ជាតិ
ទូត​បារាំង​បើក​ឲ្យ​សាធារណជន​ចូល​ទស្សនា​ស្វែងយល់​ពី​សំណង់​ស្ថាបត្យកម្ម និង​បេតិកភណ្ឌ​នៅ​ថ្ងៃ​សៅរ៍​
09, Oct 2020 , 10:29 pm        
រូបភាព
ដោយ: រួបរួម
​នាឱកាស​នៃ​ទិវា​បេតិកភណ្ឌ (Journée du Patrimoine) ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា នឹង​បើក​ឲ្យ​សាធារណជន​ចូល​ទស្សនា ចាប់ពី​ម៉ោង​៨ ដល់​ម៉ោង​៣ និង​៣០​នាទី រសៀល នា​ថ្ងៃ​សៅរ៍ ទី​១០ ខែតុលា ឆ្នាំ​២០២០​។

 
​ក្រោម​ប្រធានបទ «​ស្ថាបត្យកម្ម និង​បេតិកភណ្ឌ​»  ស្ថានទូត​បារាំង យក​ទិវា​បេតិកភណ្ឌ​នេះ ដើម្បី​ផ្តល់ឱកាស​ឲ្យ​សាធារណជន​ទស្សនា​ឧទ្យាន​ដ៏​ស្រស់បំព្រង និង​ស្ថាបត្យកម្ម​ស្ថានទូត​បារាំង រូប​ទាំង​ពិព័រណ៍​របស់​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង​-​កម្ពុជា ដែល​ផ្តោតលើ​ការជួសជុល​អគារ​បេតិកភណ្ឌ​នៅ​កម្ពុជា​ផងដែរ​។​


 
​ស្ថានទូត​បារាំង គឺ​ទីតាំង​ប្រវត្តិសាស្ត្រ​មួយ ស្ថិតនៅ​កន្លែង​ដដែល​អស់​រយៈពេល​ជាង​៦០​ឆ្នាំ​មកហើយ​។ ស្ថានទូត​ត្រូវបាន​ជួសជុល​ឡើងវិញ​នៅ​អំឡុង​ឆ្នាំ​១៩៩០ ដោយ​ក្រុមហ៊ុន​បារាំង​មួយ ដែល​បាន​ប្រើប្រាស់​តួ​អគារ​ចាស់ ដើម្បី​រចនា​ជា​អគារ​ថ្មី​ទាំងស្រុង​យ៉ាង​ស្អាត​។​
 
​ក្រៅពី​សម្រស់​ឧទ្យាន និង​អគារ​របស់​ស្ថានទូត សាធារណជន​អាច​ទស្សនា​ពិ​ព័រ​ណ៌​រូបថត​ស្តីពី​អគារ​បេតិកភណ្ឌ​នៅតាម​តំបន់​នានា​នៅ​កម្ពុជា ទាំង​ក្នុង​អតីតកាល និង​ការជួសជុល​ឡើងវិញ​ផងដែរ​។​




 
​ក្នុង​បរិបទ​កូ​វីដ​-១៩ អ្នកទស្សនា​នឹងត្រូវ​ឆ្លងកាត់​ការវាស់ស្ទង់​កម្តៅ និង​តម្រូវ​ឲ្យ​លាង​សម្អាត​ដៃ​នៅ​ច្រកចូល​ស្ថានទូត រួមទាំង​ពាក់​ម៉ាស​ផងដែរ ហើយ​ការ​ទស្សនា​ធ្វើឡើង​មួយក្រុម​ម្តងៗ ដើម្បី​ចៀសវាង​ការប្រមូល​ផ្តុំគ្នា​។​
 
​ដើម្បី​ផ្តល់​ការស្វែងយល់​បន្ថែម​ពី​ស្ថាបត្យកម្ម​ស្ថានទូត​នោះ ស្ថានទូត​បារាំង​ក៏បាន​ចេញផ្សាយ​សៀវភៅ​រូបភាព​ដែលមាន​សំណេរ​ពី​ភាសា (​ខ្មែរ​-​បារាំង​) ផងដែរ ហើយ​អ្នក​ចាប់អារម្មណ៍​អាច​ទាញ​យកទៅ​អាន​តាមរយៈ​តំណ​ភ្ជាប់ : https://bit.ly/33uAP0n  ៕
 











Tag:
 ទូត​បារាំង​
 ​បេតិកភណ្ឌ​
  ស្ថាបត្យកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com