ជាតិ
សង្គមជាតិ
ទឹកជំនន់ បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ​១០​នាក់ បាត់បង់​ជីវិត
11, Oct 2020 , 11:45 am        
រូបភាព
រូបពីក្រសួងធនធានទឹក
រូបពីក្រសួងធនធានទឹក
ដោយ:
​ភ្នំពេញ​៖ គិត​ចាប់ពី​ថ្ងៃទី​១​ដល់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០​នេះ ទឹកជំនន់​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច​១០​នាក់ បាន​បាត់​បង់ជីវិត​។ នេះ​បើតាម​លោក ឃុន សុខា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នា​ថ្ងៃទី​១១ ខែតុលា​។​

 
​លោក ឃុន សុខា មិនទាន់​អាច​បញ្ជាក់​នោះទេ​ថា បាត់បង់​ជីវិត​ទាំងនោះ ស្ថិតក្នុង​ខេត្ត​ណាខ្លះ ដោយ​លោក អះអាងថា លោក កំពុងតែ​ស្រង់​ព័ត៌មាន​បន្ថែម​ជុំវិញ​ករណីនេះ​។ ប៉ុន្តែ លោក​បានទទួល​ព័ត៌មាន​ថា ខេត្តបន្ទាយមានជ័យ​មាន អ្នកស្លាប់​៣​នាក់ ដោយសារ​គ្រោះទឹកជំនន់​។ 
 
​លោក ឡៅ សំ​ពរ អនុប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់ថា អ្នកស្លាប់​ទាំង​៣​នាក់​នោះ គឺមាន​ក្មេងស្រី​អាយុ​ជាង​១០​ឆ្នាំ​ម្នាក់ ស្លាប់​ដោយសារ​លង់ទឹក និង​មនុស្ស​ចាស់​២​នាក់ ដោយ​ម្នាក់​លង់ទឹក​ស្លាប់​ព្រោះ​មាន​សតិ​មិនល្អ និង​ម្នាក់ទៀត​លង់ទឹក​ស្លាប់ ពេល​ចុះទៅ​បង់​ត្រី​។   
 
​លោក ឃុន សុខា បាន​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១១ ខែតុលា​នេះ ស្ថានភាព​ទឹកជំនន់​នៅ​ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ចាម និង​បន្ទាយមានជ័យ ចាប់ផ្តើម​ស្រក​ជា​បណ្តើរៗ​ហើយ​។ ចំណែក​នៅ​ខេត្ត​ប៉ៃលិន​នៅ​មិនទាន់​ស្រក​នៅឡើយ​ទេ​។​
 
​លោក សឿម ប៊ុន​រិ​ទ្ធិ អភិបាលរង​ខេត្តបាត់ដំបង បាន​បញ្ជាក់ថា ទឹកជំនន់​នៅ​ស្រុក​សំឡូត និង​ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង បាន​ស្រក​ខ្លះៗ​ហើយ នៅឡើយ​តែ​នៅ​ស្ទឹង​សង្កែ​ទេ ដែល​កំពុងតែ​ឡើង​ក្នុង​កម្រិត​ប្រកាសអាសន្ន​ហើយ​។  បើតាម​លោក​អភិបាលរង​ខេត្ត​រូបនេះ ទឹកភ្លៀង​រយៈ​មួយ​សប្តាហ៍​កន្លងទៅនេះ បាន​បណ្តាល​ឲ្យ​ទឹក​នៅ​ស្ទឹង​សង្កែ​ឡើង​ខ្ពស់ ដោយ​មិន​អនុញ្ញាត​ឲ្យ​យានយន្ត​ធ្វើដំណើរ​ឆ្លងកាត់​ឡើយ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ​។ 
 
​ចំណែក​ស្ថានភាព​ទឹកជំនន់​នៅ​ខេត្តបន្ទាយមានជ័យ​មិនទាន់​ជា​ធ្ងន់ធ្ងរ​នៅឡើយ​ទេ​។ នេះ​បើតាម​លោក ឡៅ សំ​ពរ អនុប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តបន្ទាយមានជ័យ ដោយ​លោក​មានប្រសាសន៍ថា ទឹកជំនន់​នៅ​ខេត្តបន្ទាយមានជ័យ​គឺ​បណ្តាលមកពី​ការរង​ឥទ្ធិពល​ទឹកជំនន់​ពី​ប្រទេស​ថៃ​មក​ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ក្រុង​១ និង​ស្រុក​១ គឺ​ក្រុង​សិរីសោភ័ណ និង​ស្រុក​អង្គរបុរី​។ 
 
​អនុប្រធាន​មន្ទីរ​ព័ត៌មាន រូបនេះ​រៀបរាប់​ដូច្នេះ​ថា​៖«​ក្រុង​ទាំងពីរ​នេះ​មិនទាន់​ជាមាន​បញ្ហា​ធ្ងន់ធ្ងរ​នៅឡើយ​ទេ​។ មានតែ​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ដងស្ទឹង​ដែល​ប៉ះពាល់ ដោយ​ផ្ទះសម្បែង ស្រែចម្ការ និង​ដំណាំ​ផ្សេងៗ គឺ​ត្រូវ​ខូចខាត​។ ពលរដ្ឋ​ខ្លះ​បាននាំគ្នា​ដក​ដំឡូង ដើម្បី​ស្រោចស្រង់​ដំណាំ​របស់​ពួកគេ​»៕ 
 
 

Tag:
 ​ទឹកជំនន់​
© រក្សាសិទ្ធិដោយ thmeythmey.com