ប្រវត្តិ​កីឡាបាល់ទាត់​
សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ប្រវត្តិ​កីឡាបាល់ទាត់​
10, Oct 2020 , 7:39 pm        
រូបភាព
កីឡាបាល់ទាត់ ជា​កីឡា​មួយ​ដែល​មនុស្ស​ជាច្រើន​លាន​នាក់​ក្នុង​ពិភពលោក​អាច​និយាយបានថា ជា​កីឡា​ដែលមាន​ប្រជាប្រិយភាព​ច្រើនជាងគេ​។ មិន​ថា​នៅ​ប្រទេស​ណា​នោះទេ កីឡា​មួយ​នេះ​តែងតែមាន​វត្តមាន​ជានិច្ច មិនអាច​ខ្វះ​បាន​។ កីឡាបាល់ទាត់​មិន​ប្រកាន់​មនុស្ស​វ័យ​ក្នេ​ង ឬ​ចាស់​នោះទេ​។ មិន​ប្រកាន់​ថា​ស្រី ឬ​ប្រុស​នោះទេ​។ ក្នុងពេល​ជាមួយគ្នា​ដែរ មានការ​ប្រារព្ធ​ប្រកួត​បាល់ទាត់​អន្តរជាតិ​ធំៗ​ជាច្រើន​ដូចជា FIFA ជាដើម​។ សម្រាប់​កីឡា​ដែលមាន​វត្ត​មាននៅ​គ្រប់​ទីកន្លែង​មួយ​នេះ តើ​វា​មាន​ដើមកំណើត​និង​ការចាប់ផ្តើម​តាំងពី​ពេលណា​មក​? 

 
​គេហទំព័រ​បាល់ទាត់​មួយ​ដែលមាន​ឈ្មោះ footballhistory.org បាន​ពន្យល់ថា កីឡាបាល់ទាត់​សព្វថ្ងៃ ឬ​កីឡាបាល់ទាត់​បែប​ទំនើប​មាន​ដើមកំណើត​មកពី​ប្រទេស​អង់គ្លេស​ក្នុងអំឡុង​ពាក់កណ្តាល​សតវត្ស​ន៍ទី​១៩ ពោលគឺ​ពាក់កណ្តាល​ឆ្នាំ​១៨០០​។ ប៉ុន្តែ​កីឡាបាល់ទាត់​បែប​បុរាណ​ដែលមាន​លក្ខណៈ​ស្រដៀង​គ្នា​ដែរនោះ​មាន​ដើមកំណើត​រាប់ពាន់​ឆ្នាំ​មកហើយ​។ កីឡាបាល់ទាត់​ដំបូង​ដែល​អ្នកស្រាវជ្រាវ​បាន​រកឃើញ​គឺមាន​ប្រភព​មកពី​អរិយធម៌ មេ​សូ​អាមេរិក (Mesoamerica) ដែល​សព្វ​ថ្ងៃជា​ប្រទេស​នៅតាម​តំបន់​អាមេរិក​កណ្តាល តាំងពី​៣០០០​មុន​ឯណោះ​។ 
 
​ភាពស្រដៀងគ្នា​នោះ​គឺ ការប្រកួត​ទាមទារ​ឲ្យ​មាន​ក្រុម​ចំនួន​ពីរ លេង​ជាមួយនឹង​ដុំ​បាល់​ដែល​ធ្វើ​ពី​ថ្ម​។ អត្ថន័យ​គឺថា បាល់​ថ្ម​តំណាង​ឲ្យ​ព្រះអាទិត្យ ហើយ​អ្នកដឹកនាំ​ក្រុម​ដែល​ចាញ់​ការប្រកួត នឹងត្រូវ​បានសម្លាប់​ដើម្បី​ជា​សំណែន​សម្រាប់​ព្រះអាទិទេព​។ កីឡា​ស្រដៀង​គ្នា​នេះ​ក៏ត្រូវ​បាន​គេ​រកឃើញ​នៅ​ប្រទេស​ចិន​នា​អំឡុង​សតវត្ស​ន៍ទី​៣ និង​ទី​២​មុន​គ្រឹ​ស្ត​សករាជ​ដែរ ដែល​កាលពី​ពេលនោះ​វា​ត្រូវបាន​គេ​ដាក់ឈ្មោះថា Cuju ។ Cuju ទាមទារ​ឲ្យ​អ្នកលេង​ប្រើប្រាស់​តែ​ជើង​ដើម្បី​ទាត់​ទេ​។ គេ​លេង​វា​នៅក្នុង​ដី​ក្រឡា​រាង​ជា​ការេ​។ ក្រោយមក ប្រទេស​ជប៉ុន​ក៏បាន​ទទួលយក​កីឡា​មួយ​នេះ​មកជា​មួយ​ដែរ​។ 
 
​ប្រទេស​ក្រិ​ក​បុរាណ​ក៏ត្រូវ​បាន​គេ​សិក្សា​ថា មាន​វត្តមាន​កីឡាបាល់ទាត់​ដែរ​។ កាលនោះ បាល់​ត្រូវបាន​គេ​ផលិត​ពី​កំណាត់​ស្បែក រួច​សប់​ខ្យល់​ចូល​ពី​ក្នុង នៅ​អំឡុង​សតវត្ស​ន៍ទី​៧​។ ក្រោយមក អាណាចក្រ​រ៉ូ​មាំ​ង​ក៏បាន​យក​កីឡាបាល់ទាត់​ជា​មេរៀន​លំ​ហាត់ប្រាណ​សម្រាប់​ទាហាន​កងពល​របស់​ពួកគេ​។ នៅពេល​នេះហើយ​ដែល​ប្រទេស​អង់គ្លេស​ទទួលបាន​នូវ​វប្បធម៌​នៃ​កីឡា​មួយ​នេះ​។ 
 
​នៅ​សតវត្ស​ន៍​ទៅ​១២ ប្រទេស​អង់គ្លេស​បាន​អនុវត្ត​កីឡាបាល់ទាត់​នៅតាម​ផ្លូវ​ទីសាធារណៈ​ជាដើម​។ ប៉ុន្តែ​កីឡាបាល់ទាត់​ក្នុងពេលនោះ ក៏បាន​ការ​លាយឡំ​ជាមួយនឹង​ការប្រើប្រាស់​ដៃ​សម្រាប់​ទះ​ខ្លះ​ដែរ ដោយមាន​ការ​ឈរ​មើល​ពី​មនុស្ស​ជាច្រើន​នាក់​។ ប៉ុន្តែ​ដោយសារ​ការលេង​កីឡា​តែង​ភាគច្រើន​បញ្ចប់​ដោយ​អំពើហិង្សា កីឡា​មួយ​នេះ​ត្រូវបាន​គេ​ហាម​ខាត់​អស់​រយៈពេល​ជាច្រើន​សតវត្ស​ន៍​។ 
 
​នៅក្នុង​១៨៣៥ ឯ​ប្រទេស​អង់គ្លេស សាលារៀន​មួយចំនួន​បានចាប់ផ្តើម​នាំមក​នូវ​កីឡាបាល់ទាត់​មកវិញ​។ ប៉ុន្តែ​នៅមាន​បញ្ហា​មួយ​គឺ​ត្រង់​ថា គេ​មិនទាន់បាន​ចែកដាច់​រវាង​កីឡាបាល់ទាត់ ជាមួយនឹង​កីឡា​បាល់អោប (Rugby) នៅឡើយ​ទេ​។ នៅ​ឆ្នាំ ១៨៦៣ សមាគមន៍​កីឡាបាល់ទាត់​មួយ​ត្រូវបាន​គេ​បង្កើតឡើង​ក្នុងការ​ចងក្រង​ច្បាប់ និង​វិន័យ​សម្រាប់​បាល់ទាត់ ឲ្យ​ត្រូវ​ទៅតាម​ស្តង់ដា និង​ដើម្បី​ឲ្យ​មាន​ភាពខុសគ្នា​ពី​កីឡា​បាល់អោប​។ ក្នុងនោះ​វិន័យ​ដោយ​មិន​ឲ្យ​ប្រើ​ដៃ​ក៏​ត្រូវបាន​គេ​កំណត់​ផងដែរ​។ នៅពេលដែល​អង់គ្លេស​ចេញទៅ​ធ្វើ​អាណានិគម គេ​ក៏បាន​នាំ​កីឡា​នេះ​ទៅជា​មួយ​ផងដែរ​។ ក្លិប​បាល់ទាត់​អាជីព ដែលមាន​ឈ្មោះ​ជា​ផ្លូវការ​ដំបូង​គេ​គឺ Notts County មាន​ទីតាំងនៅ​ប្រទេស​អង់គ្លេស​តាំងពី​ឆ្នាំ​១៨៦២​មក​ម្លេះ​។ 
 
​ក្នុងអំឡុងពេល​ដដែល​នោះ បាល់ទាត់​ត្រូវបាន​គេ​ប្រកួត​តែ​ក្នុង​រង្វង់​សិស្ស​សាលារៀន​ប៉ុណ្ណោះ​។ តែ​នា​សម័យ​បដិវត្តន៍​ឧស្សាហកម្ម នៅពេល​ដែលមាន​មនុស្សម្នា​ជាច្រើន​បានចាប់ផ្តើម​មក​រស់​នៅតាម​ទីក្រុង​រោងចក្រ​ធំៗ កីឡា​ទាត់​បាល់​ក៏​ទទួលបាន​ប្រជាប្រិយភាព​ជាមួយនឹង​ក​ម្មករ​រោងចក្រ​ទៅវិញ​។ ប្រព័ន្ធ​ផ្លូវ​គមនាគមន៍​បាន​ទាក់ទាញ​អ្នកទស្សនា​កាន់តែ​ច្រើនឡើងៗ ពី​គ្រប់​តំបន់​។ ក្រោយ​ឆ្នាំ​១៨៨៥ បាល់ទាត់​បានក្លាយ​ជា​កីឡា​មួយ​ដែលមាន​កីឡាករ និង​ការប្រកួត​ច្បា​ល់លា​ស់​។ នៅ​ឆ្នាំ​១៨៧១ FA Cup ឬ Football Association Challenge Cup ត្រូវបាន​បង្កើតឡើង​។ ក្នុង​ឆ្នាំ ១៩០៤ FIFA (Fédération Internationale de Football Association) បានចាប់កំណើត​ឡើង​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com