ជារៀងរាល់ថ្ងៃ ប្លាស្ទិករាប់ពាន់តោន បានបំពេញតម្រូវការរបស់មនុស្សនៅគ្រប់ទីកន្លែង។ ពេលខ្លះយើងប្រើប្រាស់វាសម្រាប់គ្រឿងបរិក្ខារផ្សេងៗ ដែលអាចមានមុខងារច្រើនឆ្នាំ។ ពេលខ្លះទៀត យើងគ្រាន់តែប្រើវាសម្រាប់យួរដបទឹកមួយតែប៉ុណ្ណោះ។ ដោយសារតែភាពធន់ មិនងាយរងកំហូច ហើយមានតម្លៃធូរថ្លៃ ទើបទីផ្សារសម្រាប់រូបធាតុមួយនេះមានភាពមមាញឹកខ្លាំង។ ខ្លាំងរហូតដល់សត្វសមុទ្រជាច្រើនស្លាប់ដោយសារវា។
ទិន្នន័យមួយ ដែលបានដកស្រង់ចេញពីគេហទំព័រ onegreenplanet.org បង្ហាញថា ក្នុងមួយឆ្នាំៗ មនុស្ស ប្រើប្រាស់ប្លាស្ទិកក្នុងបរិមាណ ៣០០លានតោន។ ប្លាស្ទិកភាគច្រើនដែលអណ្តែតក្នុងសមុទ្រ ខ្លះមានទំហំតូចៗ ដែលភ្នែកមនុស្សមិនអាចមើលឃើញ។ គេហៅវាថា «មីក្រូប្លាស្ទិក»។ មីក្រូប្លាស្ទិកនេះ កើតឡើងនៅពេលដែលប្លាស្ទិកធំៗ រងការកកិតជាមួយនឹងដី ខ្យល់ និងទឹក បង្កឲ្យវាបែកទៅជាបំណែកៗតូច។ តែវាក៏នៅតែបង្កភាពគ្រោះថ្នាក់ដល់សត្វដែលរស់នៅក្នុងប្រភពទឹកជាច្រើនផងដែរ។
ទាក់ទិននឹងផលវិបាករបស់ប្លាស្ទិកដែលមនុស្សបោះចោលនេះ សាកលវិទ្យាល័យ Plymouth បានបញ្ជាក់នៅក្នុងសិក្សារបស់ខ្លួនថា សត្វក្នុងសមុទ្រជាង៧០០ប្រភេទ ទទួលរងផលប៉ះពាល់ជាច្រើនដោយសារសំណល់ប្លាស្ទិកនេះ។ ក្នុងនោះ សត្វចំនួនប្រាំប្រភេទ អាចនឹងត្រូវផុតពូជ ប្រសិនការបោះចោលប្លាស្ទិកពុំត្រូវទប់ស្កាត់ទេនោះ។
អណ្តើក៖ សត្វមួយនេះងាយច្រលំរវាងអាហារ និងប្លាស្ចិចណាស់។ ដោយសារតែការចលនា
អណ្តែតរបស់ប្លាស្ចិចក្នុងទឹក ចលនានេះមានភាពស្រដៀងគ្នាជាមួយនឹងចលនារបស់សត្វដែលជាចំណីសត្វអណ្តើកដែរ។ សារធាតុទាំងនេះមិនរលាយក្នុងក្រពះរបស់វានោះទេ ដែលក្នុងរយៈពេលមួយអាចធ្វើឲ្យវាស្លាប់បាន។
តោសមុទ្រ និងភេ៖ ពេលខ្លះ ប្លាស្ទិចធំៗ ឬវែងៗក៏អាចទាក់សត្វទាំងនោះបានដូចជាសំណាញ់ ឬមងដែរ។ ការសិក្សារយៈពេល៨ឆ្នាំមួយដែលបានធ្វើឡើងនៅតាមបណ្តោយឆ្នេររដ្ឋអាឡាស្កា និង British Columbia ទៅលើតោសមុទ្រប្រភេទ Steller បានកត់ត្រាថា តោសមុទ្រប្រភេទនេះជាង ៣៨៨ បានជំពាក់ជាមួយនឹងប្លាស្ទិចប្រៀបដូចជាសំណាញ់នេះ។ ហេតុការនេះ អាចធ្វើឲ្យវាឆ្លងជំងឺផ្សេងៗនានា ឬអាចស្លាប់បាន។
បក្សីសមុទ្រ៖ បក្សីមួយចំនួនរស់បានដោយពឹងផ្អែកលើការចាប់ត្រីជាចំណីនៅតាមផ្ទៃសមុទ្រ។ តែផ្ទៃសមុទ្រក៏ជាកន្លែងមួយដែលសម្បូរទៅដោយប្លាស្ចិចដែលអណ្តែតផងដែរ។ នៅពេលដែលពួកវាប្រមាញ់ត្រី ពួកវាមិនអាចជៀសពីវត្តមានប្លាស្ទិចបានទេ។ ៩៨ភាគរយនៃបក្សីទឹកម្យ៉ាងដែលមានឈ្មោះថា Albatross មានវត្តមានប្លាស្ទិចនៅក្នុងប្រព័ន្ធរំលាយអាហាររបស់ពួកវា។
ត្រីទូទៅ៖ ត្រីដកដង្ហើមតាមស្រកីនៅក្នុងទឹក។ នៅក្នុងទឹក បរិមាណមីក្រូប្លាស្ចិចដែលបានរៀបរាប់ខាងលើកំពុងតែមានកំណើតកើនឡើង បានន័យថាមីក្រូប្លាស្ចិចអាចជ្រៀបចូលខ្លួនត្រីដោយស្រកីវាបាន។ ត្រីជាអាហារមួយយ៉ាងសំខាន់របស់មនុស្ស។ ដូចនេះ អាហាររបស់មនុស្សក៏កំពុងតែមានភាពកខ្វក់ទៅៗដែរ។
បាឡែន និងដុលហ្វីន៖ យើងឃើញមានពត៌មានជាច្រើនបង្ហាញពីត្រីខ្មោចត្រីបាឡែន អណ្តែតនៅតាមឆ្នេរ ហើយនៅក្នុងពោះរបស់វាពោរពេញទៅដោយបរិមាណប្លាស្ចិច។ ក្រុម Cetaceans ដែលជាក្រុមថនិកសត្វក្នុងទឹកមានដូចជា បាឡែនមានមាត់ធំៗណាស់។ ពួកវាមិនអាចដឹកពីប្លាស្ចិចដែលហូរចូលនៅពេលដែលវាស៊ីចំណីទេ។ ប្រៀបដូចបីជា មនុស្សម្នាក់ហូបបបរមួយចានគោម ដែលសម្បូរទៅដោយគ្រាប់គ្រួសរឹងៗ ល្អិតៗ។ វាមិនមែនងាយស្រួលនោះទេ។ ប្លាស្ចិចទាំងនេះ អាចទៅធ្វើឲ្យក្រពះ និងពោះវៀនរបស់ពួកវារហែកបាន។ ២២ភាគរយនៃក្រុមសត្វ Cetaceans កំពុងតែរងគ្រោះក្នុងកម្រិតមួយធ្ងន់ធ្ងរ៕