COVID-19
អន្តរជាតិ
ច្បាប់​ការងារ​ថ្មី​របស់​ឥណ្ឌូណេស៊ី បង្ក​ឲ្យ​មាន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ហ្សា​ការ​តា​
09, Oct 2020 , 9:59 pm        
រូបភាព
ក្រុមប៉ូលិសឥណ្ឌូណេស៊ី បាញ់ឧស្ម័យបង្ហូរទឹកភ្នែកដាក់ក្រុមបាតុករ។ រូបភាព៖ Reuters
ក្រុមប៉ូលិសឥណ្ឌូណេស៊ី បាញ់ឧស្ម័យបង្ហូរទឹកភ្នែកដាក់ក្រុមបាតុករ។ រូបភាព៖ Reuters
​បាតុកម្ម​នៅក្នុង​ទីក្រុង​ហ្សា​ការ​តា ដែល​ប្រឆាំងនឹង​ច្បាប់​បង្កើត​ការងារ​ថ្មី​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បាន​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ​ជាប់​គ្នា​ហើយ បើ​គិត​ត្រឹម​ថ្ងៃទី​៨ ខែតុលា​។ បាតុករ​រាប់ពាន់នាក់ បាន​ចេញមក​ប្រឆាំងនឹង​ច្បាប់​បង្កើត​ការងារ ស្របពេល​វិធានការ​រឹតត្បិត និង​បង្ការ COVID-19 កំពុង​អនុវត្ត​នៅក្នុង​ទីក្រុង​។

 
«​ច្បាប់​បង្កើត​ការងារ​» ត្រូវបាន​សភា​ឥណ្ឌូណេស៊ី​អនុម័ត​នៅ​ថ្ងៃទី​៥ ខែតុលា​មក​ម្លេះ ដើម្បី​កែលម្អ​បរិយាកាស​វិនិយោគ ច្បាប់​ការងារ និង​បរិស្ថាន​នៅក្នុង​ប្រទេស ក្នុង​គោលបំណង​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ដទៃទៀត ទាក់ទាញ​អ្នកវិនិយោគ​បរទេស និង​បង្កើត​ការងារ​។ ច្បាប់​បង្កើត​ការងារ​នេះ ក៏​ជាការ​ធ្វើកំណែទម្រង់​សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី​ដែល​កំពុងតែ​រងគ្រោះ​ដោយសារ​ជំងឺ COVID-19 ផងដែរ​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ច្បាប់​ខាងលើ បង្ក​ការមិន​ពេញចិត្ត​ខ្លាំង​ពី​សំណាក់​ប្រជាជន​ឥណ្ឌូណេស៊ី ព្រោះ​កាត់បន្ថយ​អត្ថប្រយោជន៍​របស់​កម្ម​ករ​និ​យោ​ជិ​ក​ដែល​ត្រូវ​ទទួលបាន​ពី​ការងារ​។ ក្រុម​សកម្មជន​ចំនួន​១៥ នៅ​ថ្ងៃទី​៥ ខែតុលា កន្លងទៅ បាន​អំពាវនាវ​ឲ្យ​កម្មករ​និ​យោ​ជិ​ក​ឥណ្ឌូណេស៊ី ចូលរួម​ធ្វើបាតុកម្ម​ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​៨ ខែតុលា ដើម្បី​ឲ្យ​រដ្ឋាភិបាល​លុបចោល​ច្បាប់​នេះ​។ 
 
​ដូច​ការអំពាវនាវ​មែន ប្រជាជន​ឥណ្ឌូណេស៊ី​ជាច្រើន​ពាន់​នាក់ បាន​ចេញមក​ធ្វើបាតុកម្ម​នៅក្នុង​ទីក្រុង​ហ្សា​ការ​តា ស្របពេល​បម្រាម​ការជួប​ជុំគ្នា ដើម្បី​បង្ការ​ការ​រាតត្បាត COVID-19 កំពុង​អនុវត្ត​នៅឡើយ​។ នៅ​ថ្ងៃទី​៨ ខែតុលា ប៉ូលិស​ជិត ១៣០០០​នាក់​ត្រូវបាន​បញ្ជូន​ឲ្យ​មក​គ្រប់គ្រង​ស្ថានការណ៍​បាតុកម្ម​។ ប៉ុន្តែ​ក្រុមប៉ូលិស មិនអាច​ទប់ស្កាត់​ដំណើរ​របស់​ក្រុមបាតុករ​ទៅ​អាគារ​រដ្ឋាភិបាល​បានឡើយ ដូចជា​វិមាន​ប្រធានាធិបតី​ជាដើម​។ 
 
​ចំណាត់ការ​របស់​ប៉ូលិស​ឈានទៅដល់​ការបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​បង្ក​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​រវាង​បាតុករ និង​ប៉ូលិស​នៅ​ជិត​វិមាន​ប្រធានាធិបតី​។ ផ្នែក​ខ្លះ​នៃ​បាតុកម្ម បាន​ឈានទៅដល់​កុបកម្ម​។ ក្រុមបាតុករ​មួយចំនួន បាន​ដុត​កង់​រថយន្ត បំផ្លាញ​កន្លែង​ចំណតរថយន្ត​ក្រុង និង​បំផ្លាញ​កន្លែង​ការដ្ឋាន​សាងសង់​មួយកន្លែង​ថែម​ទៀ ឯ​ខ្លះទៀត ចោល​ដុំឥដ្ឋ​ដុំថ្ម​ដាក់​ប៉ូលិស​។ ដល់​ល្ងាច​ថ្ងៃទី​៨ ខែតុលា បាតុករ​មួយចំនួន បាន​ដុត​ស្ថានីយ៍​មធ្យោបាយ​ដឹកជញ្ជូន​សាធារណ និង​បំផ្លាញ​ប៉ុស្តិ៍​ប៉ូលិស​ថែមទៀត​។ 
 
​តាម​ការអះអាង​របស់​អ្នក​ពាក្យ​ប៉ូលិស​ក្រុង​ហ្សា​ការ​តា លោក Yusri Yunus បាតុករ​យ៉ាងហោចណាស់​ចំនួន ១​ពាន់​នាក់ ត្រូវបាន​រកឃើញថា​មាន​ផ្ទុក COVID-19 បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន​។ មកទល់ពេលនេះ ឥណ្ឌូណេស៊ី មាន​ករណី​ឆ្លង​COVID-19 សរុប​ជាង ៣២​ម៉ឺន​ករណី អ្នកស្លាប់​មាន​ជាង ១​ម៉ឺន​នាក់ និង​អ្នកជា​សះស្បើយ​មាន​ជាង ២៤​ម៉ឺន​នាក់​។ 
 
​ស្ថានការណ៍​បាតុកម្ម កាន់តែ​ធ្ងន់ធ្ងរ ដែល​បង្ខំ​ឲ្យ​អភិបាលក្រុង​ហ្សា​ការ​តា​លូកដៃ​។ នៅ​ថ្ងៃទី​៩ ខែតុលា អភិបាលក្រុង​ហ្សា​ការ​តា លោក Anies Baswedan បាន​ប្រាប់​ទីភ្នាក់ងារ Reuters ថា លោក​បាន​ជួប​ជាមួយ​បាតុករ និង​បាន​ជជែក​គ្នា​ពី​បញ្ហា​ច្បាប់​ការងារ​នេះ ហើយ​អ្វីដែល​បា​តុ​ការទាមទារ​លោក ឲ្យ​ប្រាប់​ទៅ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ ។ 
 
​ក្រៅពី​ផលប៉ះពាល់​លើក​ម្មករ ច្បាប់​បង្កើត​ការងារ​ថ្មី​នេះ រង​ការព្រមាន​ថា អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​តំបន់​ព្រៃ​ត្រូពិច​ឥណ្ឌូណេស៊ី​។ អ្នកវិនិយោគ​ជាច្រើន បារម្ភ​ថា ច្បាប់​បង្កើត​ការងារ​ថ្មី នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង ក្នុង​ការពារ​ព្រៃឈើ​ឥណ្ឌូណេស៊ី បង្ក​ឲ្យ​បាត់បង់​ជីវចម្រុះ និង​ប៉ះពាល់​ដល់​ការប្រយុទ្ធប្រឆាំង​ជាមួយ​ការ​បម្រែបម្រួល​អាកាសធាតុ​ជាដើម​៕ 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com