អន្តរជាតិ
កូរ៉េខាងជើង បង្ហាញមីស៊ីលបាលីស្ទិកអន្តរទ្វីបក្នុងក្បួនព្យុហយាត្រាយោធាដ៏សម្បើម
× កូរ៉េខាងជើង បង្ហាញមីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM) ដែលពុំធ្លាប់ឃើញពីមុន ក្នុងក្បួនព្យុហយាត្រាយោធាដ៏សម្បើម នៅថ្ងៃទី ១០ ខែតុលា ហើយនេះគឺជាការសម្ញែងមីស៊ីលរយៈចម្ងាយវែងរបស់ប្រទេសនេះជាលើកដំបូងក្នុងពេល២ឆ្នាំចុងក្រោយផងដែរ។
មីស៊ីលបាលីស្ទិកអន្តរទ្វីប ត្រូវបានដឹកដោយរថយន្តកង់២២មួយគ្រឿង ហើយអ្នកជំនាញអះអាងថា វាជារថយន្តបំពាក់មីស៊ីលបាលីស្ទិកអន្តរទ្វីបធំបំផុតមួយក្នុងពិភពលោក ប្រសិនបើវាដំណើរការ។ ក្នុងក្បួនព្យុហយាត្រាយោធានេះ ក៏បានដាក់បង្ហាញមីស៊ីល Hwasong-15 ដែលជាមីស៊ីលរយៈចម្ងាយវែងបំផុតមួយ ដែលកូរ៉េខាងជើងធ្លាប់ធ្វើតេស្តសាកល្បង ហើយក៏មានឃើញមីស៊ីលបាលីស្ទិកដែលបាញ់ចេញពីនាវាមុជទឹកផងដែរ។
នៅមុនពេលក្បួនព្យុហយាត្រាយោធា ដែលរៀបចំឡើងដើម្បីសាទរខួបទី៧៥ឆ្នាំនៃការបង្កើតបក្សពលករ ដែលជាបក្សកាន់អំណាចនិងជាបក្សនយោនាយតែមួយគត់របស់កូរ៉េខាងជើង មន្ត្រីកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានលើកឡើងថា លោក គីម ជុងអ៊ុន អាចប្រើព្រឹត្តិការណ៍នេះដើម្បីបង្ហាញសព្វាវុធយុទ្ធសាស្ត្រថ្មី ដូចតាមការសន្យាកាលពីដើមឆ្នាំ២០២០នេះ។
ក្បួនព្យុហយាត្រាយោធានេះ បានសម្ងែងមីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើងជាលើកដំបូង ចាប់តាំងពីលោក គីម ចាប់ផ្ដើមជំនួបជាមួយមេដឹកនាំអន្តរជាតិ រួមទាំង ប្រធានាធីបតីអាមេរិក ដូណាល់ ត្រាំ ផង ក្នុងឆ្នាំ២០១៨។
«យើងនឹងបន្តកសាងអំណាចការពារជាតិយើង និងការបញ្ឈប់សង្គ្រាមដោយវិធីសាស្ត្រការពារខ្លួន»។ មេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន និយាយបែបនេះ តែបានប្តេជ្ញាថាអំណាចយោធាប្រទេសកូរ៉េខាងជើងនឹងមិនត្រូវប្រើដើម្បីវាយប្រហារលើគោលដៅណាមុនឡើយ។ លោកមិនបានសំដៅទៅសហរដ្ឋអាមេរិក ឬកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរដែលកំពុងជាប់គាំងឡើយ។
លោក គីម បានថ្កោលទោសទណ្ឌកម្មអន្តរជាតិ គ្រោះធម្មជាតិ និងជំងឺរាតត្បាតសកលកូវីដ-១៩ ដែលរារាំងលោកមិនអាចធ្វើតាមពាក្យសន្យាក្នុងការធ្វើឲ្យសេដ្ឋកិច្ចជាតិរីកចម្រើន។ តាមការចុះផ្សាយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA មេដឹកនាំកំពូលរូបនេះ និយាយដូច្នេះថា៖«ខ្ញុំខ្មាសអៀនដែលខ្ញុំមិនអាចតបស្នងអ្នកត្រឹមត្រូវសម្រាប់ទំនុកចិត្តយ៉ាងធំរបស់អ្នក។ កិច្ចប្រឹងប្រែងនិងការប្តេជ្ញាចិត្តខ្ញុំ ពុំទាន់គ្រប់គ្រាន់ដើម្បីជួយប្រជាជនយើងចេញពីទុក្ខលំបាក»។
ក្បួនព្យុហយាត្រាយោធានេះ ពិតជាស្រុះដៃគ្នាខ្លាំងណាស់ ដោយមានកងទ័ពប្រមាណ៣២០០០នាក់ដើរជាក្បួន ព្រមទាំងការដាក់បង្ហាញសម្ភារយោធាថ្មី រួមមាន រថគ្រោះ និងយន្តហោះចម្បាំង អមដោយការបាញ់កាំជ្រុចជាដើម។ ប្រជាជនកូរ៉េខាងជើងរាប់ម៉ឺននាក់ក៏បានចូលរួមសាទរពិធីដ៏សម្បើមនេះផងដែរ៕
Tag:
កូរ៉េខាងជើង
មីស៊ីលបាលីស្ទិក
© រក្សាសិទ្ធិដោយ thmeythmey.com