ជាតិ
អាជ្ញាធរ​ថា ព្រះ​ភក្ត្រ​ព្រះព្រហ្ម​នៅ​ភ្នំ​ខ្លា​កូន នឹង​ជួយ​ទាក់ទាញ​ទេសចរ និង​ផ្សព្វផ្សាយ​វប្បធម៌​
11, Oct 2020 , 1:58 pm        
រូបភាព
ដោយ:
​រូបសំណាក​ព្រះ​ភក្ត្រ​ព្រះព្រហ្ម ដែល​សាងសង់ឡើង​នៅ​ចង្កេះភ្នំ​ខ្លា​កូន ក្នុង​ភូម​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ស្រុក​សិរី​សោ​ភណ្ឌ ខេត្តបន្ទាយមានជ័យ មិនមាន​ការខុសឆ្គង​អ្វី​ទេ​។  ផ្ទុយទៅវិញ​សំណង់​នេះ ជា​ផ្នែក​មួយ​នៃ​ការទាក់ទាញ​ភ្ញៀវទេសចរ និង​ការផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​។  មន្ទីរ​វប្បធម៌ និង​មន្ទីរ​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ អះអាង​ប្រាប់​សារព័ត៌មាន Thmeythmey25 ដូច្នេះ​។

 
​រូបសំណាក​ព្រះ​ភក្ត្រ​ព្រះព្រហ្ម នៅ​ចង្កេះភ្នំ​ខ្លា​កូន ស្ថិតនៅក្នុង​ភូម​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ស្រុក​សិរី​សោ​ភណ្ឌ ខេត្តបន្ទាយមានជ័យ ត្រូវបាន​សង់​ឡើង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ និង​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​។ លោក ឈឿន សេរី​វុ​ឌ្ឍ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​សារព័ត៌មាន Thmeythmey25 ។​
 
តាម​លោក ឈឿន សេរី​វុ​ឌ្ឍ ព្រះ​ភក្ត្រ​ព្រះព្រហ្ម​នេះ សង់​ឡើង​ដោយមាន​ក្រុមហ៊ុន​ឯកជន​មួយ​ជា​អ្នក​សង់ ហើយ​ទើបតែ​សង់​រួចរាល់​នៅ​អំឡុង​ខែកញ្ញា​កន្លងទៅ​។  លោក ឈឿន សេរី​វុ​ឌ្ឍ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 ដូច្នេះ​ថា​៖ « រូបសំណាក់​ព្រះព្រហ្ម​នេះ ជា​ផ្នែក​ទាក់ទាញ​ទេសចរ​មួយ​ដែល ព្រោះ​នៅ​ទីនោះ​ក៏មាន​កន្លែង​ហាត់ប្រាណ​ដែរ ហើយ​ទីនោះ​ជា​ព្រៃ​ធម្មជាតិ​ខៀវស្រងាត់ មាន​រូបសំណាក់​ព្រះ​ភក្ត្រ​ព្រះព្រហ្ម កាន់តែ​ប្លែក​»​។​
 
​ចំណែក​លោក យង់ តាំង​កួយ ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តបន្ទាយមានជ័យ​វិញ បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 ថា ការសាងសង់​រូប​ព្រះ​ភក្ត្រ​ព្រះព្រហ្ម​នៅ ភ្នំ​ខ្លា​កូន​នេះ មិនមាន​ការខុសឆ្គង​អ្វី​ទេ តែ​ផ្ទុយទៅវិញ​ជាការ​ផ្សព្វផ្សាយ​វប្បធម៌​ឲ្យ​កូន​ខ្មែរ កាន់តែ​មានចិត្ត​ស្រលាញ់​វប្បធម៌ និង​ថែរក្សា​ទៅវិញ​។ រូបសំណាក់​ព្រះ​ភក្ត្រ​ព្រះព្រហ្ម ជាមួយ​ស្នាមញញឹម នេះ ក៏​ជាការ​បង្ហាញ​ពី​ព្រហ្ម​វិហារធម៌​របស់​ព្រះព្រហ្ម​ផងដែរ​។ នេះ​ជាការ​បញ្ជាក់​បន្ថែមថារ​បស់ លោក យង់ តាំង​កួយ​៕
 
 
 
 

Tag:
 ​ព្រះ​ភក្ត្រ​ព្រះព្រហ្ម​
  ភ្នំ​ខ្លា​កូន​
  បន្ទាយមានជ័យ​
 ​វប្បធម៌​
  ទេសចរណ៍​
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com