អន្តរជាតិ
ប្រធានាធិបតី​ចិន ណែនាំ​មន្ត្រី​វ័យក្មេង​ពង្រឹងសមត្ថភាព​ឲ្យ​ពិតប្រាកដ​ដើម្បី​ដោះស្រាយ​បញ្ហា​ពិភពលោក​ថ្មី​ដែល​ពិបាក​ព្យាករ​
11, Oct 2020 , 7:59 pm        
រូបភាព
ដោយ:
​ប្រធានាធិបតី និង​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ចិន លោក ស៊ី ជិន​ពីង បាន​ណែនាំ​ឲ្យ​មន្ត្រី​វ័យក្មេង ដែលជា​អ្នក​បន្ត​ដឹកនាំ​ប្រទេស​ជំនាន់​ក្រោយ ពង្រឹងសមត្ថភាព​ឲ្យ​ក្លាយជា​អ្នកចេះដឹង​ពិតប្រាកដ និង​ត្រូវ​ប្រកាន់​គោលការណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ជា​ចលករ​ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេស ក្នុង​បរិការណ៍​នៃ​ការផ្លាស់ប្តូរ​ដោយ​ឥត​ឈប់​របស់​ពិភពលោក និង​បញ្ហា​ដែល​អាច​កើតឡើង​ដោយ​មិន​មានការ​ព្រាងទុក​។

 
​នា​កម្មវិធី​បណ្តុះបណ្តាល​អភិបាលកិច្ច​ជាតិ​របស់​បក្ស​កុម្មុយនីស្ត​ចិន​នៅ​ថ្ងៃ​១០ តុលា លោក​ប្រធានាធិបតី ស៊ី ជិន​ពីង បាន​លើកឡើងថា កំណត់ត្រា​ប្រវត្តិសាស្ត្រ​ល្អៗ ត្រូវបាន​បង្កើតឡើង​តាមរយៈ​ការដោះស្រាយ​បញ្ហា​ចំពោះមុខ​ដោយ​រលូន​។ នៅ​ចំពោះមុខ​ស្ថានភាព​ដ៏​លំបាក​បច្ចុប្បន្ន លោក​ប្រធានាធិបតី បាន​ទទូច​ជាបន្ទាន់​ឲ្យ​មន្ត្រី​វ័យក្មេង ពង្រឹងសមត្ថភាព​ក្នុងការ​ដោះស្រាយ​បញ្ហា ដែល​នេះ ក៏​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​មន្ត្រី​វ័យក្មេង​ទាំងនេះ មានឱកាស​លូតលាស់​ទៅមុខ​ផងដែរ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន Xinhua​។ 
 
​តាម​លោក​ប្រធានាធិបតី និង​ជា​ប្រមុខ​បក្ស​កុម្មុយនីស្ត​ផង មន្ត្រី​វ័យក្មេង​ត្រូវ​ពង្រឹងសមត្ថភាព​នយោបាយ និង​សមត្ថភាព​ដទៃ​ផ្សេងទៀត ដូចជា​ការស្រាវជ្រាវ ការវិភាគ​លើ​ការសម្រេចចិត្ត​បែប​វិទ្យាសាស្ត្រ​, កំណែទម្រង់​បែប​ទំនើប​ស៊ីជម្រៅ​, ការឆ្លើយតប​បន្ទាន់​, ការផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​ប្រជាជន និង​ការអនុវត្ត​គោលនយោបាយ​ជាដើម​។ 
 
​លោក ថ្លែងថា មន្ត្រី​ត្រូវតែ​ហ៊ាន​ប្រឈម​នឹង​បញ្ហា​, មាន​ឆន្ទៈ​ក្នុងការ​ចាត់វិធានការ និង​មិន​រួញរា​ក្នុងការ​តទល់​ជាមួយនឹង​ស្ថានភាព​លំបាក​។ លោក បាន​ក្រើនរម្លឹក​ដល់​មន្ត្រី​វ័យក្មេង​ទាំងនេះ​ផងដែរ​ថា ពិភពលោក​រាល់ថ្ងៃនេះ កំពុងតែ​មានការ​ផ្លាស់​ប្តូរ​ក្នុង​បរិការណ៍​មួយ​ថ្មី​ដែល​មិន​ធ្លាប់​ឃើញ​ជាមួយនឹង​អស្ថិរភាព និង​ភាពមិនច្បាស់លាស់​។ 
​ស្របពេល​ដែល​ចិន ក្លាយជា​សណ្តាប់ធ្នាប់​ថ្មី​របស់​ពិភពលោក ហើយ​ក៏មាន​គូប្រជែង​ច្រើន​ក្នុង​ឆាក​អន្តរជាតិ​ផង​នោះ លោក​ប្រធានាធិបតី ស៊ី ជិន​ពីង បានស្នើ​ឲ្យ​មន្ត្រី​វ័យក្មេង​ធានា​ឲ្យ​បាន​សមត្ថភាព​ពិតប្រាកដ​, បង្ហាញ​ភាព​នាំមុខ​ក្នុងការ​ចាត់វិធានការ​ដោះស្រាយ​បញ្ហា និង​ពិសេស​នោះ​បង្ហាញ​នូវ​មុខមាត់​ថ្មី​ក្នុងការ​ដោះស្រាយ​បញ្ហាលំបាក ដូចជា​បញ្ហា​ដែល​កំពុងតែ​រង​ការគំរាមកំហែង​ពី​វីរុស Covid-19 ជាដើម​។ 
 
​អ្វីដែល​ប្រមុខ​ដឹកនាំ​កំពូល​ចិន​រូបនេះ ចង់ឃើញ​ពី​អ្នក​បន្តវេន​ជំនាន់​ក្រោយ​ផងដែរ​នោះ គឺជា​ការ​ប្រកៀក​ស្មា​គ្នា​ក្នុងការ​ទទួលខុសត្រូវ និង​មានការ​តាំងចិត្ត​មុតមាំ​ក្នុង​អនុវត្ត​គោលការណ៍​សង្គមនិយម​របស់​ចិន​ក្នុង​សករាជ​ថ្មី ដែលជា​សករាជ​មួយ បង្ហាញថា ចិន​អាចធ្វើ​អ្វី​បាន​គ្រប់បែបយ៉ាង​៕ 
 
 

Tag:
 ចិន​
  អ្នក​បន្តវេន
© រក្សាសិទ្ធិដោយ thmeythmey.com