ពីនេះ ពីនោះ
សុខភាព
ជួយចែករំលែក! បញ្ហាធ្លាក់ទឹកចិត្ត (Depression) កម្រិតស្រាល? កុំរំលងអាហារទាំងនេះ
× ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេអាហាររបបអាហារក៏ជះឥទ្ធិពលលើអារម្មណ៍និងអាចជួយទប់ទល់អាការៈនៃជំងឺធ្លាក់ទឹកចិត្តកម្រិតស្រាលបានយ៉ាងប្រសើរដែរ។ ថាតើអាហារទាំងនោះមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលជួយព្យាបាលជំងឺធ្លាក់ទឹកចិត្តកម្រិតស្រាល ៖
១. តែបៃតង
ជាប្រភពដ៏ប្រសើរនៃសមាសធាតុ L-theanine ដែលបង្កើនកម្រិតនៃការផលិតអ័រម៉ូនរីករាយសេរ៉ូតូនីនរបស់ខួរក្បាល។ សមាសធាតុ L-theanine ក៏ធ្វើឱ្យអ្នកមានអារម្មណ៍ស្ងប់ផងដែរ។
២. រមៀត
រមៀតមិនត្រឹមតែប្រសើរសម្រាប់អ្នកដែលមានបញ្ហារលាកសន្លាក់ និងច្រាលទឹកអាស៊ីតក្រពះប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អបំផុតសម្រាប់អ្នកមានបញ្ហាជំងឺធ្លាក់ទឹកចិត្តផងដែរ។ លក្ខណៈសម្បត្តិប្រឆាំងការរលាកនៃតែរមៀតជួយរក្សាតុល្យភាពនៃអ័រម៉ូន ហើយក្នុងករណីមួយចំនួន ជំងឺធ្លាក់ទឹកចិត្តបណ្ដាលមកពីបញ្ហាអតុល្យភាពនៃអ័រម៉ូន។
៣. ផ្លែប៉ោម
មិនត្រឹមតែជួយរក្សាសុខភាពរាងកាយទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អសម្រាប់ប្រយុទ្ធប្រឆាំងជំងឺធ្លាក់ទឹកចិត្តផងដែរ។ នេះក៏ព្រោះតែផ្លែប៉ោមមានផ្ទុកសមាសធាតុ glutamic acid ដែលចាំបាច់សម្រាប់បង្កើនភាពប្រសើរឡើងនៃមុខងារកោសិកាខួរក្បាល។ ដូច្នេះដើម្បីទប់ស្កាត់អាការៈនៃជំងឺធ្លាក់ទឹកចិត្តកុំឱ្យលេចឡើង ចូរប្រាកដថាអ្នកបានទទួលទានផ្លែប៉ោម ១ ផ្លែក្នុងមួយថ្ងៃជាប្រចាំ។
៤. អាហារដែលមានផ្ទុកសម្បូរទៅដោយវីតាមីន B
ពិសេសវីតាមីន B12 ! ធ្លាប់ដឹងទេថាកង្វះវីតាមីន b12 អាចបណ្ដាលឱ្យមានបញ្ហាអារម្មណ៍មិនល្អ? នោះក៏ព្រោះតែវីតាមីន b12 មានប្រសិទ្ធិភាពគ្រប់គ្រងអារម្មណ៍ល្អប្រសើរជួយរក្សាសុខភាពផ្លូវចិត្ត។ ម្យ៉ាងវិញទៀត វីតាមីន b12 ក៏ជួយរក្សាថាមពលខួរក្បាលទប់ទល់នឹងភាពអស់កម្លាំងដោយសារបញ្ហាស្ត្រេសផងដែរ។ ហេតុនេះប្រសិនបើអ្នកចង់ចៀសផុត ឬទប់ទល់ជាមួយបញ្ហាធ្លាក់ទឹកចិត្ត (depression) និងថប់បារម្ភ ចូរព្យាយាមរួមបញ្ចូលអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន b12 ក្នុងរបបអាហារប្រចាំថ្ងៃ។
៥. អាហារមានផ្ទុកសម្បូរដោយជាតិស័ង្កសី
ភាគច្រើននៃអ្នកដែលជួបប្រទះបញ្ហាធ្លាក់ទឹកចិត្ត គឺរាងកាយមានផ្ទុកកម្រិតនៃជាតិស័ង្កសីទាបជាងធម្មតា។ នេះហើយជាមូលហេតុដែលអ្នកគួររួមបញ្ចូលអាហារសម្បូរទៅដោយជាតិស័ង្កសីក្នុងរបបអាហារប្រចាំថ្ងៃ។ ចាប់ផ្ដើមទទួលទានត្រី ឬអាហារសមុទ្រដូចជាអយស្ទ័រដែលមានផ្ទុកជាតិស័ង្កសីយ៉ាងហោចណាស់ម្ដងក្នុងមួយសប្តាហ៍៕
© រក្សាសិទ្ធិដោយ thmeythmey.com