ជាតិ
សង្គមជាតិ
មេធាវី​ជាង​១០០​នាក់​ទៀត ស្ម័គ្រចិត្ត​ការពារ​ក្តី​មិន​យកប្រាក់​
10, Oct 2020 , 1:39 pm        
រូបភាព
ការរៀបចំមហាសន្និបាតលើកទី២៤ របស់គណៈមេធាវីកម្ពុជា  នៅសណ្ឋាគារសុខាភ្នំពេញ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ (រូបពីគណៈមេធាវី)
ការរៀបចំមហាសន្និបាតលើកទី២៤ របស់គណៈមេធាវីកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ (រូបពីគណៈមេធាវី)
ក្រសួងយុត្តិធម៌ ជ្រើសរើស​បាន​មេធាវី​ជាង​១០០​នាក់ ដែល​ស្ម័គ្រចិត្ត​ចូលរួម​ការពារ​ក្តី ជូន​ប្រជាពលរដ្ឋ ដោយ​មិន​យក​ថវិកា​។ ក្រសួងយុត្តិធម៌ បាន​បញ្ជូន​បញ្ជី​ឈ្មោះ​មេធាវី​ទាំងនោះ ដោយ​ភ្ជាប់​ជាមួយ​លេខ​ទូរស័ព្ទ​របស់​ពួកគាត់ ទៅតាម​តុលាការ​រាជធានី​-​ខេត្ត​ទូទាំងប្រទេស​។​

 
​ក្នុង​លិខិត​ចុះ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ ផ្ញើជូន​ទៅគ្រប់​ប្រធាន​តុលាការ​រាជធានី​-​ខេត្ត លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ សរសេរថា ការជ្រើសរើស​មេធាវី​ស្ម័​គ​ចិត្ត​ទាំងនេះ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​មេធាវី សម្រាប់​ការពារ​ក្តី​ក្នុង​សំណុំរឿង ដែល​ច្បាប់​ត្រូវ​ឲ្យ​មាន​មេធាវី និង​ជាពិសេស​ដើម្បី​ចូលរួម​ដោះស្រាយ​ការខ្វះខាត​មេធាវី​ការពារ​ក្តី ក្នុង​យុទ្ធនា​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​តុលាការ​រាជធានី​-​ខេត្ត​។​
 
​បច្ចុប្បន្ន នៅតាម​តុលាការ​រាជធានី​-​ខេត្ត​នីមួយៗ មានកា​រិ​យាល័យ​ប្រតិភូ​គណៈមេធាវី​។ ប្រតិភូ​គណៈមេធាវី ដែលជា​យន្តការ​របស់​គណៈមេធាវី​កម្ពុជា ត្រូវ​បានដាក់​នៅតាម​តុលាការ​រាជធានី​-​ខេត្ត ដើម្បី​ជួយ​ការពារ​ក្តី​ប្រជាពលរដ្ឋ ដោយ​មិន​យក​កម្រៃ​។ លោក សួន វិសាល ប្រធាន​គណៈមេធាវី បានប្រកាស​ដាក់​ប្រតិភូ​គណៈមេធាវី តាម​តុលាការ​រាជធានី​-​ខេត្ត កាលពី​ខែតុលា ឆ្នាំ​២០១៧​។ 

លោក​មេធាវី ព្រហ្ម វិចិត្រ​អក្ខរា អគ្គលេខាធិការ​គណៈមេធាវី ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ ថា បច្ចុប្បន្ន មេធាវី ដែលជា​ប្រតិភូ​គណៈមេធាវី នៅតាម​តុលាការ​រាជធានី​-​ខេត្ត មាន​ប្រមាណ​ពី​៣០​នាក់​ទៅ​៤០​នាក់​។ យ៉ាងណា លោក អះអាងថា ពេលខ្លះ មាន​មេធាវី​ដទៃទៀត មិនមែនជា​ប្រតិភូ​គណៈមេធាវី តែ​បាន​ស្ម័គ្រចិត្ត​និង​ដាក់សំណើ​ទៅកាន់​ប្រតិភូ​គណៈមេធាវី ដើម្បី​សុំចូល​រួមការ​ពារ​ក្តី​លើ​សំណុំរឿង​ណាមួយ ដោយ​មិន​យក​កម្រៃ​។ 
 
​លោក​មេធាវី ព្រហ្ម វិ​ច្រិ​អក្ខរា ថ្លែងថា​៖«​ក្នុង​ច្បាប់ មេធាវី​ទាំងអស់​មាន​កាតព្វកិច្ច ត្រូវ​ជួយ​ជនក្រីក្រ​។ អ៊ីចឹង មេធាវី​ខ្លះ គាត់​មាន​ស្មារតី​ស្រឡាញ់​វិជ្ជាជីវៈ ហើយ​គាត់​ចូលចិត្ត​ជួយ​ចែករំលែក​ដល់​ជនក្រីក្រ គឺ​គា​ត់ទៅ​ចូលរួម​ជួយ​ទៅ តាម​ការជាក់ស្តែង​»​។ 
 
​ពេល​លោក កើត រិ​ទ្ធ ឡើងជា​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោក បានប្រកាស​ដាក់ចេញ​យុទ្ធនាការ​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​តាម​តុលាការ​។ ដូច្នេះ ប្រតិភូ​គណៈមេធាវី មិនមែន​ត្រឹមតែ​ជួយ​ការពារ​ក្តី​ដល់​ជនក្រីក្រ​នោះទេ តែ​ក៏មាន​ចំណែក​ចូលរួម​ក្នុង​យុទ្ធនា​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​តុលាការ​ដែរ​។
 
នៅ​ខែមិថុនា ឆ្នាំ​២០២០ គណៈមេធាវី​កម្ពុជា បាន​អំពាវនាវ​ដល់​មេធាវី​ជា​សមាជិក​ខ្លួន និង​មេធាវី​កំពុង​បំពេញ​កម្មសិក្សា​ទាំងអស់ ឲ្យ​ស្ម័គ្រចិត្ត​ជួយ​ការពារ​សិទ្ធិ​ជន​ត្រូវ​ចោទ​ឬ​ជនជាប់ចោទ ដែល​ច្បាប់​តម្រូវ​ឲ្យ​មាន​មេធាវី​។ ការអំពាវនាវ​របស់​គណៈមេធាវី គឺ​ដើម្បី​ចូលរួម​ជាមួយ​ក្រសួងយុត្តិធម៌ ក្នុង​យុទ្ធនា​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​តុលាការ​រាជធានី​-​ខេត្ត​។ 
 
​លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លើកឡើងថា ការជ្រើសរើស​មេធាវី​ស្ម័គ្រចិត្ត​ជាង​១០០​នាក់​នាពេលនេះ គឺជា​យន្តការ​របស់​ក្រសួងយុត្តិធម៌ ដើម្បី​បំពេញបន្ថែម​លើ​យន្តការ​របស់​គណៈមេធាវី ដែលមាន​ស្រាប់ គឺ​ប្រតិភូ​គណៈមេធាវី​នៅតាម​តុលាការ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌​ថ្មីៗ លោក បញ្ជាក់ថា​៖«​យន្តការ [​របស់​គណៈមេធាវី​] ហ្នឹង អត់​គ្រប់គ្រាន់ អត់​ឆ្លើយតប​នឹង​យុទ្ធនាការ​របស់​យើង [​ក្នុងការ​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​]​។ […] បើ​ប្រើ​យន្តការ​មាន​ស្រាប់​រាល់ថ្ងៃ គឺថា មិនអាច​ទៅ​លឿន​បានទេ​»​។​

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បន្តថា មេធាវី​ស្ម័គ្រចិត្ត​ទាំ​អស់នោះ ដែល​បានមកពី​ការជ្រើសរើស​របស់​ក្រសួងយុត្តិធម៌ មិនមាន​កា​រិ​យា​ល័​ប្រចាំការ​នៅតាម​តុលាការ ដូច​មេធាវី​ស្ម័គ្រចិត្ត ជា​ប្រតិភូ​គណៈមេធាវី​ឡើយ​។ ប៉ុន្តែ លោក ពន្យល់ថា មេធាវី​ពី​ក្រសួងយុត្តិធម៌​និង​មេធាវី​ពី​គណៈមេធាវី បំពេញការងារ​ដូចគ្នា គឺ​ជួយ​ការពារ​ក្តី​ជូន​ប្រជាពលរដ្ឋ ដោយ​មិន​យក​ម្រៃ និង​ជួយ​ចូលរួម​កាត់បន្ថយ​ការកកស្ទះ​សំណុំរឿង​តាម​តុលាការ​។  
 
​អ្នក​នាំ​ពាក្យ បរិ​យា​ថា មាន​សំណុំរឿង​ខ្លះ ដូ​ជា សំណុំរឿង​ជា​បទឧក្រិដ្ឋ និង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​អនីតិជន ជាដើម គឺ​តម្រូវ​ឲ្យ​មាន​មេធាវី ទើប​អាច​ឈានដល់​បើកសវនាកា​រ​ជំនុំជម្រះ​បាន​។ លោក និយាយថា​៖«​អ៊ីចឹង មេធាវី​របស់​យើង ជួយ​ចូលរួម​ក្នុង​ដំណើរការ​សំណុំរឿង​ទាំងអស់​ហ្នឹង ដើម្បី​កុំ​ឲ្យ​មានការ​កកស្ទះ​»​។ 

កាលពី​ខែកក្កដា ឆ្នាំ​២០២០ ក្រសួងយុត្តិធម៌ បង្ហាញ​លទ្ធផល​ការងារ​ថា មាន​សំណុំរឿង​ជាង​៣,៤​ពាន់​ករណី ដែល​ត្រូវបាន​ដោះស្រាយ​។ សំណុំរឿង​ជាង​៣,៤​ករណីនេះ គឺ​ស្មើនឹង​ប្រមាណ​២៧​ភាគរយ នៃ​សំណុំរឿង​សរុប​ជិត​៤​ម៉ឺន ដែល​កកស្ទះ​នៅតាម​តុលាការ​។ ក្រសួងយុត្តិធម៌ រំពឹងថា នៅ​ដំណាច់ឆ្នាំ​២០២០​នេះ សំណុំរឿង​ទាំងអស់ ដែល​កំពុង​កកស្ទះ​នៅតាម​តុលាការ នឹង​ត្រូវបាន​ដោះស្រាយ​ទាំងស្រុង​៕ 
 
 

 
 
 
 
 

Tag:
 មេធាវី​ស្ម័គ្រចិត្ត​
  ប្រព័ន្ធយុត្តិធម៌
© រក្សាសិទ្ធិដោយ thmeythmey.com