អន្តរជាតិ
អាជ្ញាធរ​ម៉ាឡេស៊ី ចាប់ឃុំខ្លួន​ជនជាតិ​ចិន​៦០​នាក់​និង​រឹបអូស​ទូក​នេសាទ​៦​គ្រឿង ក្រោយ​លួច​ចូល​ដែនទឹក​ខុសច្បាប់​
11, Oct 2020 , 9:59 pm        
រូបភាព
ដោយ:
អាជ្ញាធរ​លំហ​សមុទ្រ​ម៉ាឡេស៊ី នៅ​ថ្ងៃទី ១០ ខែតុលា បានបញ្ជាក់​ថា​បាន​ចាប់ឃុំខ្លួន​ជនជាតិ​ចិន​៦០​នាក់ និង​រឹបអូស​ទូក​នេសាទ​ចិន​៦​គ្រឿង ដែល​ពួកគេ​អះអាងថា ទូក​ទាំងនេះ​បាន​លួច​បើក​ចូល​ដែនទឹក​ម៉ាឡេស៊ី​ដោយ​គ្មាន​ការអនុញ្ញាត​។

 
​ទីភ្នាក់ងារ​អនុវត្ត​លំហ​សមុទ្រ​ម៉ាឡេស៊ី (MMEA) គូសបញ្ជាក់ថា ទូក​នេសាទ​ចិន​និង​មនុស្ស​លើ​នោះ ត្រូវបាន​ឃាត់ទុក​ក្នុង​ប្រតិបត្តិការ​នៅ​ឆ្នេរសមុទ្រ​ភាគខាងត្បូង​រដ្ឋ Johor កាលពី​ថ្ងៃទី​៩ ខែតុលា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ក្នុង​សេចក្តីថ្លែងការណ៍ លោក Mohd Zulfadli Nayan បាន​លើកឡើងថា ក្រោយ​ការត្រួតពិនិត្យ ទូក​នេសាទ​ទាំង​៦​គ្រឿង​នេះ បាន​ចុះឈ្មោះ​នៅក្នុង​ខេត្ត Qinhuangdao នៃ​ប្រទេស​ចិន ហើយ​មាន​មនុស្ស​លើ​នោះ​៦០​នាក់ ។ ពួកគេ​សុទ្ធតែ​ជនជាតិ​ចិន ដែលមាន​អាយុ​ចន្លោះ​ពី​៣១​ឆ្នាំ និង​៦០​ឆ្នាំ​។ 
 
​បើតាម​ទីភ្នាក់ងារ​អនុវត្ត​លំហ​សមុទ្រ​ម៉ាឡេស៊ី (MMEA) ទូក​នេសាទ​នេះ គ្មាន​ដឹកទំនិញ​អ្វី​លើ​នោះឡើយ នៅពេល​អាជ្ញាធរ​រឹបអូស ហើយ​មាន​ទិសដៅ​ឆ្ពោះទៅកាន់់​ប្រទេស​នៅ​តំបន់​អាហ្វ្រិក ម៉ូ​រីតា​នី​។ បើតាម​អាជ្ញាធរ​ម៉ាឡេស៊ី ទូក​នេសាទ​ទាំងនោះ​ទៅមុខ​លែងរួច ដោយសារ​មាន​បញ្ហា​ម៉ាស៊ីន​។ 
​កាលពីដើមឆ្នាំ​២០២០​នេះ នាវា​ស្រាវជ្រាវ​ចិន​មួយគ្រឿង បាន​ចំណាយពេល​១​ខែ​ពេញ​ប្រតិបត្តិ​ការសិក្សា​ស្រាវជ្រាវ​ក្នុង​តំបន់សេដ្ឋកិច្ចផ្ដាច់មុខ (EEZ) របស់​ម៉ាឡេស៊ី ទោះ​កំពុង​ប្រឈមមុខ​ជាមួយ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ពាក់ព័ន្ធ​នឹង​នាវា​រុករក​ប្រេង​ម៉ាឡេស៊ី​មួយគ្រឿង​នៅក្បែរ​សមុទ្រ​ជម្លោះ​។ 
 
​សូមបញ្ជាក់ថា ម៉ាឡេស៊ី បាន​រាយការណ៍​ករណី​លួច​ឆ្លង​ចូល​ដែនទឹក​ម៉ាឡេស៊ី​ពី​សំណាក់​នាវាចម្បាំង​និង​នាវា​ល្បាត​ចិន​ចំនួន​៨៩​លើក​ហើយ ចន្លោះ​ពី​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៩ ក្នុង​បរិបទ​នៃ​ភាព​តានតឹង​ដែល​កំពុង​កើនឡើង​រវាង​សហរដ្ឋអាមេរិក​និង​ចិន​ជុំវិញ​ការទាមទារ​ស្ទើរ​ទាំង​ស្រុក​របស់​ក្រុង​ប៉េកាំង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​ពោរពេញ​ដោយ​ធនធានធម្មជាតិ និង​ជា​ផ្លូវទឹក​ពាណិជ្ជកម្ម​ដ៏​សំខាន់​៕ 

Tag:
 ម៉ាឡេស៊ី​
  ចិន​
  ទូក​នេសាទ
© រក្សាសិទ្ធិដោយ thmeythmey.com