មាន​ដើមទុន មាន​ទុនត្រៀម​ហានិភ័យ មាន​សមត្ថភាព មាន​បទពិសោធ​ខ្លះ តើ​ល្មម​ប្រឡូក​ក្នុង​វិស័យ​អាជីវកម្ម​ឬ​នៅ​?
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
មាន​ដើមទុន មាន​ទុនត្រៀម​ហានិភ័យ មាន​សមត្ថភាព មាន​បទពិសោធ​ខ្លះ តើ​ល្មម​ប្រឡូក​ក្នុង​វិស័យ​អាជីវកម្ម​ឬ​នៅ​?
10, Oct 2020 , 10:19 pm        
រូបភាព
លោក សំ កុសល អ្នកនិពន្ធសៀវភៅ និងជានាយកប្រតិបត្តិក្រុមហ៊ុន Business Cambodia (រូប​ផ្ដល់​ឱ្យ)
លោក សំ កុសល អ្នកនិពន្ធសៀវភៅ និងជានាយកប្រតិបត្តិក្រុមហ៊ុន Business Cambodia (រូប​ផ្ដល់​ឱ្យ)
ភ្នំពេញ​៖ មាន​ដើមទុន មាន​ទុនត្រៀម​ហានិភ័យ មាន​សមត្ថភាព និង មាន​បទពិសោធ គឺជា​ជំហាន​ដ៏​ល្អ​សម្រាប់​ការឈាន​ជើង​ចូលប្រឡូក​ក្នុង​វិស័យ​អាជីវកម្ម​។ ប៉ុន្តែ​នៅមាន​ចំណុច​សំខាន់បំផុត​មួយទៀត​គឺ «​បេះដូង​» ទើប​ធ្វើឱ្យ​អាជីវកម្ម​មួយ​មិន​បរាជ័យ​។ «​បេះដូង​» អាចឱ្យ​មនុស្ស​ម្នាក់ ដែលមាន​ដើមទុន​តិច មិនសូវមាន​សមត្ថភាព មិនមាន​បទពិសោធ ជោគជ័យ​លើ​អាជីវកម្ម​របស់ខ្លួន​។ ទាំងនេះ​ជាការ​មើលឃើញ​របស់លោក សំ កុសល អ្នកនិពន្ធ​សៀវភៅ និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Business Cambodia​។​


 
​ជាការ​ពិត ការធ្វើ​អាជីវកម្ម​មួយ ដើមទុន​ពិតជា​សំខាន់​ដែល​មិនអាច​ខ្វះ​បាន ប៉ុន្តែ «​ទុន​» មិនមែន​ត្រឹមតែ​ជា​ប្រាក់​ប៉ុណ្ណោះ​ទេ គឺ​វា​មាន​ទាំង​ជំនាញ និង​បទពិសោធ​ផ្សេងៗ​។ ទោះជា​យ៉ាងណា កត្តា​សំខាន់​ជាងគេ​បំផុត​នោះ​គឺ «​បេះដូង​» ដែល​មិនមែនជា​ប្រាក់ ក៏​មិនមែនជា​បទពិសោធ​ដែរ​។ «​បេះដូង​» នៅត្រង់​នេះ​សំដៅលើ ការចេះ​តស៊ូ អត់ធ្មត់ និង​បេះដូង​នៃ​ការចេះ​ច្នៃប្រឌិត ដែល​ទោះបីជា​គេ​មាន​ដើមទុន​តិច ក៏​គេ​អាច​ជោគជ័យ​បានដែរ​។ ទាំងនេះ​គឺជា​ការលើកឡើង​របស់​លោក សំ កុសល អ្នកនិពន្ធ​សៀវភៅ និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Business Cambodia ដែលមាន​បទពិសោធ​ច្រើន ក្នុង​វិស័យ​អាជីវកម្ម​។​
 
​សូម​ស្ដាប់​បទ​សម្ភាស​រវាង​ក​ញ្ញា ប៉ូ សា​គុន អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក សំ កុសល អ្នកនិពន្ធ​សៀវភៅ និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Business Cambodia នូវ​ខ្លឹមសារ​លំអិត​បន្ថែម​៖


 
​លោក​បន្ថែមថា នៅក្នុង​ការរកស៊ី មិន​ថា​បុគ្គល​នោះ​មានចំណេះ​ច្រើន មាន​បទពិសោធ​ច្រើន មាន​ដើមទុន​ច្រើន​ក៏ដោយចុះ ប៉ុន្តែ​គេ​អាច​នឹង​ងាយ​បោះបង់ចោល នូវ​អ្វីដែល​គេ​ខំ​សាង​ឡើយ នៅពេលដែល​អាជីវកម្ម​នោះ​ជួប​ឧបសគ្គ ឬ​ដួលរលំ​។ ផ្ទុយទៅវិញ បុគ្គល​មួយរូប​ទៀត​ដែលមាន​ទុន​តិច ប៉ុន្តែ​គេ​មាន «​បេះដូង​ជា​សហគ្រិន​» គេ​នឹង​ទទួលជោគជ័យ ដោយ​ការ​ខំ​ជំនះ​ឧបសគ្គ និង​ការលំបាក​គ្រប់បែបយ៉ាង​។ មានន័យថា បើទោះបីជា​អាជីវកម្ម​នោះ ខាត​ច្រើនលើកច្រើនសារ ក៏​គេ​នៅតែ​មិន​ចុះចាញ់​ដែរ​។​
 
​លោក សំ កុសល បញ្ជាក់បន្ថែម​៖«​បេះ​ដូច​នៅទីនេះ​មិនមែន​ត្រឹម​ជា​ក្ដី​ស្រឡាញ់​ទេ ប៉ុន្តែ​ជា​បេះ​ដូច​តស៊ូ​។ អត់​មាន​ដើមទុន​ត្រូវធ្វើ​ម៉េច​? អត់​ដើមទុន ជប់​ដើមទុន​។ អ្នកខ្លះ​គាត់​មាន​ដើមទុន​ខ្លះ​ដែរ ហើយ​នៅពេលដែល​រកស៊ី​បានតែ​៣​ខែ​ក៏​ខាត ប៉ុន្តែ​គាត់​មិន​ចុះចាញ់​ទេ នេះ​ខ្ញុំ​ហៅថា​ជា​អ្នកមាន​បេះដូង​ជា​សហគ្រិន​។ បេះដូង​ហ្នឹង​ជួយ​លើកទឹកចិត្ត​យើង​រាល់ថ្ងៃ​។ ឥឡូវនេះ​ខាត​ជិត​អស់ប្រាក់​ពី​ហោប៉ៅ​ហើយ តើ​ត្រូវធ្វើ​យ៉ាងម៉េច​? គឺ​យើង​ត្រូវ​ទៅរក​ប្រាក់​។ ទោះបី​ខាត​យ៉ាងណាក៏ដោយ អ្នក​ដែលមាន​បេះដូង​គឺ​គាត់​មិន​ស្លុត​ទេ គាត់​មិន​បារម្ភ​ច្រើន​ទេ ប៉ុន្តែ​គាត់​បែរជា​ខំ​ប្រមូល​កម្លាំងចិត្ត គាត់​ខំធ្វើការ​បន្ថែម និង​ខំ​ប្រមូល​ដើមទុន​បន្ថែម ដើម្បី​បន្ត​អាជីវកម្ម​នោះ​ទៀត​។ ជាទូទៅ​អ្នក​ដែល​ខ្វះ​បេះដូង គាត់​រកស៊ី​បានតែ​៣​ខែ ឬ​៦​ខែ​ទេ​គាត់​នឹង​បោះបង់ចោល នៅពេលដែល​គាត់​រកស៊ី​ខាត​»​។​
 
​ទោះជា​យ៉ាងណា មុន​ឈាន​ជើង​ចូលប្រឡូក​ក្នុង​វិស័យ​អាជីវកម្ម លោក សំ កុសល ក៏បាន​ណែនាំ​ទៅ​យុវជន​ផងដែរ ឱ្យ​លះបង់​ទម្លាប់​អាក្រក់​មួយចំនួន ដូចជា​ការ​ខ្ចិ​ល​ច្រអូស​ជាដើម​។ បន្ថែម​ពី​នោះ ភាពបរាជ័យ​ក៏​អាច​គំរាមកំហែង​ដល់​អាជីវកម្ម​ដែរ នៅពេលដែល​អាជីវកម្ម​នោះ ខ្វះ​គំនិត​ច្នៃប្រឌិត​ថ្មី មានន័យថា​ការចាប់យក​អាជីវកម្ម​បែប​បុរាណ​។ ទម្លាប់​នៃ​ការគិត​អវិជ្ជមាន ក៏​ត្រូវតែ​ចៀសវាង​ផងដែរ​។ សម្រាប់​លោក សំ កុសល ឱ្យនិយមន័យ​ការធ្វើ​អាជីវកម្ម គឺជា​ការរៀនសូត្រ តែ​មិនមែន​ជាការ​កើប​ប្រាក់​នោះឡើយ​។ គិតបែបនេះ លោក​ថា​វា​ធ្វើ​ឱ្យគេ​មិន​ពិបាកចិត្ត នូវ​រាល់​ការខាតបង់ ហើយ​គេ​នៅតែមាន​កម្លាំង​ដើរទៅ​មុខ​។​
 
«​ជាទូទៅ​គិត​វិជ្ជមាន មិន​ប្រាកដថា​លទ្ធផល​ចេញមក វិជ្ជមាន​នោះទេ មិន​ប្រាកដថា​យើង​ចេញ​រកស៊ី​ទៅ​វា​មិន​ខាត​នោះទេ​។ ប៉ុន្តែ​គិត​វិជ្ជមាន វា​ធ្វើឱ្យ​យើង​មាន​កម្លាំង វា​ធ្វើឱ្យ​យើង​ក្លាហាន វា​ធ្វើឱ្យ​យើង​មានឱកាស​ជោគជ័យ និង​ឱកាស​បរាជ័យ​។ ប៉ុន្តែ​អ្នក​ដែលមាន​គំនិត​អវិជ្ជមាន​ច្រើន គាត់​នៅតែ​អង្គុយ​គិត​បារម្ភ​បែបនេះ បារម្ភ​បែប​នោះ ធ្វើ​នេះ​មិនកើត​ទេ ធ្វើ​នោះ​មិនកើត​ទេ អ៊ីចឹង​វា​សុញ​បាត់ទៅហើយ​។ សម្រាប់​សហគ្រិន រាល់​កំហុស​គឺជា​ប្រាក់ចំណេញ ទោះ​គេ​ខុស​ច្រើនដង​ទៅហើយ ប៉ុន្តែ​គេ​នៅតែ​អាច​រក​ផ្លូវ​ដើម្បី​រកប្រាក់​ចំណេញ​ឃើញ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក សំ កុសល​៕
 
 
 
 

Tag:
 ជាតិ​
  អាជីវកម្ម​
 ​មុខរបរ​
  ទុន​
  ហានិភ័យ​
 ​សំ កុសល​
 
© រក្សាសិទ្ធិដោយ thmeythmey.com