លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាអះអាងថា កីឡាតេក្វាន់ដូ ITF នឹងមិនធ្វើឲ្យកម្ពុជាខកចិត្តឡើយ បើកីឡានេះត្រូវបានដាក់ឲ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣។ ការបង្ហាញភាពជឿជាក់បែបនេះ ធ្វើឡើងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រមកម្រិត«ក»កីឡាតេក្វាន់ដូ ITF នៅពហុកីឡដ្ឋានជាតិកាលពីពេលថ្មីៗ។
មូលហេតុដែលប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា រំពឹងខ្ពស់បែបនេះ ដោយសម្អាងលើសមត្ថភាពនិងភាពរីកចម្រើនរបស់កីឡាករ ក្នុងការសាងស្នាដៃលើឆាកអន្តរជាតិជូនជាតិមាតុភូមិ។
«ខ្ញុំជឿជាក់លើកីឡាករកីឡាការិនីយើង ថាឲ្យតែស៊ីហ្គេមហ៊ានបើកដៃឲ្យយើងចូលរួមប្រកួតនឹងមិនធ្វើឲ្យក្រសួងអប់រំយុវជននិងកីឡា CAMSOC និងសម្តេចតេជោ ហ៊ុន សែន ខកចិត្តជាដាច់ខាត។ យើងស្រមៃធំ(big dream)ប៉ុន្តែ big dream មិនមែនស្រមើស្រមៃហើយចូលទៅដេកវិញទេ ត្រូវហាត់ឲ្យខ្លាំងតែម្តង»។ នេះជាការបញ្ជាក់របស់លោក កែវ រ៉េមី។
កត្តាដែលធ្វើឲ្យប្រធានសហព័ន្ធរូបនេះ មានជំនឿចិត្តបែបនេះ ដោយសារក្រុមអត្តពលិកកីឡាតេក្វាន់ដូធ្លាប់សាងស្នាដៃជាច្រើនមកហើយកាលពីពេលកន្លងទៅ ទាំងលើឆាកជាតិ និងអន្តរជាតិ។ ជាក់ស្តែងកាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៩ ក្រុមអត្តពលិកកីឡាតេក្វាន់ដូ ITF ដណ្តើមបានមេដាយចំនួន៥ រួមមានមេដាយមាស១ ប្រាក់២ និងសំរឹទ្ធ៣។
មេដាយមាសដណ្តើមបានដោយកីឡាករ ប៉ាល់ ជីវ័ន លើវិញ្ញាសាសម្តែងមេគុនខ្សែក្រវាត់ខ្មៅកម្រិត៥ដាន់ក្រោយយកឈ្នះកីឡាករព័រតូរីកូ Datiz Luis នៅវគ្គផ្តាច់ព្រ័ត្រ។ តាមរយៈមេដាយនេះជួយឲ្យសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រក្នុងរយៈពេល២៥ឆ្នាំនៃការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោក។
អ្វីដែលធ្វើឲ្យ លោក កាន់តែមានទំនុកចិត្តទៀតនោះ គឺសហព័ន្ធនេះ ធ្លាប់ធ្វើម្ចាស់ផ្ទះការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ម្តងរួចមកហើយកាលពីអំឡុងឆ្នាំ២០១៦។ សម្រាប់ការធ្វើម្ចាស់ផ្ទះលើកដំបូងនោះ ក្រុមអត្តពលិកកម្ពុជា ដណ្តើមបានមេដាយសរុបចំនួន៥២ ក្នុងនោះមាស៣១ ប្រាក់១០ និងសំរឹទ្ធ១១។ លើសពីនេះ ក្រុមអត្តពលិកលើប្រភេទកីឡានេះ ក៏ធ្លាប់ដណ្តើមបានមេដាយប្រាក់ និងសំរឹទ្ធកម្រិតពិភពលោក និងអាស៊ីជាច្រើនទៀតផងដែរ។
តាមរយៈសមិទ្ធផលទាំងនេះ ជួយឲ្យកីឡាតេក្វាន់ដូ ITF ត្រូវបានថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡា និងគណៈកម្មាធិការជាតិចាត់ចំណាត់ថ្នាក់ជាប្រភេទកីឡាសក្តានុពលក្នុងការប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
អមជាមួយសមិទ្ធផលដ៏ត្រចះត្រចង់ខាងលើ លោក កែវ រ៉េមី ដែលជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជំរុញឲ្យកីឡាករកីឡាការិនី គ្រូបង្វឹក និងមន្ត្រីទាំងអស់ក្នុងសហព័ន្ធ ខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព អភិវឌ្ឍន៍កីឡានេះ ឲ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីឈានទៅសម្រេចគោលដៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣៕