អន្តរជាតិ
អាជ្ញាធរម៉ាឡេស៊ី ចាប់ឃុំខ្លួនជនជាតិចិន៦០នាក់និងរឹបអូសទូកនេសាទ៦គ្រឿង ក្រោយលួចចូលដែនទឹកខុសច្បាប់
× អាជ្ញាធរលំហសមុទ្រម៉ាឡេស៊ី នៅថ្ងៃទី ១០ ខែតុលា បានបញ្ជាក់ថាបានចាប់ឃុំខ្លួនជនជាតិចិន៦០នាក់ និងរឹបអូសទូកនេសាទចិន៦គ្រឿង ដែលពួកគេអះអាងថា ទូកទាំងនេះបានលួចបើកចូលដែនទឹកម៉ាឡេស៊ីដោយគ្មានការអនុញ្ញាត។
ទីភ្នាក់ងារអនុវត្តលំហសមុទ្រម៉ាឡេស៊ី (MMEA) គូសបញ្ជាក់ថា ទូកនេសាទចិននិងមនុស្សលើនោះ ត្រូវបានឃាត់ទុកក្នុងប្រតិបត្តិការនៅឆ្នេរសមុទ្រភាគខាងត្បូងរដ្ឋ Johor កាលពីថ្ងៃទី៩ ខែតុលា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្នុងសេចក្តីថ្លែងការណ៍ លោក Mohd Zulfadli Nayan បានលើកឡើងថា ក្រោយការត្រួតពិនិត្យ ទូកនេសាទទាំង៦គ្រឿងនេះ បានចុះឈ្មោះនៅក្នុងខេត្ត Qinhuangdao នៃប្រទេសចិន ហើយមានមនុស្សលើនោះ៦០នាក់ ។ ពួកគេសុទ្ធតែជនជាតិចិន ដែលមានអាយុចន្លោះពី៣១ឆ្នាំ និង៦០ឆ្នាំ។
បើតាមទីភ្នាក់ងារអនុវត្តលំហសមុទ្រម៉ាឡេស៊ី (MMEA) ទូកនេសាទនេះ គ្មានដឹកទំនិញអ្វីលើនោះឡើយ នៅពេលអាជ្ញាធររឹបអូស ហើយមានទិសដៅឆ្ពោះទៅកាន់់ប្រទេសនៅតំបន់អាហ្វ្រិក ម៉ូរីតានី។ បើតាមអាជ្ញាធរម៉ាឡេស៊ី ទូកនេសាទទាំងនោះទៅមុខលែងរួច ដោយសារមានបញ្ហាម៉ាស៊ីន។
កាលពីដើមឆ្នាំ២០២០នេះ នាវាស្រាវជ្រាវចិនមួយគ្រឿង បានចំណាយពេល១ខែពេញប្រតិបត្តិការសិក្សាស្រាវជ្រាវក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ (EEZ) របស់ម៉ាឡេស៊ី ទោះកំពុងប្រឈមមុខជាមួយរដ្ឋាភិបាលម៉ាឡេស៊ីពាក់ព័ន្ធនឹងនាវារុករកប្រេងម៉ាឡេស៊ីមួយគ្រឿងនៅក្បែរសមុទ្រជម្លោះ។
សូមបញ្ជាក់ថា ម៉ាឡេស៊ី បានរាយការណ៍ករណីលួចឆ្លងចូលដែនទឹកម៉ាឡេស៊ីពីសំណាក់នាវាចម្បាំងនិងនាវាល្បាតចិនចំនួន៨៩លើកហើយ ចន្លោះពីឆ្នាំ២០១៦ និងឆ្នាំ២០១៩ ក្នុងបរិបទនៃភាពតានតឹងដែលកំពុងកើនឡើងរវាងសហរដ្ឋអាមេរិកនិងចិនជុំវិញការទាមទារស្ទើរទាំងស្រុករបស់ក្រុងប៉េកាំងក្នុងសមុទ្រចិនខាងត្បូង ដែលពោរពេញដោយធនធានធម្មជាតិ និងជាផ្លូវទឹកពាណិជ្ជកម្មដ៏សំខាន់៕
Tag:
ម៉ាឡេស៊ី
ចិន
ទូកនេសាទ
© រក្សាសិទ្ធិដោយ thmeythmey.com