COVID-19
ជាតិ
«​បាគង​ភូមិ​ខ្ញុំ​» សហគមន៍​នៃ​សក្តានុពល​ទេសចរណ៍​ថ្មី​នៅ​សៀមរាប​
11, Oct 2020 , 9:29 pm        
រូបភាព
ដោយ:
«​សហគមន៍​បាគង​ភូមិ​ខ្ញុំ​» ជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយ​ដែល អាច​បម្រើ​ទេសចរ​បាន​គ្រប់​សេចក្ដីត្រូវការ ទាំង​ទេសចរណ៍វប្បធម៌ ទេសចរណ៍ធម្មជាតិ និង​ទេសចរណ៍​កែច្នៃ​។ ស្របតាម​គោលនយោបាយ​ទេសចរណ៍ និង​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល ចង់​ឲ្យ​មាន​ផលិតផល​ទេសចរណ៍​ថ្មី​លើដី​សៀមរាប លើសពី​តំបន់​បេតិកភណ្ឌ​ពិភពលោក ទើប​មានការ​អភិវឌ្ឍ «​សហគមន៍​បាគង​ភូមិ​ខ្ញុំ​» ឲ្យ​កាន់​តែមាន​ភាព​ទាក់ទាញ​ឡើង​។​



«​សហគមន៍​បាគង​ភូមិ​ខ្ញុំ​» បាន​បើក​ដំណើរការ​ឡើងវិញ​ក្នុងដំណាក់កាល​កូ​វីដ​-១៩ ដើម្បី​ទទួល​ទេសចរ​ក្នុងស្រុក​រយៈពេល​ប្រមាណ​ជិត​មួយខែ ហើយ​មានការ​គាំទ្រ​ជាខ្លាំង​ពី​សំណាក់​ភ្ញៀវទេសចរ ដែល​បានរួម​ចំណែក​សេដ្ឋកិច្ចជាតិ​មួយចំណែក​ផងដែរ ក្នុងដំណាក់កាល​វិបត្តិ​កូ​វីដ​-១៩​។ នេះ​បើតាម​ទំព័រ​ហ្វ​ស​ប៊ុ​ករ​បស់​ក្រសួងទេសចរណ៍​។​


 
​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាជន​ក្នុង «​សហគមន៍​បាគង​ភូមិ​ខ្ញុំ​» កាលពី​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានបង្ហាញ​ការពេញចិត្ត​យ៉ាងខ្លាំង​ក្នុងការ​ជំរុញ​ទេសចរណ៍​ក្នុង​សហគមន៍​បាគង​ភូមិ​ខ្ញុំ និង​បានលើកឡើង​ដូច្នេះ​ថា​៖ «​ដើម្បីឱ្យ​សហគមន៍​មាន​ភាព​ស្ថិតស្ថេរ​ទៅបាន ចាំបាច់​ត្រូវមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ឱ្យបាន​ច្រើន និង​ត្រូវ​បែក​ចែក​ចំណូល​ប្រកបដោយ​សមធម៌​ទៅឱ្យ​ពួកគាត់ មានន័យថា អ្នកធ្វើ​កិច្ចការងារ​ណា ត្រូវតែ​ទ​ទទួលបាន​ប្រាក់ចំណូល​ពី​ការងារ​នោះ ដោយ​អ្នកធ្វើ​តិច​បាន​តិច ធ្វើ​ច្រើន​បាន​ច្រើន​។ នៅពេលដែល​សហគមន៍​អនុវត្ត​ការបែងចែក​នេះ​ត្រឹមត្រូវ នោះ​ប្រជាពលរដ្ឋ​នឹង​ទទួលបាន​ចំណូល​សមរម្យ អាច​ដោះស្រាយ​ជីវភាព​គ្រួ​សារបាន ប្រជាពលរដ្ឋ​នឹងមិន​ចំណាកស្រុក​ទៅណា​ឡើយ ហើយ​ពួកគាត់​នឹង​នៅ​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍​ជាមួយ​សហគមន៍ ប្រកបដោយ​ភាព​រីករាយ​សុខដុមរមនា​»​។​
 


លោក_ថោង_ខុន_រដ្ឋមន្រ្តីក្រសួងទេសចរណ៍ក្នុងពិធីសំណេះសំណាលប្រជាជន

​លោក ថោង ខុន បាន​បន្តទៀតថា ភាព​រួសរាយ​រាក់ទាក់ និង​បម្រើរ​សេវាកម្ម​ទេសចរណ៍​បានល្អ គឺជា​ផ្នែក​មួយ​ដែល​ចងចិត្ត​ភ្ញៀវទេសចរ ឲ្យ​ជាប់​និង​សហគមន៍​មួយ​នេះ​។ លោក​ក៏បាន​ជំរុញ​ឲ្យ​មាន ការបណ្តុះបណ្ដាល​ប្រជាជន​ក្នុង​មូលដ្ឋាន​ពី ការទទួល​បដិសណ្ឋារកិច្ច ការបម្រើ​សេវាកម្ម​ផ្សេងៗ និង​គុណភាព​សេវាកម្ម​។ បញ្ហា​អនាម័យ និង​បរិស្ថាន ក៏ត្រូវ​គិតគូរ​ឱ្យបាន​ហ្មត់ចត់​ផងដែរ មានន័យថា ក្នុង​សហគមន៍​មិនត្រូវ​មាន​សំរាម ត្រូវមាន​បរិស្ថាន​ស្អាត ម្ហូបអាហារ និង​របស់របរ​ប្រើប្រាស់​ត្រូវមាន​អនាម័យ​ជានិច្ច​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។​
 
​លោក ថោង ខុន ក៏បាន​ស្នើ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាល​ខេត្តសៀមរាប និង​មន្ទីរ​ទេសចរណ៍​ខេត្ត គប្បី​បន្ត​ការជួយ​គាំទ្រ​ដល់​សហគមន៍​បាគង​ភូមិ​ខ្ញុំ​នេះ ដើម្បីឱ្យ​ផលិតផល​ទេសចរណ៍​ដ៏​ល្អ​នេះ​កាន់តែ​មានការ​រីកចម្រើន​ទៅមុខ និង​មានការ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ​ខ្ពស់ ពោលគឺ​ត្រូវ​ដើរ​ឱ្យស្រប នឹង​ទស្សនទាន «​ការអភិវឌ្ឍ​បម្រើឱ្យ​ការអភិរក្ស ការអភិរក្ស​បម្រើឱ្យ​ការអភិវឌ្ឍ​»៕
 
 

Tag:
 ​ផលិតផល​ទេសចរណ៍​ថ្មី​
  សហគមន៍​បាគង​
 ​ទេសចរណ៍​
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com