COVID-19
អន្តរជាតិ
ជប៉ុនឲ្យម៉ុងហ្គោលីខ្ចី២៣៦លានដុល្លារដោះស្រាយបញ្ហាសេដ្ឋកិច្ចបង្កដោយកូវីដ-១៩ រដ្ឋមន្ត្រីការបរទេសជប៉ុន Toshimitsu Motegi នៅថ្ងៃទី ៩ ខែតុលា ជាមួយសមភាគីម៉ុងហ្គោលី Nyamtseren Enkhtaivan (KYODO)
× ជប៉ុន នឹងផ្ដល់កម្ចីបន្ទាន់ជាសាច់ប្រាក់រហូតដល់២៣៦លានដុល្លារទៅឲ្យរដ្ឋាភិបាលម៉ុងហ្គោលី ដើម្បីជួយសម្រួលដល់កិច្ចប្រឹងប្រែងរបស់ប្រទេសនេះក្នុងការស្ដារសេដ្ឋកិច្ច ដែលរងគ្រោះធ្ងន់ធ្ងរដោយជំងឺរាតត្បាតសកលកូវីដ-១៩។ រដ្ឋមន្ត្រីការបរទេសជប៉ុន Toshimitsu Motegi បញ្ជាក់បែបនេះនៅថ្ងៃទី ៩ ខែតុលា ក្រោយកិច្ចពិភាក្សាជាមួយសមភាគីម៉ុងហ្គោលី Nyamtseren Enkhtaivan ។
ថ្លែងក្នុងសន្និសីទព័ត៌មានតាមអនឡាញក្រោយជំនួបក្នុងទីក្រុង Ulaanbaatar នៃប្រទេសម៉ុងហ្គោលី លោក Motegi បានប្រកាសផ្ដល់កម្ចី២៣៦លានដុល្លារនេះឲ្យរដ្ឋាភិបាលម៉ុងហ្គោលី ហើយសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគីកាន់តែខ្លាំងថែមទៀត។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo លោករដ្ឋមន្ត្រីជប៉ុន បញ្ជាក់ទៀតថា ប្រទេស ម៉ុងហ្គោលីចែករំលែកគុណតម្លៃជាសកល ដូចជា នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យជាមួយប្រទេសជប៉ុន។
ជប៉ុន បានសម្លឹងឃើញប្រទេសម៉ុងហ្គោលីដែលជាប្រទេសមានទំនាក់ទំនងជិតស្និទ្ធនឹងប្រទេសកូរ៉េខាងជើង ឲ្យធ្វើជាអ្នកសម្របសម្រួលក្នុងការដោះស្រាយបញ្ហាចាប់ពង្រត់ជនជាតិជប៉ុនពីសំណាក់ប្រទេសកូរ៉េខាងជើង ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ និងឆ្នាំ១៩៨០ផងដែរ។ ទាក់ទិនរឿងនេះ លោករដ្ឋមន្ត្រី Motegi អះអាងថា ខាងរដ្ឋាភិបាលម៉ុងហ្គោលីក៏បានយល់ព្រមជួយផងដែរ។
ក្នុងជំនួបដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រី ម៉ុងហ្គោលី Ukhnaa Khurelsukh លោក Motegi លើកឡើងថា ប្រទេសទាំងពីរបានយល់ព្រមជំរុញការងារឆ្ពោះទៅរកការបើកមុនពេលកំណត់នៃព្រលានយន្តហោះអន្តរជាតិថ្មីមួយក្នុងរដ្ឋធានីម៉ុងហ្គោលីផងដែរ។ វាជាគម្រោងដែលគាំទ្រផ្នែកហិរញ្ញវត្ថុដោយជប៉ុន។ ការបើកសម្ភោធព្រលានយន្តហោះនេះ ត្រូវបានលើកពេលដោយជំងឺកូវីដ-១៩៕
Tag:
ជប៉ុន
ម៉ុងហ្គោលី
កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com