ជាតិ
ក្រសួងកសិកម្ម ប្រាប់ឱ្យមន្ត្រីខ្លួនចុះណែនាំកសិករពីការធ្វើស្រែប្រាំង ដើម្បីទទួលបានទិន្នផលល្អ
× ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ដល់អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម ឱ្យយកចិត្តទុកដាក់ណែនាំកសិករពីការធ្វើស្រូវប្រាំង ដើម្បីទទួលបានទិន្នផលល្អ។
បើតាមចរាចរណែនាំរបស់ក្រសួងកសិកម្ម នៅថ្ងៃទី៩ ខែតុលានេះ បានប្រាប់ដល់អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម ត្រូវចុះណែនាំកសិករ ឱ្យយកចិត្តទុកដាក់ពិនិត្យស្រែជាប្រចាំ បិទភ្លឺរក្សាទឹកក្នុងស្រែឱ្យបានល្អ ដើម្បីចៀសវាងការខ្វះទឹកនៅចុងរដូវ ជាពិសេសត្រូវណែនាំកសិករពីបច្ចេកទេសថែទាំ បំប៉នជី ត្រៀមឧបករណ៍ សម្ភារៈ និងគ្រាប់ពូជស្រូវរយៈពេលខ្លីដែលមានគុណភាពល្អសមស្របសម្រាប់ផលិតកម្មស្រូវប្រាំង។
មន្ទីរកសិកម្ម ត្រូវវាយតម្លៃឱ្យបានច្បាស់លាស់ និងជូនដំណឹងដល់កសិករឱ្យបានទាន់ពេល អំពីស្ថានភាពទឹក តំបន់ដែលអាចដាំដុះស្រូវប្រាំង និងតំបន់ដែលមានហានិភ័យខ្ពស់ដែលអាចប្រឈមនឹងផលិតកម្មស្រូវប្រាំង ដើម្បីមានវិធានការជាមុន និងណែនាំឱ្យកសិករដាំដុះមុខដាំណាំណា ដែលត្រូវការទឹកតិចនៅតំបន់ដែលមានលក្ខណៈសមស្រប។
រីឯការដាំដុះស្រូវប្រដេញទឹកតាមមាត់បឹង និងទន្លេដែលមានប្រភពទឺកគ្រប់គ្រាន់ ត្រូវឱ្យ កសិករចាប់ផ្ដើមដាំដុះឱ្យបានលឿន ដើម្បីបង្ការកង្វះទឹកនៅចុងរដូវ។ ដោយឡែកអ្នកប្រមូលទិញស្រូវ រោងម៉ាស៊ីន អ្នកនាំចេញអង្ករ ត្រូវឱ្យពួកគេត្រៀមលក្ខណៈដូចជា ថវិកា មធ្យោបាយដឹកជញ្ជូន ឡសម្ងួត និងឃ្លាំងស្ដុកស្រូវ សម្រាប់ប្រមូលទិញស្រូវពីកសិករ ក្នុងតម្លៃសមរម្យ ឱ្យអស់លទ្ធភាពដើម្បីទប់ស្កាត់ការនាំស្រូវចេញទៅក្រៅប្រទេស។
ជាមួយគ្នានេះ ចរាចររបស់ក្រសួងកសិកម្ម ក៏បានបង្ហាញថា ស្រូវព្រោះសម្រេចបានចំនួន ២,៧១៤,២១៦ហិកតា ក្នុងនោះមានស្រូវស្រាលចំនួន ៨២៨,៧៣៣ហិកតា និងស្រូវកណ្ដាល ចំនួន ១,៣៨៥,០៦៦ ហិកតា។ ទន្ទឹមនេះ ស្រូវវស្សានៅខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ បានប៉ះពាល់ដោយគ្រោះរាំងស្ងួត ចំនួន ១៣៤,៧៧០ហិកតា និងខូតខាតលើផ្ទៃដី ចំនួន ១៣,៤៨០ហិកតា។ ប៉ុន្តែយ៉ាងណា ផលិតកម្មស្រូវវស្សាក្នុងឆ្នាំ២០២០នេះ មានភាពល្អប្រសើរ ដោយមានភ្លៀងធ្លាក់ស្ទើរគ្រប់កន្លែង ដែលបង្កលក្ខណៈល្អដល់ការលូតលាស់ដំណាំស្រូវ៕
Tag:
ស្រូវប្រាំង
កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com