ក្រុមបាល់ទាត់បាល់វិសាខា និងព្រៃវែងបានឡើងទៅនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ(១/២)ពានរង្វាន់សម្តេច ហ៊ុន សែន ក្រោយពួកគេទម្លាក់គូប្រកួតរៀងៗខ្លួននៅវគ្គ៨ក្រុមចុងក្រោយ។ ក្រុមទាំងពីរត្រូវប្រជែងគ្នា ដើម្បីដណ្តើមកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ រីឯភ្នំពេញក្រោនប្រជែងជាមួយណាហ្គាវើលដ៍។
ជ័យជម្នះ ៤-៣ ដោយបាល់កាត់សេចក្តី១១ម៉ែត្រលើក្រុមការពារតំណែងជើងឯកបឹងកេត វាគ្រប់គ្រាន់សម្រាប់វិសាខាក្នុងការទទួលបានកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិប្រចាំឆ្នាំ២០២០។ នេះជាលើកទីពីរហើយសម្រាប់ក្រុមមានមូលដ្នាននៅរាជធានីភ្នំពេញមួយនេះ ដែលបានឡើងមកដល់វគ្គ១/២ បន្ទាប់ពីពួកគេទទួលបានកៅអីនេះម្តងកាលពីឆ្នាំ២០១៩។
កាលឆ្នាំ២០១៩ ក្រុមដែលបានចូលរួមលេងពានសម្តេច ហ៊ុន សែន តាំងពីឆ្នាំ២០១៨មួយនេះ ត្រូវបានក្រុមបឹងកេតទម្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយលទ្ធផល ៤-០។ កាលនោះក្រុមបឹងកេតជាអ្នកគ្រងតំណែងជើងឯកក្រោយយកឈ្នះក្រុមព្រះខ័នរាជស្វាយរៀងដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៥-៤ នៅវគ្គផ្តាច់ព្រ័ត្រ។ ចំណែក វិសាខា ទទួលបានចំណាត់ថ្នាក់លេខ៣ស្ទួនជាមួយភ្នំពេញក្រោន ដែលចាញ់ព្រះខ័នរាជស្វាយរៀងដោយបាល់ប៉េណាល់ទី ៥-៤។
នាជំនួបជើងទីពីរដ៏ស្វិតស្វាញកាលពីថ្ងៃទី៨ តុលា នៅកីឡដ្ឋានព្រីនស៍ គ្រាប់បាល់នាំមុខ ១-០ សម្រាប់ភ្ញៀវបឹងកេតលើម្ចាស់ផ្ទះវិសាខាបានកើតឡើងត្រឹម៦នាទីដំបូងក្នុងតង់ទី១។ គ្រាប់បាល់នេះ បានកើតឡើងក្រោយការស៊ុតរបស់កីឡាករ សៀង ចន្ធា ហើយអ្នកចាំទី កែវ សុខសិលា ចាប់ផ្លាត បន្ទាប់មកកីឡាករ ស៊ិន សុផាណាត់ បានទាត់បាល់ចេញពីតំបន់គ្រោះថ្នាក់ ដើម្បីស្តារស្ថានការណ៍ តែទៅត្រូវកីឡាករ អ៊ុក សុវណ្ណ ផ្លាតចូលទីតែម្តង។
មុនចប់តង់ទី១ក្រុមទាំងពីរបានបង្កើតឱកាសក្នុងការរកគ្រាប់បាល់ដាក់គ្នាទៅវិញទៅមក តែធ្វើមិនបានសម្រេច។ ឈានតង់ពីរការប្រកួតដំណើរការបានពីរនាទីខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង បានតែតបាល់បញ្ចូលទីបានសម្រេច ដើម្បីតាមស្មើ ១-១ ឲ្យម្ចាស់ផ្ទះ ក្រោយបាល់ផ្លាតចេញពីខ្សែការពាររបស់បឹងកេត។ ប៉ុន្តែ៣នាទីក្រោយមកខ្សែប្រយុទ្ធ ម៉ាត់ នូរុណ បានញាក់ខ្សែការពារវិសាខា ហើយស៊ុតបញ្ចូលទីពីចម្ងាយបានសម្រេច ដើម្បីបង្កើនការនាំមុខ ២-១ សាជាថ្មីសម្រាប់បឹងកេត។
ភាពសប្បាយរីករាយសម្រាប់អ្នកគាំទ្រ ថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាកររបស់បឹងកេតកើតឡើងមិនបានប៉ុន្មាននាទីផង កីឡាករ អ៊ិន សូដាវីដ បានតែតបាល់បញ្ចូលទីក្រោយការលើករបស់កីឡាករ ឆេង ម៉េង បានសម្រេច ដើម្បីតាមស្មើ ២-២ ឲ្យវិសាខានៅនាទីទី៥៥។
ភាពសប្បាយរីករាយសម្រាប់ក្រុមបឹងកេតបានកើតឡើងសាជាថ្មី ក្រោយកីឡាករ ស្លេះ ស៊េន លើកបាល់ឲ្យកីឡាករ ម៉ុន វ៉ាន់ដា ស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យឲ្យបឹងកេតនាំមុខ ៣-២ នៅនាទីទី៧១។ ៩នាទីក្រោយមកកីឡាករ អ៊ុក សុវណ្ណ ដែលធ្វើឲ្យចូលខ្លួនឯងនៅតង់ទី១ បានទាត់បាល់ Free kick បញ្ចូលទីយ៉ាងល្អឲ្យវិសាខាតាមស្មើ ៣-៣។ ក្រុមទាំងពីរបានរក្សាលទ្ធផលនេះរហូតចប់ការប្រកួត។
លទ្ធផលនេះតម្រូវឲ្យក្រុមទាំងពីរទាត់បាល់ប៉េណាល់ទីកាត់សេចក្តី បន្ទាប់ពីពួកគេបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅជើងទី១។ ឈានដល់ការទាត់បាល់ប៉េណាល់ទី ខ្សែប្រយុទ្ធ ម៉ាត់ នូរុណ ជាអ្នកទទួលបន្ទុកទាត់បាល់ទី១សម្រាប់បឹងកេត តែជួយសង្គ្រោះបានពីអ្នកចាំទី កែវ សុខសិលា។ ក្រោយមកកីឡាករ កែវ សុខផេង ដែលទទួលភារៈទាត់បាល់ដំបូងរបស់វិសាខាបានទាត់បញ្ចូលទី១ ដើម្បីនាំមុខ ១-០ មុនកីឡាករ ពុំ បារាំង ទាត់បញ្ចូលទីតាមស្មើ ១-១ ឲ្យបឹងកេត។ បន្ទាប់មកកីឡាករ ទៀត គឹមហេង បានទាត់គ្រាប់ទីពីរបញ្ចូលទីបានសម្រចឲ្យវិសាខានាំមុខ ២-១ តែតាមស្មើ ២-២ វិញដោយកីឡាករ សឿត ណាវ៉ា។ គ្រាប់បាល់នាំមុខ ៣-២ សម្រាប់វិសាខាកើតឡើងសាជាថ្មី ដែលសម្រេចបានដោយកីឡាករ ទិត្យ ឌីណា។
កីឡាករ សេត រ៉ស៊ីប ដែលជាអ្នកទទួលភារកិច្ចទាត់បាល់ពិន័យទី៤របស់បឹងកេតធ្វើបានសម្រេច ដើម្បីតាមស្មើ ៣-៣ តែនាំមុខ ៤-៣ សម្រាប់វិសាខាបានកើតឡើង ដែលធ្វើបានដោយកីឡាករ ច្រឹង ពលរដ្ឋ។ ជ័យជម្នះសម្រាប់វិសាខាបានកើតឡើងក្រោយខ្សែការពារ ទេស សម្បត្តិ ដែលជាអ្នកទទួលបន្ទុកទាត់បាល់ចុងក្រោយរបស់បឹងកេតធ្វើមិនបានសម្រេច។
ដោយឡែក ក្រុមព្រៃវែងបានបង្កើតប្រវត្តិសាស្ត្រសម្រាប់ក្រុមដែលឡើងមកពីពានសម្តេច ហ៊ុន សែន ថ្នាក់ខេត្ត បន្ទាប់ពីពួកគេទម្លាក់ក្រុមក្នុងក្របខណ្ឌលីគកំពូលមជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទនៅវគ្គ៨ក្រុមចុងក្រោយ ដើម្បីឡើងមកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ តាំងពីពានរង្វាន់សម្តេច ហ៊ុន សែន បង្កើតឡើងនៅឆ្នាំ២០០៧ នេះជាលើកទី១ហើយ ដែលក្រុមឡើងមកពីថ្នាក់ខេត្តអាចឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
នាការប្រកួតនៅកីឡដ្ឋានខេត្តព្រៃវែង កីឡាករ សុខ ដារ៉ាវុធ បានរកគ្រាប់បាល់នាំមុខ ១-០ ឲ្យក្រុមភ្ញៀវទ័ព ក្រោយការប្រកួតដំណើរការបាន៧នាទីក្នុងតង់ទី១។ ឱកាសរកគ្រាប់បាល់តាមស្មើ ១-១ សម្រាប់ម្ចាស់ផ្ទះព្រៃវែងបានកើតឡើងនៅនាទីទី២៦ ក្រោយកីឡាករ វុធ តុលា បាល់បាល់ពិន័យ១១ម៉ែត្របញ្ចូលទីបានសម្រេច។ ការផ្តល់បាល់ពិន័យ១១ម៉ែត្រឲ្យក្រុមព្រៃវែងពីសំណាក់អាជ្ញាកណ្តាលនេះ បានកើតឡើងក្រោយកីឡាករ ខែក ខេមរីន្ទ ធ្វើឲ្យកីឡាករ វឿន វ៉ា ដួលក្នុងតំបន់គ្រោះថ្នាក់ ក្រោយរូបគេព្យាយាមរារាំងកីឡាកររូបនេះមិនឲ្យអូសបាល់ចូលតំបន់គ្រោះថ្នាក់។
គ្រាប់បាល់នាំមុខ ២-១ សម្រាប់ក្រុមម្ចាស់ផ្ទះបានកើតឡើងនៅនាទីទី៣៥ ដែលរកបានដោយកីឡាករ គី រីណា តាមរយៈការតែតបញ្ចូលទីយ៉ាងល្អ ក្រោយការលើកពីមិត្តរួមក្រុម។ ប៉ុន្តែក្រោយមកនៅនាទីទី៤៤កីឡាករ ណារ៉ុង កក្កដា បានរកគ្រាប់បាល់តាមស្មើ ២-២ ឲ្យភ្ញៀវកងយោធពលខេមរភូមិន្ទ មុនចប់តង់ទី១។
ការប្រកួតតង់ទី២ដំណើរការបាន៧នាទី កីឡាករ វឿន វ៉ា ដែលជាអ្នកបង្កើតឲ្យមានបាល់ប៉េណាល់ទីសម្រាប់ព្រៃវែង បានរកគ្រាប់នាំមុខ ៣-២ សាជាថ្មីឲ្យព្រៃវែង តាមរយៈការទាត់បាល់បន្តក់ពីចម្ងាយរំលងអ្នកចាំទី ពេជ្រ តារា បញ្ចូលទីយ៉ាងល្អ។ បន្ទាប់មកនៅកីឡាករ វុធ តុលា បានសម្រេចគ្រាប់បាល់ទី៤ឲ្យម្ចាស់ផ្ទះព្រៃវែងនៅនាទីទី៧០ មុនកីឡាករ សុខ ដារ៉ាវុធ រកគ្រាប់បាល់តាមពីក្រោយ ៤-៣ ឲ្យក្រុមភ្ញៀវនៅនាទីទី៨៣។ ក្រុមទាំងពីរបានរក្សាលទ្ធផលនេះរហូតចប់ការប្រកួត។
លទ្ធផលនេះ តម្រូវឲ្យក្រុមទាំងពីរត្រូវទាត់បាល់ប៉េណាល់ទីដើម្បីកាត់សេចក្តី ក្រោយកងយោធពលខេមរភូមិន្ទបានយកឈ្នះព្រៃវែង ១-០ នៅជើងទី១។ ឈានដល់ការទាត់បាល់កាត់សេចក្តីកីឡាករ ភួង សុខសាណា ដែលជាអ្នកទាត់បាល់ដំបូងសម្រាប់ក្រុមភ្ញៀវធ្វើមិនបានសម្រេច ក្រោយជួយសង្គ្រោះបានពីអ្នកចាំទី វីរៈ ដារ៉ា។ ក្រោយមកកីឡាករ គី រីណា បានទាត់បាល់ដំបូងរបស់ព្រៃវែងបានសម្រេច មុនកីឡាករ អ៊ុំ កុម្ភៈ ទាត់បាល់ទីពីរបានសម្រេចសម្រាប់ក្រុមភ្ញៀវ។
សន សុវត្ថិ ដែលទទួលភារៈទាត់បាល់ទីពីររបស់ព្រៃវែងធ្វើបានសម្រេច មុនកីឡាករ វង្ស វិចិត្រ ធ្វើបានសម្រេចដូចគ្នាឲ្យក្រុមភ្ញៀវ។ គ្រាប់បាល់នាំមុខ ៣-២ សម្រាប់ម្ចាស់ផ្ទះក្នុងការទាត់ប៉េណាល់ទីបានកើតឡើង ដែលធ្វើបានដោយកីឡាករ ចាន់ សារ៉ាពេជ្រ តែកីឡាករ រឿម ចាន់រឿន ធ្វើបានសម្រេចគ្រាប់បាល់តាមស្មើ ៣-៣ ឲ្យទ័ព។
ការខកចិត្តសម្រាប់ក្រុមម្ចាស់ផ្ទះបានកើតឡើងក្រោយកីឡាករ លីន តារាដេវីទ្យ ដែលជាអ្នកទទួលបន្ទុកទាត់បាល់ទី៤ទាត់បាល់រំលងបង្គោលទី។ ក្រោយមកកីឡាករ កាន់ ពិសាល បានទាត់បាល់ទី៤បានសម្រេចឲ្យទ័ពនាំមុខ ៤-៣ លើម្ចាស់ផ្ទះ តែតាមស្មើ ៤-៤ ដោយកីឡាករ វុធ តុលា។
ការខកចិត្តសម្រាប់ក្រុមកងយោធពលខេមរភូមិន្ទបានកើតឡើងសាជាថ្មី ក្រោយអ្នកចាំទី វីរៈ ដារ៉ា ជួយសង្គ្រោះបាល់បានពីការទាត់របស់កីឡាករ ជា ណាវីន ដែលជាអ្នកទទួលភារៈទាត់បាល់ចុងក្រោយសម្រាប់ក្រុមភ្ញៀវ។ ក្រោយមកកីឡាករ សរ សាមុត បានទាត់ចុងក្រោយបានសម្រេច ដើម្បីនាំជ័យជម្នះ ៥-៤ ជួយឲ្យក្រុមព្រៃវែងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រ។
ក្រុមជើងឯកពានសម្តេច ហ៊ុន សែន ថ្នាក់ខេត្តដែលសមាជិកភាគច្រើនជាយុវជនរបស់វិសាខាមួយនេះ ត្រូវប្រជែងដណ្តើមកៅអីទៅវគ្គផ្តាច់ព្រ័ត្រជាមួយក្រុមវិសាខា ដែលទម្លាក់ក្រុមបឹងកេតនៅថ្ងៃទី២២ តុលា ឆ្នាំ២០២០។ ចំណែកក្រុមណាហ្គាវើល ដែលទម្លាក់ក្រុមព្រះខ័នរាជស្វាយរៀង ត្រូវប្រជែងជាមួយក្រុមភ្នំពេញក្រោន ដែលទម្លាក់គីរីវង់សុខសែនជ័យនៅថ្ងៃទី២១ តុលា។ ការប្រកួតទាំងពីររៀបចំនៅពហុកីឡដ្ឋានជាតិដូចគ្នា៕