ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ៖ ទឹកជំនន់នៅតំបន់ជួរភ្នំដងរែក-ក្រវាញ គឺដោយសារទឹកហូរពីភ្នំមក កងកម្លាំងកំពុងតែប្រតិបត្តិការក្នុងការជួយសង្រ្គោះអ្នកដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្តបាត់ដំបង រូបភាពពីរដ្ឋបាលខេត្តបាត់ដំបង
× ភ្នំពេញ៖ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម អះអាងថា ខេត្តមួយចំនួនដែលនៅជាប់ជួរភ្នំដងរែក និងជួរភ្នំក្រវាញ នឹងបន្តរងទឹកភ្លៀង និងរងខ្យល់បោកបក់ខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃទៅមុខទៀតនេះ។ បើតាមអ្នកនាំពាក្យ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង ខេត្តពោធិ៍សាត់ គឺជាខេត្តដែលនឹងបន្តរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរជាងគេ។
លោក ចាន់ យុត្ថា ប្រាប់អ្នកសារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី១០ ខែតុលា ថា ទឹកនៅស្ទឹងមង្គលបុរីដែលស្ថិតនៅខេត្តបន្ទាយមានជ័យ គឺនៅតែបន្តកើនឡើង។ រីឯទឹកនៅតាមស្ទឹងសង្កែខេត្តបាត់ដំបងក៏នៅតែបន្តកើនឡើងខ្លាំង។ ចំណែកទឹកនៅស្ទឹងពោធិ៍សាត់ ក៏បន្តកើនឡើងខ្លាំងផងដែរ។
លោក បន្តថា តំបន់មួយចំនួនដែលនៅជាប់ស្ទឹងរបស់ខេត្តទាំង៣ នឹងមានជំនន់ទឹកភ្លៀងផងដែរ។ លោក ថ្លែងដូច្នេះថា៖«មន្ទីរ និងអាជ្ញាធរខេត្តនីមួយៗក៏កំពុងតែរៀបចំបាវខ្សាច់ទប់ទឹកនៅកន្លែងទំនាបៗ»។
អ្នកនាំពាក្យ និយាយថា ជំនន់ទឹកភ្លៀងដែលបណ្តាលឲ្យលិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅតាមបណ្តាខេត្តនេះគឺបណ្តាលមកពីជំនន់ទឹករបស់ភ្នំ ដែលហូរឆ្លាក់មក។ លោក មានប្រសាសន៍ដូច្នេះថា៖«ជាជំនន់របបភ្នំ គឺទឹកវាខ្លាំង វាបុកផ្តាច់ទំនប់ទន្លេបាសាក់។ ឥឡូវនេះយើងកំពុងតែជួសជុលទំនប់បាសាក់ឡើងវិញ។ ទឹកមួយផ្នែកនៅមង្គលបុរី ខេត្តបន្ទាយមានជ័យគឺហៀរចេញមកពីប្រទេសថៃ ដែលធ្វើឲ្យស្ទឹងមង្គលបុរីមានទឹកហូរច្រើន»។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា កងកម្លាំងសមត្ថកិច្ចជាច្រើននាក់កំពុងតែប្រតិបត្តិការជួយសង្គ្រោះប្រជាជន ដែលរងគ្រោះដោយសារទឹកជំនន់ ដោយក្នុងនោះមានប្រជាជនជាច្រើនគ្រួសារត្រូវបានជួយសង្គ្រោះទៅទីសុវត្ថិភាពបានទាន់ពេលវេលា។
លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រាប់សារព័ត៌មានថ្មីៗថា គ្រោះទឹកជំនន់នេះបានបណ្តាលឲ្យពលរដ្ឋជាង១ម៉ឺន៤ពាន់នាក់ នៅខេត្តចំនួន១០ ត្រូវរងគ្រោះដោយសារទឹកជំនន់ ដោយក្នុងនោះជម្លៀសជាង៧០០នាក់។ លោកបន្តថា ក្នុងហេតុការណ៍គ្រោះធម្មជាតិនេះ ក៏បណ្តាលឲ្យស្លាប់មនុស្សចំនួន២នាក់ ដោយម្នាក់លង់ទឹកស្លាប់ និងម្នាក់ទៀតស្លាប់ដោយសាររន្ទះបាញ់។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លើកឡើងថា គ្រោះទឹកជំនន់នេះក៏បណ្តាលឲ្យខូចខាតស្រូវជាង១ម៉ឺនហិចតា និងដំណាំរួមផ្សំចំនួនជាង៣ម៉ឺនហិចតា។ បើតាមអ្នកនាំពាក្យរូបនេះដដែល គិតត្រឹមថ្ងៃនេះ (១០តុលា) មានផ្ទះចំនួន៤៣ខ្នងត្រូវបានខូចខាតដោយសារខ្យល់កន្ត្រាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com