្រើន ដោយ​បុត្រា​មួយអង្គ​របស់​ទ្រង់​កំពុង​សិក្សា​នៅទីនេះ​។​

 
​ខណៈពេលដែល​ស្ថានការណ៍​នយោបាយ​ថៃ​កំពុងតែ​ជួប​បាតុកម្ម​ពី​សំណាក់​និស្សិត និង​ក្រុម​ប្រជាធិបតេយ្យ​និយម​ដែល​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​របបរាជានិយម ព្រះមហាក្សត្រ​ថៃ មហា វ​ជិ​រាល​ង្ក​រណ៍ ពុំ​សូវ​មាន​ព្រះរាជ​វត្តមាន​ក្នុងប្រទេស​ឡើយ​។ ជា​ញឹកញយ ទ្រង់​ទៅ​សម្រាក​ព្រះកាយ​នៅ​និវេសនដ្ឋាន​ទឹកដី​អាល្លឺម៉ង់​ជាមួយ​បុត្រា​សំណព្វ​។ 
 
​អ្នកនយោបាយ​អាល្លឺម៉ង់ ហាក់​មិន​ពេញចិត្ត​ចំពោះ​ការធ្វើ​បែបនេះ​ឡើយ​។ អំឡុងពេល​កិច្ចប្រជុំសភា​ថ្ងៃទី​៧ ខែតុលា តំណាងរាស្ត្រ​អាល្លឺម៉ង់​លោក Frithjof Schmidt ចោទ​ជា​សំណួរ​ទៅ​ប្រមុខ​ការបរទេស​អាល្លឺម៉ង់ Heiko Mass ថា ហេតុអ្វី​រដ្ឋាភិបាល​អាល្លឺម៉ង់​អត់អោន​ចំពោះ​សកម្ម​ភាពមិនប្រក្រតី ដែលជា​មតិ​ខ្ញុំ​ជា​អំពើ​មិន​ស្របច្បាប់ ចំពោះ​ការដែល​ប្រមុខរដ្ឋ​បរទេស​ធ្វើ​នយោបាយ​ក្នុង​ទឹកដី​អាល្លឺម៉ង់​? 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Maas និយាយថា​៖ «​រដ្ឋាភិបាល​អាល្លឺម៉ង់ បានបញ្ជាក់​យ៉ាងច្បាស់​ថា សកម្មភាព​នយោបាយ​ដែល​ទាក់ទង​នឹង​ប្រទេស​ថៃ មិនគួរ​ធ្វើ​ចេញពី​ទឹកដី​អាល្លឺម៉ង់​ឡើយ​។​» លោក​បន្តទៀតថា បើសិន​ជាមាន​ភ្ញៀវ​រូប​ណា បំពេញ​កិច្ចការរដ្ឋ​ដោយ​ប្រើប្រាស់​ទឹកដី​របស់​អាល្លឺម៉ង នោះ​អាល្លឺម៉ង់​នឹង​ចេញ​សកម្មភាព​ប្រឆាំង​តប​មិន​ខាន​។​
 
​ព្រះមហាក្សត្រ​ថៃ ដែលមាន​ព្រះជន្ម​៦៨​ព្រះវស្សា ចំណាយពេល​វេលា​របស់​ព្រះអង្គ​មួយ​ភាគ​ធំ​ក្នុង​រដ្ឋ​Bavaria ប្រទេស​អាល្លឺម៉ង់ ទី​ដែល​បុត្រ​របស់​ទ្រង់​ព្រះជន្ម​១៥​វស្សា​កំពុង​រៀនសូត្រ​នោះ​។ ការដែល​ព្រះអង្គ​ចំណាយពេល​វេលា​រស់​នៅឯ​បរទេស​នេះហើយ ទើប​នាំ​ឲ្យ​បាតុករ​តវ៉ា​ទៅនឹង​ការចំណាយ​សន្ធឹកសន្ធាប់​របស់​ទ្រង់ ក៏ដូចជា​អវត្តមាន​របស់​ព្រះអង្គ​ពី​ប្រទេស​ដែរ​។​
 
​នៅ​ទីក្រុង​បាងកក បាតុករ​ថៃ ទាមទារ​ឲ្យ​កាត់បន្ថយ​អំ​ណាយ​ព្រះមហាក្សត្រ​តាមរយៈ​កំណែទម្រង់​រដ្ឋធម្មនុញ​។ រដ្ឋធម្មនុញ្ញ​ថៃ​បច្ចុប្បន្ននេះ អនុញ្ញាត​ឲ្យ​ព្រះមហាក្សត្រ​អនុវត្ត​អំណាច​របស់​ទ្រង់​ពី​ក្រៅប្រទេស​ដោយ​ពុំ​ចាំបាច់​ជ្រើសតាំង​រាជា​នុ​សិទ្ធិ ឬ​ប្រមុខរដ្ឋស្តីទី​។ បន្ថែម​ពីនេះ បាតុករ​ថៃ ទាមទារ​ឲ្យ​ព្រះមហាក្សត្រ​លែង​គ្រប់គ្រង​ដោយផ្ទាល់​ទ្រព្យសម្បត្តិ​ដែលមាន​តម្លៃ​ជាង​១០​ពាន់​លាន​ដុល្លារ និង​អង្គភាព​កងទ័ព​មួយចំនួន​ផងដែរ​។​
 
​បាតុករ​និស្សិត និង​អ្នកប្រជាធិបតេយ្យ​និយម​ថៃ បាន​អំពាវនាវ​ឲ្យ​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ​ម្តងទៀត​នៅ​ថ្ងៃទី​១៤ ខែតុលា​សប្តាហ៍​ក្រោយ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​ថៃ​ចុះ​ចេញពី​តំណែង និង​ជំរុញ​ឲ្យ​មាន​កំណែទម្រង់​របបរាជានិយម​៕

Tag:
 ថៃ​
  អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com