អន្តរជាតិ
កន្លែង​កម្សាន្ត​ថៃ នឹង​ដក​ពាក្យបណ្តឹង​លើ​ភ្ញៀវ​អាមេរិក​ដែល​វាយតម្លៃ​អវិជ្ជមាន ប្រសិនបើ​សុំទោស​
09, Oct 2020 , 5:29 pm        
រូបភាព
ទិដ្ឋភាពកោះKoh Chang ។ រូបភាព៖ Shutterstock
ទិដ្ឋភាពកោះKoh Chang ។ រូបភាព៖ Shutterstock
កន្លែង​លំហែកាយ​The Sea View នៅ​ថ្ងៃទី​៩ ខែតុលា បាន​បញ្ជាក់ថា ពាក្យបណ្តឹង​ពី​ការវាយតម្លៃ​អវិជ្ជមាន​លើ​វេ​ប​សាយ​ដំណើរ​កម្សាន្ត Tripadvisor នឹងត្រូវ​ទម្លាក់ចោល ប្រសិនបើ​ភ្ញៀវទេសចរ​អាមេរិក លោក Wesley Barnes សុំទោស​ជា​សាធារណៈ​។

 
​លោក Wesley Barnes គឺជា​ជនជាតិ​អាមេរិក ដែល​ធ្វើការ​នៅ​ថៃ ត្រូវបាន​កន្លែង​លំហែកាយ​The Sea View ដាក់ពាក្យ​ប្តឹង​ពីបទ​ល្មើស​បង្ខូច​កេរ្តិ៍ឈ្មោះ និង​បទល្មើស​តាម​កុំព្យូទ័រ បន្ទាប់ពី​វាយតម្លៃ​អវិជ្ជមាន​លើ​វេ​ប​សាយ Trip Advisor​។ បន្ទាប់ពី​ដាក់ពាក្យ​បណ្តឹង ជនជាតិ​អាមេរិក​រូបនេះ ត្រូវ​ប៉ូលិស​កោះ​Koh Chang ឃុំខ្លួន​ពីរ​ថ្ងៃ មុននឹង​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​។ 
​យ៉ាងណាក៏ដោយ លោក Barnes និង​កន្លែង​កម្សាន្ត The Sea View បាន​ឈានដល់​ឯកភាពគ្នា បន្ទាប់ពី​មានការ​សម្របសម្រួល​ជាច្រើនលើក​។  តាមរយៈ​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​Reuters កន្លែង​កម្សាន្ត​បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​នៅក្រោម​លក្ខខណ្ឌ ដែល​លោក Barnes បង្ហាញ​ពី​ភាពស្មោះត្រង់ និង​ទទួលខុសត្រូវ​នូវ​អ្វីដែល​បានកើត​ឡើង សណ្ឋាគារ​នឹង​ពេញចិត្ត ទម្លាក់ចោល​ការចោទប្រកាន់​»​។ 
 
​ក្នុងន័យនេះ កន្លែង​លំហែកាយ បានទាមទារ​ឲ្យ​ភ្ញៀវទេសចរ​អាមេរិក ចេញ​សេចក្តីថ្លែងការណ៍​សុំទោស​ជា​សាធារណៈ តាមរយៈ​ការផ្ញើ​សេចក្តីថ្លែងការណ៍​ខាងលើ​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ ស្ថានទូត​អាមេរិក និង​វេ​ប​សាយ​ដំណើរ​កម្សាន្ត Trip Advisor នៅក្នុង​ខែតុលា​នេះ​។​
 
​ជាការ​ឆ្លើយតប លោក Barnes បាន​ឯកភាព ក្នុងការ​សុំទោស​ជា​សាធារណៈ​បែបនេះ​។ ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ជនជាតិ​អាមេរិក​ដែល​រង​បទចោទប្រកាន់​រូបនេះ បាន​អះអាងថា លោក កំពុង​ផ្ញើ​សេចក្តីថ្លែងការណ៍​សុំទោស​ជា​សាធារណៈ​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ 
 
​តាមច្បាប់​បង្ខូច​កេរ្តិ៍ឈ្មោះ​របស់​ថៃ ការ​បង្ខូច​កេរ្តិ៍ឈ្មោះ អាច​នឹង​ជាប់ពន្ធនាគា​រហូតដល់​ពីរ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រហូតដល់ ៦៣០០​ដុល្លារ​៕

Tag:
 ថៃ​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com