របបអាហារសុខភាពល្អ គឺចាំបាច់ណាស់សម្រាប់គ្រប់គ្នា។ ប៉ុន្តែវាកាន់តែសំខាន់ថែមមួយកម្រិតទៀតចំពោះអ្នកជំងឺទឹកនោមផ្អែម។ របបអាហារល្អមួយអាចជួយគ្រប់គ្រងទម្ងន់និងជាតិស្ករបានយ៉ាងប្រសើរ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលល្អនិងអាក្រក់បំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម ៖
អាហារដែលអ្នកជំងឺទឹកនោមផ្អែមគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ
១. ទំពាំងបារាំង
មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មហៅថា glutathione ដែលដើរតួនាទីសំខាន់មួយក្នុងការបន្ថយផលប៉ះពាល់នៃជំងឺជាច្រើនរួមបញ្ចូលទាំងជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺមហារីក។
២. អាហារមានផ្ទុកសម្បូរដោយជាតិសសៃ
ជាតិសសៃ គឺសំខាន់បំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ វាជួយពន្យឺតបរិមាណនៃជាតិស្ករដែលត្រូវបញ្ចេញទៅក្នុងឈាមដែលរក្សាកម្រិតនៃជាតិស្ករក្នុងឈាមឱ្យមានស្ថេរភាព។
៣. ត្រី
ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីនគ្មានខ្លាញ់និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានប្រសិទ្ធភាពជួយកាត់បន្ថយភាពធន់នឹងអាំងស៊ុយលីនចំពោះអ្នកជំងឺទឹកនោមផ្អែម ក៏ដូចជាអ្នកកំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺនេះ។
៤. បាយអង្ករសម្រូប
ជាតិសសៃក្នុងបាយអង្ករសម្រូបជួយពន្យឺតនិងគ្រប់គ្រងការបញ្ចេញជាតិស្ករក្នុងឈាម។ ម្យ៉ាងវិញទៀតជាតិម៉ាញ៉េស្យូមខ្ពស់នៃបាយអង្ករសម្រូបក៏ជួយគ្រប់គ្រងជាតិស្ករក្នុងឈាមដោយធ្វើឱ្យភាពធន់នឹងអាំងស៊ុយលីនកាន់តែប្រសើរឡើងផងដែរ។
៥. បន្លែប្រភេទ cruciferous
រួមមានផ្កាខាត់ណាខៀវ ផ្កាខាត់ណា ស្ពៃក្ដោប និងពន្លកផ្កាស្ពៃជាដើមក្រៅពីមានផ្ទុកសមាសធាតុ sulfur ឬ glucosinolates ខ្ពស់ដែលអាចទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺមហារីក កាត់បន្ថយហានិភ័យនៃជំងឺបេះដូងហើយនោះ ក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃ វីតាមីន A វីតាមីន C និងប៉ូតាស្យូមដែលជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ គួរឱ្យកត់សម្គាល់។
៦. ផ្នែកពណ៌សនៃស៊ុត
ផ្នែកពណ៌សនៃស៊ុតជាជម្រើសនៃអាហារដ៏ប្រសើរសម្រាប់គ្រប់គ្រង ឬទប់ស្កាត់ជំងឺទឹកនោមផ្អែមប្រភេទទី ២ ដោយវាមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនគ្មានខ្លាញ់គុណភាពខ្ពស់និងកាបូអ៊ីដ្រាតទាប។
៧. តែបៃតង
តែបៃតងមានផ្ទុកសម្បូរទៅដោយសារធាតុ catechins, polysaccharides និង epigallocatechin gallete ដែលជួយបញ្ចុះ ក៏ដូចជាគ្រប់គ្រងការស្រូបយកនូវជាតិស្ករក្នុងឈាមបានយ៉ាងប្រសើរ។ ដូច្នេះហើយទើបការទទួលទានតែបៃតងជាប្រចាំអាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ បានដល់ទៅ ៤២ភាគរយ។
៨. ផ្លែប៉ោម
មានផ្ទុកជាតិស្ករទាបដែលមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរលើកម្រិតនៃជាតិស្ករក្នុងឈាម។ លើសពីនេះទៅទៀត ប៉ោមក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃ, វីតាមីន C រួមទាំងសារធាតុ polyphenols ដែលជួយពន្យឺតការរំលាយ និងស្រូបយកជាតិស្ករផងដែរ។ ដូច្នេះកម្រិតនៃជាតិស្ករក្នុងឈាមមិនអាចឡើងខ្ពស់គួរឱ្យព្រួយបារម្ភឡើយ។ កុំចិតសំបកប៉ោមចេញ គ្រាន់តែលាងឱ្យស្អាតទៅបានហើយ ក៏ព្រោះសំបកជាផ្នែកដែលមានផ្ទុកសារធាតុចិញ្ចឹម និងសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ៗច្រើនបំផុត។
៩. ផ្លែស្រកានាគ
ជាជម្រើសល្អមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដោយវាមានផ្ទុកបរិមាណនៃជាតិសសៃខ្ពស់ដែលជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ សន្ទស្សន៍គ្លីសេមិចទាប គឺជាចំណុចដ៏អស្ចារ្យមួយទៀតនៃផ្លែស្រកានាគដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែម។
១០. ក្រូច
មានផ្ទុកសម្បូរទៅដោយសារធាតុ flavanones, flavonols និងអាស៊ីត phenolic ដ៏មានឥទ្ធិពលជួយក្នុងការទប់ស្កាត់កម្រិតជាតិស្ករក្នុងឈាមមិនឱ្យឡើងខ្ពស់ខុសប្រក្រតី។ ក្រូចមិនត្រឹមតែពន្យឺតការរំលាយជាតិស្ករប៉ុណ្ណោះទេ ប៉ុន្តែក៏រារាំងការដឹកជញ្ជូនគ្លុយកូសតាមរយៈថ្លើម និងពោះវៀនផងដែរ។
១១. យ៉ាអួរ
ជាពិសេសយ៉ាអួរគ្មានផ្ទុកជាតិខ្លាញ់ និងជាតិស្ករបន្ថែម គឺជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីននិងកាបូអ៊ីដ្រាតគុណភាពខ្ពស់។ វាជួយទប់ស្កាត់ការកើនឡើងនូវកម្រិតជាតិស្ករក្នុងឈាម។ អាហារនេះក៏មានផ្ទុកជាតិកាល់ស្យូមដែលជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ផងដែរ។
១២. បន្លែបៃតង
បន្លែបៃតងជាជម្រើសនៃអាហារដ៏ល្អបំផុតមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម ឬអ្នកកំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺនេះ! នោះក៏ព្រោះតែបន្លែបៃតងមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលជួយកំណត់កម្រិតនៃជាតិស្ករដែលបញ្ចេញទៅក្នុងចរន្តឈាម។ ដូច្នេះវាមានន័យថា ការទទួលទានបន្លែបៃតងជួយទប់ស្កាត់បញ្ហាកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ខុសប្រក្រតី។
អាហារដែលអ្នកជំងឺនោមផ្អែម ឬអ្នកកំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺនេះគួរចៀសវាង
១. អាហារមានផ្ទុកសម្បូរទៅដោយកាបូអ៊ីដ្រាត
ការកាត់បន្ថយការទទួលទានអាហារសម្បូរដោយកាបូអ៊ីដ្រាតជាគន្លឹះចម្បងមួយដែលអ្នកគួរអនុវត្តដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែម។ បរិមាណនៃកាបូអ៊ីដ្រាតច្រើនពេកធ្វើឱ្យកោសិកាធន់នឹងអាំងស៊ុយលីនបង្កបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់។ ទោះជាយ៉ាងណាមិនមែនមានន័យថាអ្នកត្រូវឈប់ទទួលទានអាហារមានផ្ទុកកាបូអ៊ីដ្រាតតែម្ដងឡើយក៏ព្រោះរាងកាយនូវត្រូវការវា! អ្វីដែលសំខាន់ គឺត្រូវកាត់បន្ថយការទទួលទាន។
២. អាហារចៀនបំពង
អាហារចៀន ឬបំពងភាគច្រើន គឺមានផ្ទុកជាតិខ្លាញ់មិនល្អ។ ដូច្នេះដើម្បីជាការប្រសើរចូរជ្រើសរើសវិធីចម្អិនផ្សេងទៀតដូចជាស្ងោ អាំង ឬចំហុយជំនួសវិញ។ ប្រសិនបើអ្នកឈប់ទទួលទានអាហារចៀន ឬបំពងមិនបានចូរជ្រើសរើសប្រើប្រាស់ខ្លាញ់ល្អដូចជាប្រេងអូលីវ។
៣. ភេសជ្ជៈគ្មានជាតិស្ករ ឬផ្ទុកជាតិផ្អែមសិប្បនិម្មិត
ប្រសិនបើអ្នកគិតថាភេសជ្ជៈគ្មានជាតិស្ករដែលផ្ទុកជាតិផ្អែមសិប្បនិម្មិតមិនអាចជះឥទ្ធិពលអ្វីលើកម្រិតនៃជាតិស្ករក្នុងឈាមនោះចូរគិតម្ដងទៀត! តាមពិតទៅជាតិផ្អែមសិប្បនិម្មិតអាចបង្កើនកម្រិតនៃជាតិស្ករក្នុងឈាមគួរឱ្យកត់សម្គាល់។ នោះក៏ព្រោះតែជាតិផ្អែមសិប្បនិម្មិតជះឥទ្ធិពលលើសុខភាពពោះវៀនដែលនឹងបង្កផលប៉ះពាល់ដល់កម្រិតនៃជាតិស្ករក្នុងឈាម។
៤. បាយស
បាយសធ្វើឳ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ឆាប់រហ័សដោយសារវាមានផ្ទុកជាតិ
សសៃតិច ប៉ុន្តែជាតិកាបូអ៊ីដ្រាតដែលរាងកាយបំលែងទៅជាជាតិស្ករខ្ពស់។ដូច្នេះដើម្បីជាការប្រសើរអ្នកគួរកាត់បន្ថយបាយស ហើយព្យាយាមទទួលទានបាយអង្ករសម្រូបជំនួសវិញក៏ព្រោះវាមានផ្ទុកជាតិសសៃខ្ពស់។ ជាតិសសៃអាចជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមឳ្យមានស្ថេរភាព។
៥. ផ្លែឈើក្រៀម ឬដំណាំផ្លែឈើ
ពិតណាស់ផ្លែឈើ គឺល្អសម្រាប់សុខភាពដោយវាមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិសសៃ វីតាមីន និងជាតិរ៉ែសំខាន់ៗ។ ទោះជាយ៉ាងណាអ្នកដែលកំពុងប្រឈមមុខនឹងបញ្ហាជាតិស្ករខ្ពស់ក្នុងឈាម ព្រមទាំងអ្នកជំងឺទឹកនោមផ្អែមគួរកម្រិតបរិមាណនៃការទទួលទានផ្លែឈើ ក៏ព្រោះផ្លែឈើមួយចំនួនធំមានផ្ទុកជាតិស្ករខ្ពស់ ពិសេស គឺផ្លែឈើក្រៀម ឬដំណាំផ្លែឈើតែម្ដង។
៦. អាហារកញ្ចប់
អ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី ២ ឬអ្នកដែលមិនចង់កើតជំងឺនេះ គួរជៀសឱ្យផុតពីការទទួលទានអាហារកញ្ចប់។ អាហារប្រភេទនេះមិនត្រឹមតែធ្វើឱ្យអ្នកពិបាកក្នុងការសម្រកទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែវាមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់មិនល្អដែលអាចបង្កើនកម្រិតកូឡេស្តេរ៉ូលអាក្រក់ ហើយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលល្អក្នុងឈាមបង្កទៅជាបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភ។ លើសពីនេះទៅទៀតការទទួលទានអាហារកញ្ចប់ច្រើនក៏បង្កការរលាកផ្សេងៗក្នុងរាងកាយដែលអាចនាំឲ្យកើតមានជំងឺទឹកនោមផ្អែម៕