ជាតិ
តើ​ទេសចរ​ខ្មែរ គួរ​ជួល​មគ្គទេសក៍​ទេសចរ​ពេល​ទៅ​ទស្សនា​ប្រាសាទបុរាណ​?
11, Oct 2020 , 4:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ទេសចរ​អន្តរជាតិ តែងតែ​ដើរ​មានមគ្គ​ទេស​ក៏​ទេសចរ និង​ស្ដាប់​ការ​ពិពណ៌នា​ពី​ប្រវត្តិសាស្ត្រ វប្បធម៌​នៅតាម​ផ្ទាំងសិលា​ប្រាសាទ ខណៈ​ប្រជាជន​ខ្មែរ​ដើរ​មើល​ប្រាសាទ​ដោយ​ខ្លួនឯង និង​មិន​ត្រូវការ​មគ្គទេសក៍​ទេសចរ​សម្រាប់​រៀបរាប់​ប្រាប់​នោះទេ​។ ចំពោះ​អ្នក​មគ្គ​ទេស​ក៏​ទេសចរ វិញ​យល់ថា ការមិន​ជួល​មគ្គទេសក៍​ទេសចរ​ពេល​ទៅ​ប្រាសាទបុរាណ អាចធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​ខ្វះចន្លោះ​នៃ​ការយល់ដឹង​ពី​វប្បធម៌​ខ្មែរ​។​



កញ្ញា ខុន ដាណែត អ្នកទេសចរ

​មាន​ទេសចរ​តិច​ណាស់​ដែល​ចាប់អារម្មណ៍ ការជួល​មគ្គ​ទេស​ក៏​ទេសចរ​សម្រាប់ រៀបរាប់​ពី​វប្បធម៌ ប្រ​វ​តិ្ត​សាស្ត្រ តាម​ប្រាង្គ​ប្រាសាទ​នានា នៅក្នុង​ប្រទេស​កម្ពុជា​។ ដោយឡែក​កញ្ញា ខុន ដា​ណែ​ត ជាមួយ​មិត្តភក្តិ​៣​នាក់​ទៀត បាន​ទៅ​ប្រាសាទអង្គរវត្ត កាលពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០ បាន​ប្រាប់​សារព័ត៌មាន ThmeyThmey២៥ ថា​ដំបូង​ឡើយ​កញ្ញា មិនបាន​ចាប់អារម្មណ៍​ក្នុង​ការជួល​មគ្គទេសក៍​ទេសចរ​ដូច​អ្នកផ្សេង​ផងដែរ​។ បន្ទាប់ពី​បាន​ស្ដាប់​ការរៀបរាប់​ពី​ការលំបាក​របស់​មគ្គ​ទេស​ក៏​ទេសចរ ពេល​មិនមាន​ទេសចរ​អន្តរជាតិ ធ្វើ​ឲ្យ​រូបគាត់​បាត់បង់​ចំណូល ដូច្នេះ​ទើប​កញ្ញា​សម្រេចចិត្ត​ជួល មគ្គ​ទេស​ក៏​ទេសចរ​។ កញ្ញា​បាន​ជួល​មគ្គទេសក៍​ទេសចរ តែ​ក្នុង​ប្រាសាទអង្គរវត្ត ដោយ​ចំណាយ​ត្រឹម ៤​ម៉ឺន​រៀល​តែប៉ុណ្ណោះ ហើយ​មាន​រយៈពេល​ប្រហែលជា​ជិត​២ ម៉ោង​។ 
 
​កញ្ញា​បាន​រៀបរាប់​ពី​ចំណាប់អារម្មណ៍​របស់ខ្លួន​ក្រោយ​ស្ដាប់​ការរៀបរាប់​របស់ មគ្គទេសក៍​ទេសចរ​ជា​លើកដំបូង​ទោះបី​ធ្លាប់​ទៅ​ប្រាសាទអង្គរវត្ត​ច្រើនដង​ហើយ​ក្ដី ដូច្នេះ​ថា​៖ « បើ​ប្រវត្តិសាស្ត្រ​ខ្ញុំ​មិនសូវ​ភ្ញាក់ផ្អើល​ទេ ព្រោះ​ធ្លា​ប់រៀន​បាន​ខ្លះ​។​តែ​អ្វីដែល​ភ្ញាក់ផ្អើល​គឺ វប្បធម៌​ពី​ដើមកំណើត​នៃ​ប្រាសាទ ហេតុអ្វី​បាន​គេ​ឆ្លាក់​រូប​ផ្សេងៗ​នៅ​ប្រាសាទ តាំងពី​ច្រកចូល រហូតដល់​ក្នុង​ប្រាសាទ រូបចម្លាក់​សុទ្ធ​តែមាន​លក្ខណៈពិសេស​ផ្សេងៗ ទាក់ទង​ជាមួយ​ព្រហ្មញ្ញសាសនា ។ ពេល​ស្ដាប់​មគ្គ​ក៍​ទេសចរ​និយាយ​ទៅ​ប្រៀប​ដូច​យើង​នៅក្នុង​សម័យកាល​នោះ​»​។ ការជួល​មគ្គ​ទេស​ក៏​ទេសចរ មិន​ថ្លៃ​នោះទេ បើ​ប្រៀប​ទៅនឹង​ចំណេះដឹង​ភ្ញាក់ផ្អើល​ដែល​យើង​ទទួលបាន​មកវិញ​។ នេះ​ជាការ​បន្ថែម​របស់​កញ្ញា ដា​ណែ​ត​។​
  

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ សារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ច​ថ្មីៗ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: ក៏បាន​លើកឡើងថា ប្រសិនជា ប្រជាជន​ខ្មែរ​មិន​ចាប់អារម្មណ៍ ចំពោះ​ចម្លាក់​តូចៗ​នៅលើ​ផ្ទាំង​ប្រាសាទ នោះ​ប្រជាជន​មិនមាន​មោទកភាព​ចំពោះ​ជាតិ​នោះទេ​។ 
 
​លោកស្រី ស​កុ​ណា បានបញ្ជាក់​ដូច្នេះ​ថា​៖ «​បើ​មិនដឹងថា​អ្វីដែល​ដូនតា​បន្សល់ទុក​ឲ្យ  គឺជា​ទេពកោសល្យ ជា​បញ្ញា នោះ​អ្នក​មិនអាច​ឲ្យ​តម្លៃ​បានទេ ហើយ​បើ​ឲ្យ​តម្លៃ​មិនបាន ធ្វើ​ដូចម្ដេច (​អ្នក​)​នឹង​ស្រលាញ់​ថែរក្សា​បាន​។ ឧទាហរណ៍ ដូចជា​អង្គរវត្ត គេ​មក​មើល​រាប់លាន​អ្នក ទិញ​សំបុត្រ​ពី​ណា​ពី​ណី​មក គ្រាន់តែ​ឃើញ គេ​មានការ​ស្ញប់ស្ញែង សរសើរ​បាត់​ហើយ​។ បើ​យើង​ជា​ខ្មែរ ហើយ​យើង​អត់​ដឹង​ក្បាច់រចនា​ល្អិតៗ​របស់​ប្រាសាទ​មាន​ត​ម្លែ​ប៉ុណ្ណា ហើយ​ចម្លាក់​លើ​ថ្ម គ្រាន់​ជា​ថ្ម នោះ​គាត់​មិនមាន​មោទកភាព​ជាតិ​នោះទេ​»​។​
 
​ជាមួយគ្នានេះ លោក ទៀ គី​ឡេង ជាម​គ្គុ​ក៏​ទេសចរ ដែល​បម្រើរ​ការ​ជា​អ្នក​នាំ​ភ្ញៀវទេសចរ នៅតាម​ប្រាសាទ​ក្នុង​ខេត្តសៀមរាប អស់​រយៈពេល​១៤​ឆ្នាំ​មកហើយ អះអាងថា លោក​មិនដែល​ទទួលបាន​ភ្ញៀ​ទេសចរ​ជា​ជនជាតិខ្មែរ​នោះ​ពីមុនមក​ទេ​។​ផ្ទុយទៅវិញ ពេល​ថ្មីៗ​នេះ លោក​ទទួលបាន​ភ្ញៀវទេសចរ​ជា​ក្រុមៗ ដែលមាន​ប្រមាណ ១០០​នាក់​។ 
 
«​កន្លងមក ពួក​ខ្ញុំ​មិនដែល​ទទួលបាន​ភ្ញៀវ​ជនជាតិខ្មែរ​ទេ​។ តែ​ចាប់ពី​ខែមិថុនា ឆ្នាំ​២០២០​មក មាន​ទេសចរ​ជនជាតិខ្មែរ ប្រហែល​៣ ទៅ​៤​ក្រុម បើ​គិត​ទៅ​មិន​ដល់​១០០​នាក់​ផង ហើយ​ភ្ញៀវ​ដែល​មក​គឺ​ភាគច្រើន​ជា​អង្គការ ក្រុមហ៊ុន និង​អ្នក​ខ្លះមក​តាម​ក្រុមហ៊ុន​ទេសចរណ៍​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក គី​ឡេង ដោយ​បន្ថែមថា ទេសចរ​ក្នុងស្រុក មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ពី​វប្បធម៌​ខ្មែរ បន្ទាប់ពី ទេសចរ​ខ្មែរ បាន​ជួ​លម​គ្គុ​ក៏​ទេសចរ ដើម្បី​នាំ​ដើរ​តាម​ប្រាសាទ​នានា​។​
 


លោក ទៀ គីឡេង មគ្គុក៏ទេសចរណ៍ នៅខេត្តសៀមរាប

​លោក គី​ឡេង បាន​រៀបរាប់ថា ៖ «​ភ្ញៀវ​ជាតិ ថា កាលពីមុន​មកលេង​ប្រាសាទ​មើល​តែ​ដុំថ្ម តែ​ឥឡូវនេះ​មិនមែន​មើល​តែ​ដុំថ្ម​ដូច​មុនៗ​ទេ គឺ​ដុំថ្ម​ចេះ​និយាយ ដោយ​មានរឿង​ជាច្រើន​ដែល​គាត់​មិនបាន​ដឹង  បន្ទាប់ពី​មានមគ្គ​ទេស​ក៏​ពណ៌នា គាត់​មានការ​យល់ដឹង​ច្រើន ពី​វប្បធម៌ អារ្យធម៌ »​។​
  

កញ្ញា រិទ្ធ ដានី អ្នកទេសចរណ៍

​រីឯ កញ្ញា រិ​ទ្ធ ដា​នី ជា​អ្នកទេសចរ​មួយរូប ដែល​ចូលចិត្ត​ទៅលេង​តាម​ប្រាសាទបុរាណ បាន​ប្រាប់​ពី​មូលហេតុ ដែល​កញ្ញា​ដែលមិន​បាន​ជួល​មគ្គ​ទេស​ក៏​ទេសចរ​ពេល​ទៅ​អង្គរវត្ត ថា កញ្ញា​ធ្លាប់បាន​អាន​ប្រវត្តិសាស្ត្រ​ច្រើន​ដែរ ម្យ៉ាងទៀត​កញ្ញា​មិនមែន​ទៅ​តែម្នាក់ឯង ហើយ​មាន​ពេលវេលា​មិន​ច្រើន​សម្រាប់​ដើរ​កម្សាន្ត និង​ស្រាវជ្រាវ​បន្ថែម​ឲ្យ​បាន​ស៊ីជម្រៅ​។ 
 
​កញ្ញា ដា​នី លើកឡើង​ដូច្នេះ​ថា​៖ «​ព្រោះ​ធម្មតា​គ្រាន់តែ​ទៅលេង ទៅ​ថតរូប ហើយ​មួយទៀត​ខ្ញុំ​ធ្លាប់ បាន​អាន​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ច្រើន​ដែរ​មកហើយ​។ អ៊ីចឹង (​ខ្ញុំ​) អាច​ដឹង​ប្រវត្តិសាស្ត្រ​បាន​ខ្លះៗ​ដែរ ម្យ៉ាងវិញទៀត​ខ្ញុំ​ដើរ​តាម​ទេសចរ​អន្តរជាតិ​ដែល​ជួល​មគ្គទេសក៍​អង់គ្លេស ដូច្នេះ​អាច​ស្ដាប់​ពួកគាត់​បាន​ខ្លះៗ​ដែរ​។​»​។​
 
​មានបទពិសោធន៍​នាំ​ភ្ញៀវទេសចរ​អស់​រយៈពេល​១៤​ឆ្នាំ លោក គី​ឡេង បាន​បន្តទៀតថា ការយល់ឃើញ​របស់​ប្រជាជន​ខ្មែរ ដែល​មិន​ជួល​មគ្គទេសក៍​ទេសចរ ពេល​ទៅលេង​ប្រាសាទ ព្រោះ​យល់ថា​ខ្លួន​បាន​សិក្សារ​ប្រវត្តិសាស្ត្រ​រួចមកហើយ មិនមែនជា​ការខុសឆ្គង​នោះទេ​។ បន្ថែម​ពីនេះ ការជួល​មគ្គ​ទេស​ក៏​ទេសចរ គឺ​ទេសចរ​ជាតិ អាច​យល់ដឹង​កាន់តែច្បាស់ ដោយសារ​មានការ​រៀបរាប់​ពណ៌នា បូករួម​ជាមួយ​រូបចម្លាក់​លើ​ផ្ទាំង​ប្រាសាទ​ផ្ទាល់ វា​ប្រៀបដូចជា​ចុះ​កម្មសិក្សារ​។​
 
​មគ្គ​ទេស​ក៏​ទេសចរ​រូបនេះ បានបង្ហាញ​ការយល់ឃើញ​ដូច្នេះ​ថា​៖ «​ជាធម្មតា ការជួល​មគ្គ​ទេស​ក៏​ទេសចរ គឺ​ត្រូវ​ចំណាយលុយ ទោះបីជា មគ្គ​ទេស​ក៏​ទេសចរ​ស្ថិតក្រោម ក្រម​ខ័​ណ្ឌ​ក្រសួងទេសចរណ៍​។ អ្នក​មគ្គ​ទេស​ក៏​ទេសចរ មិនមាន​ប្រាក់ខែ​ពី​រដ្ឋាភិបាល​នោះទេ​»​។ លោក​បន្ថែមថា ការជួល​ម​គ្គុ​ក៏​ទេសចរ​ដើ​តាម​មួយថ្ងៃ មិន​ថ្លៃ​ទេ​ដោយ​ទេសចរ​ចំណាយ​ថវិការ​ចន្លោះ​ពី​១០​ម៉ឺន ទៅ​១២​ម៉ឺន​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​៕ 

Tag:
 ​មគ្គទេសក៍​ទេសចរណ៍​
  ប្រាសាទបុរាណ​
  ទេសចរណ៍​
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com